ប្រធាន​ក្រុមហ៊ុន Amazon និង​ភរិយា ឈានដល់​កិច្ចព្រមព្រៀង​លែងលះ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

503
ចែករម្លែក
  • 63
    Shares

​ស្ថាបនិក​ក្រុមហ៊ុន Amazon លោក ជេ​ហ្វ បេ​ហ្សូ​ស និង​ប្រពន្ធ​របស់គាត់​គឺ​លោកស្រី​ម៉ាក​ខេន​ហ្ស៊ី បាន​ដោះស្រាយ​រួចរាល់​ហើយ​នូវ​ការ​លែងលះគ្នា​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​មេសា ដោយ​ទុកឱ្យ​គាត់​នូវ​ភាគហ៊ុន​របស់​អ្នក​ទាំងពីរ​ក្នុង​ក្រុមហ៊ុន​ចំនួន ៧៥ ភាគរយ និង​ផ្តល់ឱ្យ​ប្រពន្ធ​ជិត ៣៦ ពាន់​លាន​ដុល្លារ​។​

​លោកស្រី​ម៉ាក​ខេន​ហ្ស៊ី បេ​ហ្សូ​ស បាន​និយាយថា លោកស្រី​នឹង​ផ្តល់​ភាគហ៊ុន​ទាំងអស់​របស់លោក​ស្រី​នៅ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​និង​ក្រុមហ៊ុន​រុករក​អវកាស Blue Origin ទៅ​ស្វាមី​របស់លោក​ស្រី ដែលជា​មហាសេដ្ឋី​លេខ​១​លើ​ពិភពលោក និង​សិទ្ធិ​គ្រប់គ្រង​លើ​ការបោះឆ្នោត​នៅក្នុង​ភាគហ៊ុន​នៅ​សេសសល់​របស់លោក​ស្រី​នៅក្នុង​ក្រុមហ៊ុន Amazon ។​

​លោក ជេ​ហ្វ បេ​ហ្សូ​ស អាយុ ៥៥ ឆ្នាំ​និង​លោកស្រី​ម៉ាក​ខេន​ហ្ស៊ី អាយុ ៤៨ ឆ្នាំ​ដែលជា​អ្នកនិពន្ធ​រឿង​ប្រលោមលោក បាន​រៀបការ​នៅ​ឆ្នាំ ១៩៩៣ និង​មានកូន​បួន​នាក់​។ លោក​ជេ​ហ្វ បេ​ហ្សូ​ស បាន​បង្កើត​ក្រុមហ៊ុន Amazon នៅក្នុង​យានដ្ឋាន​មួយ​នៅ​ទីក្រុង​ស៊ី​អាថ​ល​របស់​ពួកគេ​ក្នុង​ឆ្នាំ ១៩៩៤ និង​បានប្រែក្លាយ​វា​ទៅជា​មហា​ក្រុមហ៊ុន​យក្ស ដែល​គ្របដណ្តប់​លើ​ការ​លក់រាយ​តាម​អន​ឡាញ​។​

​នៅក្នុង​ការដាក់​ពាក្យ​មួយ​ទៅកាន់​គណៈកម្មការ​មូល​ប័ត្រ​អាមេរិក ក្រុមហ៊ុន Amazon ដែលមាន​មូលធន​កម្ម​ទីផ្សារ​ចំនួន ៨៩០ ពាន់​លាន​ដុល្លារ​បាន​និយាយថា លោកស្រី​ម៉ាក​ខេន​ហ្ស៊ី បេ​ហ្សូ​ស នឹង​គ្រប់គ្រង​ភាគហ៊ុន​ប្រភេទ Outstanding ចំនួន ៤ ភាគរយ​របស់​ក្រុមហ៊ុន​។​

​បើ​គិត​តាម​តម្លៃ​ភាគហ៊ុន​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន Amazon វា​មានតម្លៃ​សរុប​ខ្ទង់ ៣៥,៦ ពាន់​លាន​ដុល្លារ​។​

​យោងតាម​ទស្សនាវដ្ដី Forbes បានឱ្យដឹងថា ការ​លែងលះគ្នា​នេះ​ធ្វើឱ្យ​លោកស្រី​ម៉ាក​ខេន​ហ្ស៊ី​ក្លាយជា​ស្ត្រី​មានទ្រព្យ​សម្បត្តិ​ច្រើនជាងគេ​លំដាប់​ទី ៣ នៅលើ​ពិភពលោក បន្ទាប់ពី​លោកស្រី​ហ្វ្រ​ង់​សឺ​ស បេ​ត​ថេ​នខ​ត មេ​យើ អ្នក​ស្នង​មរកត​ក្រុមហ៊ុន L’Oreal និង​លោកស្រី អា​លី​ស វ៉ាល់​តុ​ន ម្ចាស់​ក្រុមហ៊ុន Walmart​។​

Forbes បានឱ្យដឹងថា លោក​ជេ​ហ្វ បេ​ហ្សូ​ស ដែល​បច្ចុប្បន្ន​មាន​ភាគហ៊ុន​ចំនួន ១២ ភាគរយ​នៃ​ក្រុមហ៊ុន Amazon និង​ជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​ក្នុង​ក្រុមហ៊ុន ជាមួយ​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១០ ពាន់​លាន​ដុល្លារ​អាមេរិក នៅតែ​ជា​មហាសេដ្ឋី​លេខ​១​លើ​ពិភពលោក ដោយ​នាំមុខ​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក​ប៊ី​ល​ហ្គេ​ត និង ប្រធាន​ក្រុមហ៊ុន Berkshire Hathaway លោក វ៉ារិន បា​ហ្វ​ហ្វិ​ត​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​ម៉ាក​ខេន​ហ្ស៊ី និង លោក​បេ​ហ្សូ​ស
#