ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី អបអរសាទរ មហា​អនុតំបន់ ទន្លេមេគង្គ​ក្នុងឱកាស​ខួប​លើក​ទី ២៥ ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ជោគជ័យ​

2857
លោក Takehiko Nakao​ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី ថ្លែង​អបអរសាទរ​កិច្ចប្រជុំ​កំពូល​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ​

ដោយៈ​សុផល​/​ភ្នំពេញ​: ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (​អេ​ឌី​ប៊ី​,ADB) លោកតា​កេ​ហ៊ី​កូ ណា​កា​អូ​( Takehiko Nakao)​ថ្មី​នេះ​បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​ប្រទេស​ជា​សមាជិក​ទាំង​ប្រាំមួយ ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ​(GMS) ក្នុងឱកាស​ខួប ២៥ ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​ប្រកបដោយ​ជោគ​ជ័យ​។

​លោក​បាន​គូសបញ្ជាក់​សាជាថ្មី​ពី​ការបន្ត​ផ្ដល់​ការគាំទ្រ​របស់​អេ​ឌី​ប៊ី ដល់​កម្មវិធី​នេះ ក្នុង​ថវិកា ៧ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ៥ ឆ្នាំ​ទៀត ដើម្បី​ជួយ​ឱ្យ​អនុតំបន់​នេះ​សម្រេច​នូវ​កំណើន​បរិ​យាប​ន្ន និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​លោក ង្វៀន ស៊ុន​ហ្វុ​ក​(Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​វៀតណាមសម្តេច​​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា លោក​វ៉ាង យី​( Wang Yi )​សមាជិក​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជា​​មានិត​ចិន លោក ថង​លូន ស៊ី​ស៊ូ​លី​ត​(Thongloun Sisoulith) នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ លោក វាន ថូ​( U Henry Van Thio )​អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា និង​លោក​ប្រា​យុទ្ធ ចាន់​អូ​ឆា​( Prayut Chan-o-cha )​នាយករដ្ឋមន្ត្រី​ថៃ​។​

​ក្នុង​សុន្ទរកថា​ទៅកាន់​កិច្ចប្រជុំ​កំពូល​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ និង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​នៅ​មហា​អនុតំបន់​ទន្លេមេគង្គ លោក ណា​កា​អូ បាន​មានប្រសាសន៍ថា “​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ដល់​ប្រទេស GMS ទាំងអស់ ចំពោះ​សមិទ្ធផល​សម្រេចបាន​ពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​រយៈពេល ២៥ ឆ្នាំ​ចុង​ក្រោយនេះ​”​។ កម្មវិធី GMS ត្រូវបាន​ផ្ដួចផ្ដើម​បង្កើតឡើង ក្នុង​ខែ តុលា ឆ្នាំ ១៩៩២ ដោយ អេ​ឌី​ប៊ី ផ្ដល់​ការគាំទ្រ​ជា​លេខាធិការ​រដ្ឋា​ន ដើម្បី​ជួយ​ដល់​ដំណើរការ​អន្តរកាល​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ តាមរយៈ​ការលើកទឹកចិត្ត​ឱ្យមាន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឆ្លងដែន​។​

​ ​លោក ណា​កា​អូ​(Nakao) បាន​មានប្រសាសន៍ថា “​បច្ចុប្បន្ននេះ ប្រទេស​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​គឺជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ឆាប់រហ័ស​ជាងគេ​នៅ​អាស៊ី​និង​ក្នុង​ពិភពលោក​។​ប្រទេស​ទាំងនេះ ទទួល​ស្គាល់​ពី​អត្ថប្រយោជន៍​នៃ​សមាហរណកម្ម​ថ្នាក់​តំបន់ និង​ការតភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃទៀត​ក្នុង​សកលលោក​ទាំងមូល​។​អេ​ឌី​ប៊ី នឹង​បន្ត​សម្របសម្រួល​កម្មវិធី GMS នេះ ឈរលើ​មូលដ្ឋាន​នៃ​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក និង អក្សរ C បី ដែល​តំណាងឱ្យ​ការតភ្ជាប់​ទំនាក់ទំនង (connectivity) ភាព​ប្រកួតប្រជែង (competitiveness) និង​សហគមន៍ (community)”​។​

