ប្រធាន​កាសែត​ម្នាក់ និង​អ្នកនយោបាយ​២​នាក់ ត្រូវបាន​ចោទប្រកាន់​ពី​បទ​រៀបចំ​ធ្វើ​ការតវ៉ា​នៅ​ក្រុង​ហុងកុង​

143
ចែករម្លែក

​លោក ជី​មមី ឡាយ បណ្ណាធិការ​កាសែត ដែល​និយាយ​រិះគន់​ខ្លាំងៗ​នៅ​ទីក្រុង​ហុងកុង​និង​អ្នក​នយោបាយ​ប្រឆាំង​លេចធ្លោ​២​នាក់​ត្រូវបាន​ចោទប្រកាន់​កាល​​ពី​ថ្ងៃ​សុក្រ​ពីបទ​ប្រមូលផ្តុំ​តវ៉ា​ដោយ​ខុសច្បាប់​ជុំវិញ​ការហែក្បួន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កាលពី​ឆ្នាំមុន​នៅពេលដែល រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​​ប៉េកាំង​នៃ​ទឹកដី​ហុងកុង​នេះ ទំនង​ជា​ធ្វើ​ចំណាត់ការ​សង​សឹង​ទៅលើ​ការរៀបចំ​ការតវ៉ា​ទាំងនោះ​។​

​ការ​ធ្វើ​បាតុកម្ម​ជាច្រើន​ខែ​ដែល​អំពាវនាវ​ឱ្យ​មាន​ការ​កែទម្រង់​នៅ​ក្រុង​ហុងកុង​នេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​ទឹកដី​នេះ​ហើយ​នាំ​ឱ្យ​ក្រុម​​មេដឹកនាំ​និង​កងកម្លាំង​ប៉ូលិស​របស់​ខ្លួន​ស្ថិត​ក្រោម​សម្ពាធ​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​។​

​លោក​ជី​ម​មី ឡាយ ត្រូវបាន​ចាប់ខ្លួន​ដោយ​មន្ត្រី​ប៉ូលិស​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៨​កុម្ភៈ ខណៈពេលដែល​លោកយឹង ស៊ុម អតីត​សមាជិកសភា​គាំទ្រ​ប្រជាធិបតេយ្យ​​និង​លោក​លី ជឿ​ក​យ៉ាន​អតីត​សមាជិក​សភា​និង​ជា​អនុប្រធាន​គណបក្ស​ពលករ​ក៏​ត្រូវបាន​ចាប់ខ្លួន​ផង​ដែរ​។​

​លោក ជី​មមី ឡាយ បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ” វា​ជា​ការពិត ស្ថានភាព​នៅ​ក្រុង​ហុងកុង គឺ​កំពុង​តានតឹង​ខ្លាំង​ឡើង ប៉ុន្តែ​យើង​ត្រូវ​បន្ត​ទៅមុខ “​។

​អ្នក​ទាំង​៣​នាក់​នេះ បាន​ចាកចេញ​ពី​ប៉ុស្តិ៍​ប៉ូលិស បន្ទាប់ពី​ត្រូវ​បាន​ចោទប្រកាន់​ហើយ​នឹង​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃទី ៥ ខែ​ឧសភា​។ ពួកគេ​អាច​ប្រឈម​នឹង​​ការ​ជាប់គុក​រយៈពេល​៥ ឆ្នាំ ដោយ​រួម​ជាមួយនឹង​ការពិន័យ​ជា​ប្រាក់​ផង​ដែរ​។​

​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ហុងកុង​ម្នាក់​បាន​និយាយថា​ពួកគេ​ទាំង​៣ នាក់​នេះ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ធ្វើ​ការជួបជុំ​ខុស​ច្បាប់​ដោយ​ទាក់ទង​នឹង​ការហែក្បួន ការ​​តវ៉ា កាលពី​ថ្ងៃទី ៣១​ខែ​សីហា ៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​ជី​ម​មី ឡាយ ដើរចេញ​ពី​ប៉ុស្តិ៍​ប៉ូលិស​នៅ​ទីក្រុង​ហុងកុង​បន្ទាប់ពី​ត្រូវ​បាន​ដោះលែង​នៅ​ក្រៅ​ឃុំ កាលពី​ថ្ងៃ​សុក្រ​