ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​: ធនាគារ​ឌីជីថល​ចំណេញ​ពេលវេលា ងាយស្រួល កាត់បន្ថយ​ការស្ទះ​ចរាចរណ៍​និង កាត់បន្ថយ​ចំណាយ​

1701
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: សតវត្សរ៍​ទី​២១​នេះ បច្ចេកវិទ្យា​មាន​សារៈសំខាន់ និង​ផលប្រយោជន៍​យ៉ាងខ្លាំង ហើយ​បាន​ត្រូវ​ប្រើប្រាស់​ស្ទើរ​គ្រប់​វិស័យ​។ ការងារ​និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ត្រូវ​ពឹង​លើ​បច្ចេកវិទ្យា​ដោយ​ចៀស​មិន​រួច​។​

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​សារពត៌មាន​កាលពី​រសៀល​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨​នៅ​ការិយាល័យ​កណ្តាល​ធនាគា​រ​អេស៊ីលីដា (​រូប សុផល​)

​ក្នុងចំណោម​វិស័យ​ជាច្រើន​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​នោះ ក៏មាន​វិស័យ​ធនាគារ មួយ​ផងដែរ​។​វិស័យ​ធនាគារ​បាននិងកំពុង​ផ្លាស់ប្តូរ​ពី​ការធ្វើ​ប្រតិបត្តិការ​បែប​ចាស់ៗ មក​ធ្វើ​ប្រតិបត្តិការ​បែប​ទាន់សម័យ និង​ស្របតាម​ការរីកចម្រើន​បច្ចេកវិទ្យា​វិញ ជាក់ស្ដែង វិស័យ​ធនាគារ​បាន​ប្តូរ​ពី​ការដក​ដាក់​លុយ​តាម​បញ្ជរ មក​ដក​ដាក់​តាម​ម៉ាស៊ីន​ស្វ័យប្រវត្តិ​និង​ធ្វើ​ដោយ​ខ្លួនឯង មិន​ត្រឹមតែ​ប៉ុណ្ណោះ​វិស័យ​ធនាគារ​បាន​កែច្នៃ​ឱ្យមាន​ការទូទាត់​ប្រាក់​នានា​តាម​ប្រព​ន្ធ័​អេឡិចត្រូនិក និង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​។

​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​សារពត៌មាន​កាលពី​រសៀល​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨​នៅ​ការិយាល័យ​កណ្តាល​ធនាគា​រ​អេស៊ីលីដា​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា «​ការអភិវឌ្ឍន៍​វិស័យ​ធនាគារ​ឱ្យ​ក្លាយជា​ធនាគារ​ឌីជីថល​គឺ​ស្របទៅតាម​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​នៅពេល​បច្ចុប្បន្ននេះ ។ ហើយ​ការដែល​កែប្រែ​ទៅជា​ធនាគារ​ឌីជីថល​នេះដែរ ក៏​ដើម្បី​សម្រួល​ដល់​អតិថិជន និង​ប្រជាពលរដ្ឋ​ផងដែរ​» ។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​សារពត៌មាន​កាលពី​រសៀល​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨​នៅ​ការិយាល័យ​កណ្តាល​ធនាគា​រ​អេស៊ីលីដា (​រូប សុផល​)

​លោក​បាន​បន្តថា ៖« ការផ្លាស់ប្តូរ​មកប្រើប្រាស់​ការទូទាត់​តាមបែប​ជា​ធនាគារ ឌីជីថល​វា​ផ្ដល់​ប្រយោជន៍​ច្រើនណាស់ ។ ជាក់ស្ដែង ដូច​យើង​ឃើញស្រាប់ នៅ​រាជធានី​ភ្នំពេញ មានការ​កកស្ទះ​ចរាចរណ៍​ស្ទើរតែ​រាល់ថ្ងៃ​និង​គ្រប់ពេល​ទៅហើយ ដូចនេះ បើសិនជា​អតិថិជន​ត្រូវ​ការទូទាត់​ប្រាក់សុទ្ធ​នៅ​បញ្ជរ​ធនាគារ ឬ​ចង់ទៅ​ទូទាត់​តាម​ស្ថាប័ន​ផ្សេងទៀត ត្រូវការ​ពេលវេលា​ច្រើន និង​ចំណាយ​លើ​ថ្លៃ​ធ្វើដំណើរ​ផងដែរ​។ ក៏ប៉ុន្តែ​បើសិនជា​ប្រជាពលរដ្ឋ​ងាក​មកប្រើប្រាស់​ការទូទាត់​តាម​ធនាគារ​ឌីជីថល ពួកគាត់​អាច​ទូទាត់​បាន​នៅផ្ទះ​ឬ​កន្លែង​ណា​ក៏​បានដែរ​» ។

