ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​មិន​ចូល​បំភ្លឺ​តាម​ការកំណត់​

571

(​ភ្នំពេញ​)៖​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ មិនបាន​ចូល​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ឲ្យ​បាន​មុន​​ថ្ងៃទី​១៧ ខែកក្កដា តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក​សៀង សុខ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បំភ្លឺ​ករណី​​ហិង្សា​មួយ​ក្នុងពេល​ឃោសនាបោះឆ្នោត​ឃុំ​-​សង្កាត់ នោះទេ​។​

​លោក​សៀង សុខ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានបញ្ជាក់​នៅ​ថ្ងៃទី​១៨​ខែកក្កដា​ថា​មិនទាន់​ឃើញ​អាជ្ញាធរ​ខណ្ឌ​មាន​ជ័យ​រាយការណ៍​ពី​បញ្ហា​នេះ​ទេ​។​ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌមានជ័យ​បាន លើកឡើងថា នឹង​ពិភាក្សា​ជាមួយ​តុលាការ​ដើម្បី​បន្ត​នីតិវិធី​លើ​រឿង​​នេះ​ទៅមុខទៀត​។​

​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បានចេញ​ដីកា​កោះហៅ​លោក ម៉ន ផល្លា ឲ្យ​ចូលខ្លួន​ទៅ​បង្ហាញមុខ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ មុន​ថ្ងៃទី​១៧ ខែកក្កដា ដើម្បី​សាកសួរ​លើ​ករណី​«​ហិង្សា​ដោយ​ចេតនា​​មាន​ស្ថាន​ទម្ងន់ទោស​» កាលពី​ថ្ងៃ​ហែ​ក្បួន​ឃោសនាបោះឆ្នោត​ឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២៨ ខែឧសភា កន្លងទៅ​។ ។ ​ការចេញ​ដីកាកោះ​នោះ ដោយមាន​យោង​របាយការណ៍​សុំ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ តាម​មាត្រា​៣៧ មាត្រា​៩៤ និង​មាត្រា​១១៤ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។​

​ចំណែក​លោក ហួរ ម៉េង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ​បានបញ្ជាក់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា មន្ត្រី​បក្សប្រឆាំង​រូបនេះ​មិនបាន​ចូលខ្លួន​បំភ្លឺ​តាម​ដីកាកោះ​ឡើយ ហើយ​លោក​នឹង​ស្នើសុំ​គោលការណ៍​ទៅ​ព្រះរាជអាជ្ញា​បន្ថែមទៀត ដើម្បី​បន្ត​នីតិវិធី​លើ​សំណុំ​រឿងនេះ​។​

​ទោះយ៉ាងណា អធិការរង​នគរបាល​ខណ្ឌមានជ័យ បញ្ជាក់ទៀតថា មិនមាន​ដីកា​កោះហៅ​ជនដៃដល់​ណា​ម្នាក់​ដែលមាន​នៅក្នុង​រឿងនេះ​ឡើយ ពោលគឺ​តុលាការ​កោះហៅ​តែ​លោក ម៉ន ផល្លា ម្នាក់​គត់​មក​បំភ្លឺ ដោយសារតែ​លោក​ជា​អ្នករៀបចំ និង​ដឹកនាំ​ការហែក្បួន​ឃោសនាបោះឆ្នោត​នៅក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​២៨ ខែឧសភា​។​

​លោក ម៉ន ផល្លា ធ្លាប់​ប្រាប់​វិទ្យុ​វី​អូ​អេ ថា លោក​មិនបាន​នៅ​កន្លែងកើតហេតុ និង​មិន​បានដឹង​ពី​អំពើហិង្សា​ដែល​កើតមាន​ក្នុង​ក្បួន​ដង្ហែ​បក្ស​នា​ចុងខែ​ឧសភា នោះទេ​។ លោក​បន្ថែមថា ការប្រើ​អំណាចតុលាការ​ដោយ​បញ្ជា​ឲ្យ​លោក​ទៅ​បង្ហាញខ្លួន​នៅមុខ​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ហិង្សា គឺជា​ការបញ្ជា​តាមបែប​នយោបាយ​តែប៉ុណ្ណោះ​។ លើសពីនេះ លោក​បង្ហាញ​អារម្មណ៍​ស្ទាក់ស្ទើរ​ក្នុងការ​ចូលខ្លួន​បំភ្លឺ ដោយ​បារម្ភ​អំពី​ការចាប់ខ្លួន​លោក​ដូច​ករណី​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ផ្សេងទៀត​ដែល​កំពុង​រង​ការចោទប្រកាន់ និង​ជាប់ឃុំ​៕​ដោយៈ​ស​រិ​ទ្ធ​

លោក ម៉ន ផល្លា