ប្រធាន​ក្រុមហ៊ុន Facebook វាយបក​លើ​ប្រធាន​ក្រុមហ៊ុន Apple យ៉ាងដំណំ បន្ទាប់ពី​លោក​ធី​ម ឃុ​គ បោះសម្តី​ផ្លែផ្កា​រឿង​លួច​ទិន្នន័យ​ឯកជន​

973
ចែករម្លែក

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក បាន​វាយបក​ទៅលើ​លោក ធី​ម ឃុ​គ វិញ បន្ទាប់ពី​សម​ភាគី​ក្រុមហ៊ុន Apple បាន​ចោទ​ជា​មន្ទិល​អំពី​យុទ្ធសាស្ត្រ​រកប្រាក់​ចំណូល​របស់​វេ​ប​សាយ​បណ្តាញ​សង្គម​មួយ​នេះ​។​

​លោក ហ្សា​ក់​ឃើ​បឺ បាន​ចេញមក​ការពារ​យុទ្ធសាស្ត្រ​ផ្សាយពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ខ្លួន ដែល​លោក ធី​ម ឃុ​គ រិះគន់​កាលពី​សប្ដាហ៍​មុន​ថា​ជា “​ការជួញដូរ​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​” ហើយ​បាន​និយាយថា វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នកប្រើប្រាស់ មិន​គួរឱ្យ​ក្រុមហ៊ុន​ដូចជា Apple បញ្ចុះបញ្ចូល​អ្នក​ទាំងអស់​គ្នា​ថា ពួកគេ​ពិតជា​យកចិត្តទុកដាក់​ចំពោះ​អ្នក​រាល់គ្នា​នោះឡើយ​។​

​លោក ហ្សា​ក់​ឃើ​បឺ​ក បាន​ប្រាប់​វេ​ប​សាយ Vox ថា “​ប្រសិនបើ​អ្នក​ចង់​បង្កើត​សេវាកម្ម ដែល​មិន​បម្រើ​ត្រឹមតែ​ពួក​អ្នកមាន អ្នក​ត្រូវតែមាន​អ្វីមួយ​ដែល​មនុស្ស​អាចមាន​លទ្ធភាព​ទិញ​”​។​

​មុននេះ លោក ឃុ​គ បាន​និយាយថា ដោយសារតែ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន Apple គឺ​បានមកពី​ការលក់​ផលិតផល​របស់ខ្លួន ដោយ​មិនមែន​ពី​ព័ត៌មាន​របស់​អ្នកប្រើប្រាស់​នោះ ក្រុមហ៊ុន​របស់គាត់​គឺមាន​សុវត្ថិភាព​ពី​រឿងអាស្រូវ​ឯកជន​ដូចជា​រឿង​ដែល Facebook កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន​។​

​លោក​ហ្សា​ក់​ឃើ​បឺ​ក​និយាយថា “​អ្នកដឹង​ទេ ខ្ញុំ​រកឃើញ​ទ​ឡី​ករ​ណ៍​មួយ​ថា ប្រសិនបើ​អ្នក​មិនមាន​លុយ​ទិញ​ទេ យើង​មិនអាច​ខ្វល់​ពី​អ្នក​បានទេ នេះ​និយាយ​មែនទែន​។ ហើយ​ពិតជា​មិន​ខ្វល់​អ្វី​ទាំងអស់ ផ្អែក​តាមពិត​នេះ​”​។​

​លោក​បន្តថា “​ការពិត​នៅទីនេះ​គឺថា​ប្រសិនបើ​អ្នក​ចង់​បង្កើត​សេវាកម្ម​ដែល​អាច​ភ្ជាប់​គ្រប់គ្នា​នៅក្នុង​ពិភពលោក បែរ​ជាមាន​មនុស្ស​ជាច្រើន​ពុំមាន​លទ្ធភាព​ចំណាយលុយ​ទិញ​ទៅវិញ​”​។​

​ក្រុមហ៊ុន Facebook កំពុង​បន្ត​ដោះស្រាយ​បញ្ហា​ដែល​កើតចេញពី​រឿងអាស្រូវ​ទិន្នន័យ​ដ៏​ធំ​របស់ខ្លួន បន្ទាប់ពី​មានការ​លាតត្រដាង​ថា ទិន្នន័យ​របស់​សមាជិក​ចំនួន ៥០ លាន​នាក់​ត្រូវបាន​ប្រមូលយក​ដោយ​មិនឱ្យ​ពួកគេ​ដឹង​។​

​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​បាន​ធ្លាក់ចុះ ១៣ ភាគរយ​ចាប់តាំងពី​ថ្ងៃទី ១៦ ខែមីនា នៅពេល​ក្រុមហ៊ុន​បានទទួល​ស្គាល់​ជា​លើកដំបូង​ថា ទិន្នន័យ​អ្នកប្រើប្រាស់​ត្រូវបាន​ប្រមូលយក​ឱ្យទៅ​ក្រុមហ៊ុន Cambridge Analytica ។ ចាប់តាំងពី​ពេលនោះ​មក ក្រុមហ៊ុន Facebook បាន​បាត់បង់​តម្លៃ​លើ​ទីផ្សារ​ជាង ៧០ ពាន់​លាន​ដុល្លារ​។​

​លោក​ហ្សា​ក់​ឃើ​បឺ​ក​ខ្លួនឯង​ផ្ទាល់​បាន​ធ្លាក់ចុះ​ទ្រព្យសម្បត្តិ​ជាង ១០ ពាន់​លាន​ដុល្លារ ដោយ​ឥឡូវ​មានទ្រព្យ​សម្បត្តិ​សុទ្ធ​ត្រឹម ៦០ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក
លោក ធី​ម ឃុ​គ