ប្រធាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិន ៖ ពលរដ្ឋ​កម្ពុជា ត្រូវ​ដឹងគុណ​និង​អរគុណ​សម្តេច​តេ​ជោ​

975
ចែករម្លែក

(​ភ្នំពេញ​)៖ ឆ្លើយតប​នឹង​សំណូមពរ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រុម​គ្រូ​​ពេទ្យ​ស្ម័គ្រ​ចិន ដែលមាន​ឈ្មោះថា «​ដំណើរ​នៃ​ពន្លឺ​ចិន​ហាយ​ណាន​-​កម្ពុជា​»​បាន​ចុះ​មកជួយ​ពិនិត្យ​វះកាត់​ព្យាបាល​ជម្ងឺភ្នែកឡើងបាយ​​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​មិន​គិតថ្លៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​លោក វ៉ាង សឹង​( Wang Sheng )​អគ្គនាយក ទទួលបន្ទុក​ផ្នែក​កិច្ចការបរទេស នៃ ខេត្ត​ហាយ​ណាន​និង​ជា​ប្រធាន​ក្រុមគ្រូពេទ្យ​​មកពី​ខេត្ត​ហាយ​ណាន​ប្រទេស​ចិន បានលើកឡើង​ក្នុង​បទសម្ភាសន៍​ជាមួយ​រស្មី​កម្ពុជា​ថា​«​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អ្នក​ស្នើឱ្យ​ក្រុមគ្រូពេទ្យ​ខេត្ត​ហៃ​ណាន អញ្ជើញ​មក​ពិនិត្យ​ព្យាបាល​និង​វះកាត់​ភ្នែក​ជូន​ដល់​​ប្រជាពលរដ្ឋ​កម្ពុជា​។​ដូច្នេះ​ប្រជាជន​ត្រូវ​ដឹងគុណ​និង​អរគុណ​សម្តេច​តេ​ជោ »​។​

​លោក វ៉ាង បានលើកឡើង​ទៀតថា​«​ទង្វើ​របស់​សម្តេច​តេ​ជោ គឺជា​កាយវិការ​មួយ​បង្ហាញ​ពី​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​សុខទុក្ខ ជាពិសេស​ព្រួយបារម្ភ​ចំពោះ​សុខភាព សុខមាលភាព​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​»​។​

​លោក​បាន​បញ្ជាក់ថា «​កុំ​តែមាន​សំណូមពរ និង​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​រដ្ឋាភិបាល​​ចិន កុំ​អី​មិនមាន​សកម្ម​ភាពចុះ​ពិនិត្យ​ព្យាបាល និង​វះកាត់​ជំងឺ​បាយ​ភ្នែក​ដោយ​ឥតគិតថ្លៃ​នេះឡើយ​»​។​

​គួរ​ជម្រាប​ថា​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​ពន្លឺ​ចិន​ខេត្ត​ហាយ​ណាន ប្រទេស​ចិន បាន​ចុះ​មកជួយ​ពិនិត្យ ព្យាបាល​និង​វះកាត់​ជំ​ម្ងឺ​ភ្នែក​ឡើង​​បាយ​ជូន​ពលរដ្ឋ​កម្ពុជា​ខេត្តសៀមរាប​នេះ​ចំនួន​ពីរលើក​រួចមកហើយ លើក​ទី​១ នៅ​ដើម​ឆ្នាំនេះ​បានធ្វើការ​ពិនិត្យ​ជំងឺ​ភ្នែក​បាន​ជាង ២០០​នាក់ និង​ធ្វើការ​វះកាត់​ភ្នែក​ឡើងបាយ​បាន​ជាង​១០០​នាក់ ហើយ​លើក​ទី​២​នេះ​ក្នុង​រយៈពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧​នេះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រ ចិន​ខេត្ត​ហាយ​ណាន បានធ្វើការ​ពិនិត្យ​ជំងឺ​ភ្នែក​បាន​ជាង ៧០០​នាក់​និង​បានធ្វើ​ការវះកាត់​ព្យាបាល​ភ្នែក​​ឡើងបាយ​បាន​ចំនួន​ប្រមាណ ២០០​នាក់​៕ដោយ៖សុផ

លោក វ៉ាង សឹង ប្រធាន​ក្រុមគ្រូពេទ្យ​មកពី​ខេត្ត​ហៃ​ណាន​ប្រទេស​ចិន​លើកឡើងថា​ពលរដ្ឋ​កម្ពុជា ត្រូវ​ដឹងគុណ​និង​អរគុណ​សម្តេច​តេ​ជោ​ដែល​បង្កើតឱ្យមាន​ក្រុមគ្រូពេទ្យ​ចិន​មក​ព្យាបាល​ប​ដោយ​ឥតគិតថ្លៃ​(​រូបៈ​សុផល​)