ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប ក្រើនរំលឹក​ដល់​សមាជិក​ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម និង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ

1028
ចែករម្លែក

ដោយ: គូលែន / សៀមរាប: ​មានប្រសាសន៍​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ក្រុង ស្រុក​នៃ​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បានធ្វើការ​ក្រើនរំលឹក​ដល់​សមាជិក សមាជិកា​ក្រុមការងារ​គ្រប់​ថ្នាក់​ទាំងអស់​ក្នុង​ខេត្តសៀមរាប ត្រូវ​បង្កើន​ការចុះ​មូលដ្ឋាន​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន និង ត្រូវ​ធានា​ឲ្យ​ខាងតែបាន​នូវ​ប្រសិទ្ធភាព និ​ន្ត​រ​ភាព ក្នុង​ការផ្តល់សេវា និង ការដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​ដែល​នៅ​សេសសល់​ពីមុន ជូន​ប្រជាពលរដ្ឋ ស្របតាម​លិខិតបទដ្ឋាន​គតិយុត្តិ​នៃ​ច្បាប់ ឲ្យ​បាន​ទាន់ពេលវេលា​។​

​សម្តេច​ពិជ័យ​សេនា បាន​មានប្រសាសន៍​ទៀតថា ជាមួយគ្នានេះ សូម​ឲ្យ​សមាជិក​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ឲ្យ​ស្តាប់​នូវ​ការ​ញុះញង់​របស់​ក្រុម​ជន​អគតិ​មួយចំនួន ដែលមាន​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញ​មកពី​បងប្អូន​ប្រជាជន​គ្រប់រូប​បោះឆ្នោត​គាំទ្រ ហើយ​ជន​ដែល​មានបំណង​ទាំងនេះ គឺ​សុទ្ធ​ជា​ជន​ដែល​ក្បត់​នូវ​ឧ​ត្ត​ម​គតិ​របស់ខ្លួន និង អនាគត​ប្រទេសជាតិ ឲ្យ​ធ្លាក់​ចូលទៅក្នុង​ភ្លើងសង្គ្រាម​។​

​ក្នុងឱកាស​នោះដែរ សម្តេច​ពិជ័យ​សេនា បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​កម្លាំង​សមត្ថកិច្ច​គ្រប់​ក្រុង​ស្រុក ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សំខាន់​ក្នុងឱកាស​ដែល​គ្រប់​គណបក្សនយោបាយ ធ្វើការ​ឃោសនា​រក​សំឡេងគាំទ្រ​គណបក្ស​ខ្លួន និង នៅ​ថ្ងៃ​បោះឆ្នោត នា​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដើម្បី​កុំ​ឲ្យ​មាន​កើត​នូវ​អំពើហិង្សា សំខាន់​លើ​សុវត្ថិភាព​ចរាចរណ៍​ក្នុងពេលដែល​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅកាន់​ការិយាល័យ​បោះឆ្នោត​៕ ល​

#