ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ព្រៃឈរ ស្នើ​ក្រុមការងារ​ត្រៀម​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ខាងមុខ​

814
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: ខណៈដែល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នឹង​មកដល់ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃឈរ បានស្នើ​ក្រុមការងារ​ចុះជួយ​ភូមិ​-​ឃុំ ត្រៀម​អនុវត្ត​ផែនការ​ឃោសនា​ស្វែងរក​សម្លេងឆ្នោត​នា​ខែកក្កដា​ខាងមុខនេះ​។​

​ការស្នើសុំ​ខាងលើនេះ លោក​រដ្ឋមន្ត្រី​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ចាត់តាំង​អនុវត្តន៍​ផែនការ​ឃោសនា​ឆ្ពោះទៅ​ការបោះឆ្នោត កាលពី​រសៀល​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ ២០១៨​កន្លងទៅ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

​នៅក្នុង​ឱកាស​នោះ​លោក ប៉ាន សូរ​ស័ក្តិ បាន​ផ្តាំផ្ញើ​សមាជិក​ទាំងអស់​យកចិត្ត​ទុកដាក់​លើ​ការកៀងគរ​ថវិកា ការបែងចែក​ក្រុមការងារ ការបណ្តុះបណ្តាល ការរៀបចំ​សម្ភារៈ​និង​ឧបករណ៍​ផ្សព្វផ្សាយ និង​មធ្យោបាយ​ធ្វើដំណើរ​ដើម្បី​បម្រើ​សកម្មភាព​ឃោសនាបោះឆ្នោត​ឲ្យ​ទទួលបាន​ជោគជ័យ​តាម​ផែនការ​។ លើសពីនេះ​លោក​ប្រធាន​បាន​ផ្តាំផ្ញើ​សមាជិក គោរព​ឲ្យ​បាន​នូវ​លក្ខន្តិកៈ​និង​ក្រមសីលធម៌​របស់​គណ​បក្ស ក៏ដូចជា​ច្បាប់​ស្តី​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាជន​ម្ចាស់ឆ្នោត ជាពិសេស​ធ្វើយ៉ាងណា ឲ្យ​ពួកគាត់​យល់ច្បាស់​ពី​កម្មវិធី​នយោបាយ​គណបក្ស សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៨-២០២៣ ស្នាដៃ​ធំៗ​ជា​ប្រវត្តិសាស្ត្រ​របស់​គណបក្ស ក្នុងការ​បម្រើប្រជាជន និង​ប្រទេសជាតិ រយៈពេល​៣៩​ឆ្នាំ​កន្លងមកនេះ​។​

​ទន្ទឹមគ្នានេះ លោក​ប្រធាន ក៏បាន​សំណូមពរ​ដល់​សមាជិក​ទាំងអស់​ធ្វើការ​ចុះ​ជួប​ប្រជាជន​ឲ្យ​បាន​ដល់​គ្រប់​ខ្នង​ផ្ទះ​ក្នុងភូមិ​នីមួយៗ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​គណ​បក្ស​ចែក​ខិតប័ណ្ណ​ឃោសនា បង្ហាញ​ពី​របៀប​គូស​សន្លឹកឆ្នោត និង​បំផុស​ចលនា​ប្រជាជន ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ជាពិសេស​ត្រូវ​ចៀសវៀង​ឲ្យ​បាន​នូវ​សកម្មភាព​ទាំងឡាយ ដែល​ច្បាប់​បាន​ហាមឃាត់​។​

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​ជា​សិទ្ធិ​នយោបាយ និង​ជាការ​ទទួលខុសត្រូវ​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​នៅក្នុង​សង្គម​ប្រកាន់​ប្រជាធិបតេយ្យ​ដូចជា​ប្រទេស​កម្ពុជា​។ យោងតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គណបក្សនយោបាយ​ទាំងអស់ មាន​កាតព្វកិច្ច​ចូលរួម​ហែ​ក្បួន​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដើម្បី​ស្វែងរក​សម្លេងឆ្នោត​ពី​ប្រជាពលរដ្ឋ ក្នុង​រយៈពេល​២១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា​ខាងមុខ​៕ ល​