ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី : ការតភ្ជាប់​គ្នា​រវាង​វប្បធម៌​និង​ការពង្រឹង​សុខដុមរមនា​ខាង​សាសនា មាន​សារ​:​សំខាន់ សម្រាប់​សន្តិភាព​និង​ការអភិវឌ្ឍន៍​

438
ចែករម្លែក

ដោយ​: សុផល / សៀមរាប​: «​ការតភ្ជាប់​គ្នា​រវាង​វប្បធម៌ គឺ​ពិតជា មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ ជំរុញ​ទំនាក់ទំនង​អន្តរជាតិ និង​សហគមន៍ ពិសេស​ការបង្កើត​នូវ​សិល្បៈ​កម្ម​ថី្មៗ តាមរយៈ ទំនាក់ទំនង​អន្តរ​វប្បធម៌​។​ការផ្ទេរ​វប្បធម៌​ដល់​មនុស្ស​ជំនាន់​ក្រោយ​គឺជា​កត្តាចាំបាច់​សម្រាប់​ការវិវត្ត​របស់​មនុស្ស​ជាតិ​”​។​

​នេះ​ជាការ​ថ្លែង​របស់​លោកស្រី ឃួន សុ​ដា​រី ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​(ACC) អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​អាយ​កាប់ (ICAPP) សហប្រធាន​នៃ​វេទិកា នយោបាយ​អាស៊ី​-​អឺរ៉ុប​(AEPF)​ក្នុង ពិធី​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​(ACC)​កាលពី​ព្រឹក​ថ្ងៃ​១៥​ខែមករា​ឆ្នាំ ២០១៩​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប​។​

​លោកស្រី​បានលើកឡើង​ថា ការកសាង​សាមគ្គីភាព​ក្នុង​ភាព​សម្បូរបែប គឺមាន​សារៈ​សំខាន់បំផុត​ចំពោះ​សន្តិភាព​និង​ការអភិវឌ្ឍន៍​។ ខណៈដែល​ទ្វីបអាស៊ី​គឺជា​ទីកន្លែង ដែលមាន​វប្បធម៌​និង​ប្រពៃណី​ខុសៗ​គ្នា​នោះ ការលើកកម្ពស់​ការយ​ល់​ដឹង​អន្តរ​វប្បធម៌​និង​ការអត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក​គឺជា​កត្តាចាំបាច់​បំផុត​សម្រាប់​សាមគ្គីភាព​ការរួមរស់​ដោយ​សន្តិភាព​និង​ការថែរក្សា​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​។​

​លោកស្រី​បាន​មានប្រសាសន៍​ទៀតថា ការពង្រឹង​សុខដុមរមនា​ខាង​សាសនា ក៏​ជា​ចំណុច​សំខាន់​មួយទៀត​នៃ​វប្បធម៌​។ លោកស្រី​បាន​បន្ត​លើកឡើងថា ជម្លោះ​នាពេល​បច្ចុប្បន្ន​ដូចជា​នៅ ជម្លោះ​នៅ​មជ្ឈិមបូព៌ា មី​យ៉ាន់​ម៉ា និង​តំបន់​ផ្សេងៗ​ទៀត​នៅ​ទ្វីបអាស៊ី គឺ​មួយផ្នែក​បណ្តាលមកពី​ហេតុផល​សាសនា ដូច្នេះ​សុខដុមរមនា​ខាង​សាសនា គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​សន្តិភាព វឌ្ឍនភាព និង​វិបុលភាព នៅក្នុង​ទ្វីបអាស៊ី​មួយ​ដែលមាន​ពហុ​សាសនា​៕ ល​