​កម្មវិធី GMS​បាន​គាំទ្រ​ដល់​គម្រោង​ជាច្រើន​ដែលមាន​តម្លៃ​ស្មើនឹង ២១ ពាន់​លាន​ដុល្លារ ចាប់តាំងពី​កម្មវិធី​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩២ មក ក្នុង​វិស័យ​ផ្សេងៗ ដូចជា គមនាគមន៍ ទេសចរណ៍ សុខាភិបាល ការ​អភិវឌ្ឍ​ទីក្រុង បរិស្ថាន ការអភិវឌ្ឍ​ធនធានមនុស្ស កសិកម្ម និង​ថាមពល​។​ថវិកា​ប្រមាណ ៤០% នៃ​ហិរញ្ញប្ប​ទាន​សម្រាប់​គម្រោង​ទាំងនេះ មាន​ប្រភពពី អេ​ឌី​ប៊ី ២៥% ពី​រដ្ឋាភិបាល​ក្នុងប្រទេស​ជា​សមាជិក GMS និង​ថវិកា​ដែល​នៅសល់​ផ្សេងទៀត បាន​ពី​ដៃគូ​អភិវឌ្ឍន៍​ទ្វេភាគី និង​ពហុភាគី​។ កម្មវិធី​ដែល​អនុវត្ត​ក្នុងប្រទេស GMS នីមួយៗ ត្រូវបាន​រៀបចំឡើង​ឱ្យស្រប​ទៅតាម​បរិបទ​ពិសេស​របស់​ប្រទេស​នោះ​។​

​ ​ផ្អែក​ទៅតាម​ផែនការ​សកម្មភាព​ទីក្រុង​ហាណូយ និង​ក្របខ័ណ្ឌ​វិនិយោគ​ថ្នាក់​តំបន់ ដែល​ត្រូវ​បានអនុម័ត​ក្នុង​កិច្ចប្រជុំ​កំពូល GMS នៅថ្ងៃនេះ កម្មវិធី​នេះ នឹង​ផ្ដល់​ការគាំទ្រ​ដល់​គម្រោង​ចំនួន ២២៧ ដែលមាន​តម្លៃ ៦៦ ពាន់​លាន​ដុល្លារ ចាប់ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២២ ដែល​ក្នុងនោះ ADB នឹង​ផ្ដល់​ហិរញ្ញ​-​ប្ប​ទាន​ប្រមាណ ៧ ពាន់​លាន​ដុល្លារ​។ ផែនការ​នេះ អំពាវនាវ​ឱ្យមាន​ការពង្រីក​ច្រករបៀង​សេដ្ឋកិច្ច ដើម្បី​ជំរុញ​ការតភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រទេស​នានា ព្រមទាំង​ទំនាក់ទំនង​រវាង​តំបន់​ជនបទ និង​តំបន់​ប្រជុំជន ដើម្បី​ធានាឱ្យមាន​ការបែង​ចែក​អត្ថប្រយោជន៍ ដែល​បាន​កំណើនសេដ្ឋកិច្ច ឱ្យ​កាន់​តែមាន​សមធម៌​បន្ថែមទៀត​។​

​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច GMS កាលពី​ម្សិលមិញ ប្រមុខ​ដឹកនាំ​របស់​ប្រទេស GMS និង​អ្នក​ចូលរួមបាន​ចែក​រំលែក​គំនិត​យោបល់ អំពី​ឱកាស​ធុរកិច្ច​សំខាន់ៗ ដែលមាន​ឥទ្ធិពល​មកលើ​តំបន់ GMS​។ ពួកគេ​បានធ្វើ​ការ​ពិភាក្សា​​ពី​កត្តា​ថ្មីៗ​ដែល​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច ដែល​មិនសូវ​ពឹង​ផ្អែកលើ​កម្លាំង​ពលកម្ម ដែលមាន​ថ្លៃឈ្នួល​ទាប និង​ពឹង​អាស្រ័យ​កាន់តែ​ច្រើនជាង​មុន លើ​បច្ចេកវិទ្យា និង​នវានុវត្តន៍​។ អ្នក​ចូលរួមបាន​អំពាវនាវ​ឱ្យ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ផ្ដល់​ហិរញ្ញប្បទាន​បន្ថែមទៀត ដល់​ប្រទេស GMS​។​

​លោក Nakao ក៏​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី ១០ នៃ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម (CLV) ហើយ​​បាន​សម្ដែង​នូវ​ការកោតសរសើរ ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ការបំពេញបន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក រវាង​កម្មវិធី CLV និង​កម្មវិធី GMS នេះ​៕MN

ប្រមុខនៃប្រទេសជីអឹមអេស