ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ជប៉ុន​លាឈប់​ពី​តំណែង​ក្នុងពេល​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​ពុករលួយ​

327
ចែករម្លែក

​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ជប៉ុន (JOC) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​មីនា​ថា​លោក​នឹង​ចុះ​ចេញពី​តំណែង​ក្នុង​ខែមិថុនា​ស្រប​ពេលដែល​អាជ្ញាធរ​បារាំង​ស៊ើបអង្កេត​ការចូលរួម​ពាក់ព័ន្ធ​របស់លោក​នៅក្នុង​ការទូទាត់​លុយ​ដែល​ធ្វើឡើង​មុន​ពេលដែល​ទីក្រុង​តូ​ក្យូ​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ ២០២០​។​

​លោក ស៊ូ​ណេ​កា​ហ្ស៊ូ តាខេ​ដា (Tsunekazu Takeda) បាន​ប្រាប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អូឡាំពិក​ជប៉ុន​ក្នុង​ទីក្រុង​តូ​ក្យូ​ថា “​ដោយ​ពិចារណា​ពី​អនាគត​របស់ JOC ខ្ញុំ​គិតថា​រឿង​ដែល​សមស្រប​បំផុត​នោះ​គឺ​ទុក​អ្វីៗ​ឱ្យ​មេដឹកនាំ​ថ្មី​ពី​មនុស្ស​ជំនាន់​ក្រោយ​ចាត់ចែង​ដូច្នេះ​ពួកគេ​អាច​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​និង​បង្កើត​យុគសម័យ​ថ្មី​”​។​

​គាត់​បាន​និយាយថា ការសម្រេចចិត្ត​របស់​គាត់​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​នោះទេ​។​

​ការប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៤ ខែកក្កដា​។​

​បុរស​វ័យ ៧១ ឆ្នាំ​រូបនេះ​បាន​និយាយថា គាត់​ក៏​នឹង​ចុះ​ចេញពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ផងដែរ​។​

​លោកតា​ខេ​ដា បាន​ស្ថិតក្រោម​សម្ពាធ​ព្រោះតែ​មិន​ព្រម​ស្វែងរក​អាណត្តិ​ថ្មី​បន្ថែមទៀត នៅពេលដែល​អាណត្តិ​បច្ចុប្បន្ន​របស់គាត់​នឹង​បញ្ចប់​ក្នុង​ខែមិថុនា​ខាងមុខ បន្ទាប់ពី​មានការ​លាតត្រដាង​ថា អាជ្ញាធរ​បារាំង​ជឿជាក់ថា​ពួកគេ​មាន​ភស្តុតាង​នៃ​អំពើពុករលួយ​ក្នុង​ការប្រគល់សិទ្ធិ​ឱ្យ​ទីក្រុង​តូ​ក្យូ​ធ្វើជា​ម្ចាស់ផ្ទះ​អូឡាំពិក​ឆ្នាំ ២០២០​។​

​វិធាន​ច្បាប់ JOC បច្ចុប្បន្ន​តម្រូវឱ្យ​បេក្ខជន​សម្រាប់​តំណែង​កំពូល​នេះ​ត្រូវមាន​អាយុ ៧០​ឆ្នាំ ឬ​តិចជាង​នេះ​នៅ​គ្រា​នៃ​បេក្ខភាព​របស់​ពួកគេ ប៉ុន្តែ​មាន​ពាក្យ​ចចាមអារ៉ាម​ថា គណៈកម្មាធិការ​កំពុង​ពិចារណា​លើ​ការផ្លាស់ប្តូរ​ច្បាប់​ដើម្បី​អនុញ្ញាតឱ្យ​លោក​តាខេ​ដាប​ន្ត​កាន់តំណែង​រហូតដល់​ឆ្នាំ ២០២០​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ការស៊ើបអង្កេត​ទៅលើ​លោកតា​ខេ​ដា​បានក្លាយ​ជាការ​រំខាន​ខ្លាំង​បំផុត​សម្រាប់​ក្រុម​អ្នករៀបចំ​កម្មវិធី ជាមួយ​ការចាប់ផ្តើម​អូឡាំពិក​នៅសល់​ពេល​តិចជាង ៥០០ ថ្ងៃ​។​

​នៅពេល​សួរថា​ហេតុអ្វី​បានជា​គាត់​មិន​ព្រម​ចុះ​ចេញពី​តំណែង​ភ្លាមៗ លោកតា​ខេ​ដា​បាន​និយាយថា “​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​ការធ្វើឱ្យមាន​អារម្មណ៍​បែបនេះ ប៉ុន្តែ​ខ្ញុំ​គិតថា​ខ្ញុំ​បានទទួល​ខុសត្រូវ​សម្រាប់​ការបំពេញ​ការងារ​រប​ស់​ខ្ញុំ​រហូតដល់​ពេល​ប​ញ្ច​ប់​អាណត្តិ​របស់ខ្ញុំ​”​។​

​លោកតា​ខេ​ដា​បាន​បដិសេធ​ការចូលរួម​ក្នុង​អំពើពុករលួយ​ហើយ​បាន​តវ៉ា​ម្តងទៀត​អំពី​ភាព​គ្មាន​កំហុស​របស់គាត់​កាលពី​ថ្ងៃ​អង្គារ​។​

​លោក​បាន​ប្រាប់​អ្នកកាសែត​ថា “​ដូចដែល​ខ្ញុំ​បាន​និយាយ​ចឹ​ង ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុស​ទេ​។ ខ្ញុំ​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ហាញ​ពី​ភាព​គ្មាន​ទោសកំហុស​របស់ខ្ញុំ​”​។​

​កាលពី​ខែមករា មានការ​លាតត្រដាង​មួយ​ថា លោកតា​ខេ​ដា​បាន​ប្រឈមមុខ​នឹង​ដំណើរការ​កាត់ទោស​មួយ​នៅ​តុលាការ​ក្នុងប្រទេស​បារាំង​ជុំវិញ​ការបង់ប្រាក់​ចំនួន​ពីរលើក សរុប​មាន​ចំនួន ២,១ លាន​ដុល្លារ​អាមេរិក​។​

​គាត់​ត្រូវ​បានដាក់​នៅក្រោម “​ការ​ឃ្លាំង​មើល​” ដែលជា​ជំហាន​ច្បាប់​មួយ មានន័យ​ស្មើនឹង​ការចោទប្រកាន់​ដែរ​។​

​វា​មិនអាច​នាំឱ្យមាន​ដំណើរកា​រ​កាត់ទោស​ដោយ​ស្វ័យប្រវត្តិ​នោះទេ​ប៉ុន្តែ​មានន័យថា​រដ្ឋអាជ្ញា​ជឿថា​មាន​ភស្តុតាង​រឹងមាំ​ឬ​ភស្តុតាង​ដែល​បញ្ជាក់​ពី​ការធ្វើ​ខុស​។​

​លោកតា​ខេ​ដា​បាន​និយាយថា​លោក​មិនដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ដំណើរ​ការធ្វើ​សេចក្តីសម្រេច​ណាមួយ​លើ​ការទូទាត់​នោះទេ​ហើយ​ថា​ប្រាក់​នោះ​គឺជា​សំណង​ស្របច្បាប់​សម្រាប់​កិច្ចសន្យា​ប្រឹក្សា​យោបល់​ដែល​បាន​ចុះហត្ថលេខា​តាមរយៈ​នីតិវិធី​អនុម័ត​ត្រឹមត្រូវ​៕ ដោយ៖ កញ្ញាដាលីស

លោក ស៊ូ​ណេ​កា​ហ្ស៊ូ តាខេ​ដា