​លោក​បាន​មានប្រសាសន៍​ឱ្យដឹងទៀតថា​៖​នៅពេលដែល​ការ​មានការ​ប្រើប្រាស់​ធនាគារ​ឌីជីថល​នេះ​កាន់តែច្រើន​ការធ្វើដំណើរ​ទៅ​ទូទាត់​ប្រាក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​ក៏​នឹងត្រូវ​កាត់បន្ថយ​ហើយ​នៅពេលនោះ​បរិមាណ​ផ្សែង​ពុល​ដែល​ចេញពី​រថយន្ត​និង​ម៉ូតូ​តាម​ដងផ្លូវ​ក៏ត្រូវ​កាត់បន្ថយ​ដែរ​។​ម្យ៉ាងទៀត​នៅពេល​យើង​ប្រើ​ធនាគារ​ឌីជីថល​យើង​មិនចាំបាច់​មាន​ប្រាក់សុទ្ធ​នៅតាម​ខ្លួន​ឡើយ​ព្រោះ​វា​ប្រៀបដូចជា​កាបូប​ប្រាក់​តូច​មួយ​តែ​អ្នកដទៃ​មិនអាច​មើលឃើញ​ទេ​។​ដូចនេះ​វា​ក៏បាន​កាត់បន្ថយ​នូវ​អំពើចោរកម្ម​តាម​ទីសាធារណៈ​បាន​កម្រិត​ទៀតផង​ដែរ ។

​លោក​ប្រធាន​ប្រតិបត្តិ​ធនាគារ​បាន​លើកឡើងថា​៖ ដោយសារតែ​មើលឃើញ​ពី​កត្តា​សំខាន់ និង​អត្ថប្រយោជន៍​នៃ​ធនាគារ ឌីជីថល​នេះហើយ ទើប​ក្នុងនាម​ជា​ធនាគារ​ក្នុងស្រុក និង​ឈានមុខ​គេ បាន​អភិវឌ្ឍន៍​ជា​បណ្ដើរៗ​ពី​ធនាគារ​ដែល​ប្រើ​បុគ្គលិក​ចាំ​បម្រើ​អតិថិជន មកជា​ធនាគារ​ដែល​ប្រើ​បុគ្គលិក​បង្រៀន​អតិថិជន​វិញ តាមរយៈ​ការធ្វើ​ប្រតិបត្តិការ​ដោយ​អតិថិជន​ខ្លួនឯង ។

​លោក​បាន​គូសបញ្ជាក់ថា ៖​‍​‌​សមិទ្ធផល​ថ្មី​របស់​ធនាគារ​អេស៊ីលីដា ក្នុង​វិស័យ​ធនាគារ​ឌីជីថល គឺ អេស៊ីលីដា​ទាន់​ចិត្ត ដែល​សេវាកម្ម​បាន​បង្កើត​ជាង​មួយឆ្នាំ​ហើយ ។ ដំឡូង​ឡើយ នៅពេលដែល​អតិថិជន​ចង់​ទូទាត់​ប្រាក់​តាម​សេវាកម្ម​នេះ​ត្រូវយក​ប្រាក់​ទៅ​ដា​ក់នៅ​បញ្ជរ​ជាមុនសិន តែ​ក្រោយមក ធនាគារ​ក៏បាន​សម្រេច​ត​ភ្ជាប់​សេវាកម្ម​មួយ​ទៅនេះ​ទៅ​គណនី ធនាគារ​របស់​អតិថិជន​ស្រាប់​តែម្ដង​ដូចនេះ​រាល់​ការទូទាត់​លែង​បញ្ហា​ទៀត​អោយ​តែមាន​សមតុល្យ​ទឹកប្រាក់​នៅក្នុង​គណនី​ធនាគារ​។​

​គួរ​ជម្រាប​ថា​បច្ចុប្បន្ន​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​បង្កើតឱ្យមាន​អារ្យ​ភាវូបនីយកម្ម​ទាន់សម័យ​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ ជូន​ដល់​សាធារណជន និង​អតិថិជន​ទាំង​វិស័យ​ឯកជន​និង​វិស័យ​សាធារណៈ តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ដែល​ភ្ជាប់​បណ្តាញ​ប្រតិបត្តិការ​ទូទាំង​សកលលោក​៕ ល​