ប្រធាន​ក្រុម អា​ស្លី យ៉ាំង ក្លាយជា​គោលដៅ​នៃ​ការប្រមាថ​បែប​រើសអើង​ជាតិ​សាសន៍​

373
ចែករម្លែក

ប្រធាន​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កីឡាករ អា​ស្លី យ៉ាំង (Ashley Young) បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការប្រមាថ​បែប​រើសអើង​ជាតិ​សាសន៍ បន្ទាប់ពី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រកួត​ចាញ់​ក្រុម Barcelona ។​

​យូ​ណាយ​ធី​ត​ត្រូវបាន​ទម្លាក់​ចេញពី​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​យប់​ថ្ងៃ​អង្គារ ខណៈពេល​ពួកគេ​ប្រកួត​ចាញ់ ៣-០ នៅ​ពហុកីឡាដ្ឋាន Nou Camp ។​

​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) រកបាន​២​គ្រាប់​សម្រាប់​ក្រុម Barcelona នៅ​ក្របខណ្ឌ La Liga មុនពេល​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) បន្ថែម​គ្រាប់​បាល់​ទី​៣​។​

​វា​គឺជា​រាត្រីកាល​ដ៏​តឹងតែង​បំផុត​សម្រាប់​ក្រុម​យូ​ណាយ​ធី​ត ហើយ​នៅពេលនេះ ក្រុម​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បាន​ប្រកួត ចាញ់​៥​ក្នុងចំណោម​៧​ប្រកួត​ចុងក្រោយ​របស់ខ្លួន​។​

​យ៉ាំង វ័យ​៣៣​ឆ្នាំ​ត្រូវ​ក្រុម​អ្នកគាំទ្រ​របស់​យូ​ណាយ​ធី​ត​រិះគន់​ចំពោះ​ទម្រង់​លេង ប៉ុន្តែ​ការប្រមាថ​មើលងាយ​បាន​បន្ត​កើតមាន​តាម​បណ្តាញ​សង្គម​ផងដែរ បន្ទាប់ពី​អាជ្ញា កណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​។​

​អង្គការ Kick It Out បាន​អំពាវនាវ​ឲ្យ​ចាត់​វិធានការណ៍​តឹងរ៉ឹង​ជុំវិញ​បញ្ហា​រើសអើង ជាតិ​សាសន៍ នៅតាម​បណ្តាញ​សង្គម​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្លឹប​យូ​ណាយ​ធី​ត​សរសេរថា “​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត សូម​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ការបញ្ចេញមតិ​បែប​រើសអើង​ជាតិ​សាសន៍​តាម​បណ្តាញ​សង្គម ជុំវិញ​ការប្រកួត​ឆេ​ម​ពាន​លី​ក​កាលពី​ម្សិលមិញ​”​។​

​សេចក្តីថ្លែងការណ៍​នេះ​បន្តថា “​យើង​កំពុងធ្វើការ​ងារ​ដើម្បី​កំណត់​អត្តសញ្ញាណ​បុគ្គល ដែល​ពាក់ព័ន្ធ ហើយ​យើង​នឹង​ចាត់វិធានការ​ដែល​អាច​មាន​ដើម្បី​ប្រឆាំងនឹង​អ្នក ទាំងនោះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​