ប្រធានាធិបតី មូ​ហ្កា​បេ របស់​ស៊ីម​បា​វ៉េ លាឈប់​ពីមុខ​តំណែង​ខណៈ​សភាចា​ប់​ផ្តើម​កាត់ទោស​លោក​

482

​ប្រធានាធិបតី មូ​ហ្កា​បេ​របស់​ស៊ីម​បា​វ៉េ បាន​លាឈប់​ពី​តំណែង នេះ​បើតាម​ការប្រកាស​របស់​ប្រធានសភា​លោក​ចា​កូប មូ​ដេ​ន​ដា​។​

​លិខិត​មួយ​មកពី​លោ​កមូ​ហ្កា​បេ បាន​និយាយថា វា​ជាការ​សំរេចចិត្ត​ដោយ​ស្ម័គ្រចិត្ត និង​ថា​លោក​បានសំរេច​ចិត្ត​ធ្វើ​ដូច្នេះ​ក្រោយ​មាន​​ការផ្ទេរអំណាច​ដោយរ​លូន​មួយ​។​

​ការប្រកាស​គួរអោយភ្ញាក់ផ្អើល​នេះ​បាន​បញ្ឈប់​សវនាការ​ចោទ​ទោស​ទម្លាក់​តំណែង​លោក​មូ​ហ្កា​បេ​ដែល​បានចាប់ផ្តើម​ធ្វើ​ប្រឆាំង​រូប​​លោក​ដោយសារតែ​លោក​បដិសេធ​មិន​ព្រម​ចុះ​ចេញពី​តំណែង​កាលពី​ដំបូង​។​

​បន្ទាប់ពី​ឮដំណឹង​នេះ ពួក​សមាជិកសភា​បាន​ស្រែក​ហ៊ោ​អបអរ​និង​ប្រជាជន​បាននាំគ្នា​ចេញមក​អបអរ​នៅតាម​ដងផ្លូវ​។​

​សូមបញ្ជាក់ថា​លោក​មូ​ហ្កា​បេ កាលពី​ដំបូង​បាន​បដិសេធ​មិន​ព្រម​លាឈប់ ក្រោយ​យោធា​ចូលកាន់​កាប់​អំណាច​កាលពី​សប្តាហ៍​មុន​និង​​ក្រោយ​មានការ​តវ៉ា​ទាមទារ​អោយ​លោក​ចុះចេញ​អស់​ពេល​ប៉ុន្មាន​ថ្ងៃ​មក​។​

​លិខិត​មិនបាន​បញ្ជាក់ថា​នរណា​នឹង​ទទួល​ដឹកនាំ​ប្រទេស​ពី​លោក​ទេ តែ​រដ្ឋធម្មនុញ្ញ​និយាយថា វា​គួរតែ​ជា​អនុ​ប្រធានាធិបតី​ប​ច្ចុ​ប​ប្បន្ន​​លោក​ផេ​លេ​លេ​ហ្សេ​ឡា អឹម​ផូ​កូ ដែលជា​អ្នកគាំទ្រ​ម្នាក់​របស់លោក​ស្រី ហ្ក្រេ​ស មូ​ហ្កា​បេ ភរិយា​របស់​មូ​ហ្កា​បេ​។​

​លោក​មូ​ដេ​ន​ដា បាន​និយាយថា ដំណើរការ​ចាត់ចែង​កំពុង​ប្រព្រឹត្តទៅ​ដើម្បី​ធានាបាន​មេដឹកនាំ​ថ្មី​ម្នាក់​។​

​រ៉ូបឺត មូ​ហ្កា​បេ បាន​កាន់អំណាច​ចាប់តាំងពី​ប្រទេស​ទទួលបាន​ឯករាជ្យភាព​នៅ​ឆ្នាំ​១៩៨០​។​លោក​បានឈ្នះ​ការបោះឆ្នោត​ជា​បន្តបន្ទាប់​តែ​​ក្នុង​រយៈពេល​១៥​ឆ្នាំ​មកនេះ ត្រូវ​រំខាន​ដោយ​អំពើហិង្សា​ប្រឆាំង​គូប្រជែង​នយោបាយ​។​

​លោក​ដឹកនាំ​ប្រទេស​ជាមួយនឹង​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ផុង​ជ្រៅ​ឡើង ខណៈ​ប្រជាជន​១៥%​ក្រ​ជាង​កាលពី​ទសវត្សរ៍​១៩៨០​។​

​អ្វីដែល​បង្កអោយមាន​ចលនា​ទម្លាក់​រូបលោក​គឺ​មកពី​លោក​បណ្តេញ​អនុ​ប្រ​ធានា​ធិ​តី​ម្នាក់​កាលពី​កន្លះ​ខែ​មុន​។​ចំណាត់ការ​នោះ​ត្រូវបាន​​គេ​មើលឃើញថា​ជាការ​បើកផ្លូវ​សំរាប់​លោកស្រី​ហ្ក្រេ​ស មូ​ហ្កា​បេ ឡើង​ស្នង​តំណែង​ពី​លោក​។​វា​ធ្វើអោយ​ក្រុម​យោធា​ខឹង​និង​បាន​ចូល​អន្តរា​​គម​ន៍​ដោយ​ចាប់​មូ​ហ្កា​បេ​និង​ភរិយា​បង្ខាំង​ទុក​ក្នុងផ្ទះ​ហើយ​ចរចា​អោយ​លោក​ចុះ​ចេញពី​តំណែង បើ​មិន​ព្រម លោក​នឹងត្រូវ​នាំទៅ​កាត់​​ទោស​ក្នុង​សភា តែ​ទោះជា​យ៉ាងណា លោ​កមូ​ហ្កា​បេ បាន​ស្ម័គ្រចិត្ត​លាឈប់​ខណៈ​សភា​កំពុង​ចាប់ផ្តើម​សវនាការ​កាត់ទោស​លោក​៕​ដោយ​៖​វាសនា​