ប្រធាន​មណ្ឌល បញ្ជាក់​ពី​មូល​ហេតុដែល​តម្រូវអោយ​ពលរដ្ឋ​រើ​ផ្ទះ​

368
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ លោក​ឧ​ត្ត​ម​សេនី​ឯក​ពៅ ស៊ា បាន​បញ្ជាក់ថា ការដែល​តម្រូវអោយ​ពលរដ្ឋ​មួយ​គ្រួសារ​រុះរើ​ផ្ទះ គឺ​ទី​១​ដី​នោះ​ជា​ដី​ពួកគាត់​ជួល​គេ​នៅ និង​ទី​២ ពួកគាត់​មក​សាងសង់​ក្រោយ​ការបង្កើត​មជ្ឈមណ្ឌល​អ​ភិ​វឌ្ឍន៍​យោធិន​ពិការ​។ ប៉ុន្តែ​ម្ចាស់ផ្ទះ​បាន​អះអាងថា មិនអាច​រះ​រើ​បានឡើយ ត្បិត​ពួកគាត់​មក​រស់នៅ​កាន់កាប់​តាំងពី​ឆ្នាំ​២០០៤​មក​ម្លេះ​។​

​ជួប​សម្ភាសន៍​ផ្ទាល់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ា ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ​ហ៊ុនសែន​គូ​លេន​៣១៧​សៀមរាប លោក​បាន​បញ្ជាក់ថា មជ្ឍមណ្ឌល​នេះ​គឺ​បានរៀបចំ​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៨ ហើយ​បាន​បើក​សម្ភោ​ធ​អោយ​ដំណើរការ​នៅ​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១១ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន សែន​។
​មជ្ឍមណ្ឌល​នេះ​មាន​ផ្ទៃដី​សរុប​៧៥០​ហិកតា ប៉ុន្តែ​បាន​ដោះស្រាយ​ផលប៉ះពាល់ រួមទាំង​បានធ្វើ​សមាហរណកម្ម​ជូន​ពល​រដ្ឋ​៤៩​គ្រួសារ​អស់​២៥០​ហិកតា​។ លោក​ឧ​ត្ត​ម សេនីយ៍ អោយដឹងទៀតថា ចំណែក​ពលរដ្ឋ​មួយ​គ្រួសារ ដែល​តម្រូវអោយ​អោយ​រុះរើ​ផ្ទះ​ហើយ​ចាក​ចេញពី​ដី​ក្នុង​គម្រោង​មណ្ឌល ព្រោះ​គាត់​មក​រស់នៅ​ក្រោយ​ការបង្កើត​មណ្ឌល​នេះ​។ ម្យ៉ាងវិញទៀត​ដី​នោះ គឺ​គាត់​ជួល​ម្ចាស់​ដើម​ដាំ​សណ្តែក​តែប៉ុណ្ណោះ​។ លុះ​ពេល​ឃើញ​មានការ​ដោះស្រាយ​ដល់​ពលរដ្ឋ​៤៩ គ្រួសារ​ដែលជា​ម្ចាស់​ដី​ពិត ពួកគាត់​បំបែក​ជា​ពី​គ្រួសារ​ហើយ​ទាមទារ​សំណង​ដូច​គេ​ទៅវិញ​។ តាមពិត​ម្ចាស់​ដី​ពី​ខាងដើម​ដែលមាន​ទំ​ហ៊ំ​១៦៥០០​ម៉ែត្រការ៉េ​នោះ គឺ​បានទទួល​សំណង​រួច​អស់ហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បញ្ជាក់ថា ទោះ​លិខិត​ដែល​ចេញ​អោយ​ពួកគាត់​រុះរើ ដល់​ឱសានវាទ ក៍​ខាង​លោក​នៅ​មិនទាន់​ចុះ​អនុវត្ត​រដ្ឋបាល​ដែរ គឺ​រងចាំ​ហស​ការ​ជាមួយ​សាលាខេត្ត​និង​ស្ថាប​ន័​ពាក់​ព​ន្ធ័​សិន​។​ប៉ុន្តែ​ត្រូវតែ​រុះរើ​ដោយ​ចាំបាច់​។​

​លោក​ជា រី ពលរដ្ឋ​ដែល​ត្រូវ​រង​នូវ​ការរុះរើ​ផ្ទះ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ក្បាលដី​របស់​ពួកគាត់​ផ្នែក​ខាងលិច​២០​ម៉ែត្រ​ផ្នែក​ខាងកើត​៤០​ម៉ែត្រ​ជម្រៅ​ទៅក្រោយ​១៤០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ស្នា​សង្គ្រាម ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង​។​ដី​នេះ​ពួកគាត់​ពីរ​គ្រួសារ ជាមួយ​ឪពុកក្មេក​ឈ្មោះ​នូ លាង មក​រស់នៅ​អាស្រ័យ ផល​ដែល​ផ្តល់អោយ​កាន់កាប់​ពី​ម្ចាស​ដើម​ឈ្មោះ​កុង មេ​ត តាំងពី​ឆ្នាំ​២០០៤ មក​។ ចឹ​ង​ទេ​បើ​អោយ​ពួកគាត់​ចាកចេញ​ដោយ​គ្មាន​សំណង​គឺ​មិនអាច​ឡើយ​។ ក្នុងករណីនេះ ពួក​ខ្ញុំ​សុំអោយ​ប្រធាន​មជ្ឈមណ្ឌល​មេត្តា​ពិចារណា ព្រោះ​រស់នៅ​ជិត​២០​ឆ្នាំ​មកហើយ​។​

​ជាមួយ​ហេតុផល​ដែល​បាន​លើ​ល​ឡើង​របស់​ពលរដ្ឋ​ខាងលើ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ពៅ ស៊ា ប្រធាន​ម​ជ្ឍ​ម​ណ្ឌ​យោធិន​ពិការ នៅតែ​បង្ហាញ​ជំ​ហ៊រ​របស់​អង្គភាព ដោយ​បញ្ជាក់ថា សំណង​ជា​ផ្លូវការ​គឺ​មិនអាច​ឡើយ​។​ប៉ុន្តែ​ក្នុងនាម​ពលរដ្ឋ និង​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ គឺអាច​ផ្តល់​ជា​មនោសញ្ចេតនា​បាន​ខ្លះៗ​ប៉ុណ្ណោះ​៕ ល​