ប្រធាន​ក្លិប បៃ​យឺន ម៉ូ​និ​ច​សារភាពថា គ្មាន​លទ្ធភាព​ផ្ទេរ ឡឺ​រ៉​យ សេន ដោយសារ ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ទារ​ថ្លៃ​ខ្ពស់​ពេក​

693
ចែករម្លែក

​ក្លិប​បៃ​យឺន ម៉ូ​និ​ច (Bayern Munich) អាច​បរាជ័យ​ក្នុង​ការតាមប្រមាញ់​កីឡាករ​ឆ្នើម វ័យក្មេង ឡឺ​រ៉​យ សេន (Leroy Sane) របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
ខ្សែបម្រើ​វ័យក្មេង​រូបនេះ ស្ថិតក្នុង​បញ្ជី​គោលដៅ​ផ្ទេរ​ចម្បង​របស់​ក្លិប Bayern Munich ប៉ុន្តែ​នៅពេលនេះ ពួកគេ​ទទួលស្គាល់ថា កិច្ចព្រមព្រៀង​នេះ​មិន​ទំនងជា​សម្រេច​ទេ​។​
​ ​
លោក អ៊ូ​លី ហូ​ណេ​ស (Uli Hoeness) ប្រធាន​ក្លិប Bayern Munich បាន​អះអាងថា ក្លិប Bayern កំពុងតែ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ដោយសារតែ​ការទាមទារ​មិន​សម​ហេតុ ផល​របស់​ស៊ី​ធី​។​
​ ​
​សេន មានការ​លំបាក​ក្នុងការ​ស្វែងរក​កៅអី​ក្នុង​ក្រុម​ជម្រើស​ដំបូង​ក្រោម​ការដឹកនាំ​របស់ លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)​នៅ​ក្លិប​ស៊ី​ធី​ហើយ​លទ្ធភាព​ផ្ទេរ​ទៅ​ក្លិប​Bayern អាចជា​កិច្ចព្រមព្រៀង​ផ្ទេរ​ដ៏​ល្អ​សម្រាប់​ភាគី​ទាំងអស់​។​
​ ​
​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ទាមទារ​ប្រហែល​៩០​លាន​ផោន​ប្រសិនបើ​ពួកគេ​សម្រេចចិត្ត​លក់ កីឡាករ​រូបនេះ​មែន ប៉ុន្តែ​តម្លៃ​ខ្ពស់​បែបនេះ​ធ្វើ​ឲ្យ​ក្លិប Bayern រារែក​ចិត្ត​។​
​ ​
ការចរចា​របស់​សេន ជុំវិញ​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​ស៊ី​ធី​បាន​ជាប់គាំង​កាលពីដើម​ឆ្នាំនេះ ហើយ​បានធ្វើ​ឲ្យ​កីឡាករ​រូបនេះ​នៅសល់​កិច្ចសន្យា​ត្រឹម​២​ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​កិច្ចសន្យា​ចាស់​។ ក្លិប​ស៊ី​ធី​មានបំណង​បង្កើន​ប្រាក់​ឈ្នួល​របស់ សេន ជាមួយនឹង​កិច្ចព្រមព្រៀង​ថ្មី ដែលមាន​ប្រាក់​ឈ្នួល ១៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​