ប្រធាន​មន្ទីរអប់រំ​មណ្ឌលគិរី មិន​ហ៊ាន​រំពឹងទុក​លើ​លទ្ធផល​ប្រលង តែ​ថា សិស្ស​ធ្វើ​បានល្អ​ច្រើន​

1928
ចែករម្លែក

(​មណ្ឌលគិរី​)៖ មណ្ឌល​ប្រលង​សញ្ញាបត្រ​ទុតិយភូមិ នៃ​វិទ្យាល័យ​មណ្ឌលគិរី បាន​ដំណើរការ​ប្រលង​រយៈពេល ២​ថ្ងៃ​កន្លះ បញ្ចប់​ទៅដោយ​រលូន គ្រា​ដែល​បេក្ខជន​ទាំងអស់​បាន​ប្រឹងប្រែង​ធ្វើ​វិញ្ញាសារ​ដោយ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ជាហេតុ​បង្ក​ឲ្យ​មណ្ឌល​ប្រលង ខេត្ត​នា​ភាគ​ឥ​សាន្ត​មួយ​នេះ ប្រព្រឹត្ត​ទៅដោយរ​លួ​ន​។​

​ក្នុង​ដំណើរ​ការប្រលង​ដែល​ទើបនឹង​បញ្ចប់​កាលពី​ល្ងាច ម្សិលមិញ​នេះ គឺ​បានបញ្ចប់​ទៅដោយ​រលូន និង​យុត្តិធម៌ នេះ​បើ​ផ្អែកលើ​សំដី​របស់​មន្ត្រី​ក្នុង​មណ្ឌល​ប្រលង​អះអាង​កាលពី​ល្ងាច​ថ្ងៃទី​២២​សីហា​។

តែ​ទោះជា​យ៉ាងណា ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តមណ្ឌលគិរី មិន​ធ្វើការ​សន្និដ្ឋានថា មាន​បេក្ខជន​ប្រលង​អាចជា​ប់​តិច ឬ​ច្រើន​ក៏​នោះទេ ប៉ុន្តែ​លោក​សង្កេតឃើញថា បេក្ខជន​ប្រលង ទាំងអស់​គឺ​ធ្វើបាន​យ៉ាង​ល្អ​ក្នុងពេល​ប្រលង ដោយ​ប្រើ​សមត្ថភាព​ខ្លួនឯង​ផ្ទាល់ មិនមាន​ការ​លួច​មើល​សំណៅ​ឯកសារ ឬ​ប្រ៊ី​យ៉ុង​នោះទេ​។

​ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តមណ្ឌលគិរី លោក ទឹម សង្វាត បាន​ឲ្យ​ដឹងថា លោក​ពុំទាន់​ហ៊ាន​រំពឹងទុក​អំពី លទ្ធផល​ប្រលង​នោះទេ ប៉ុន្តែ​លោក​មើលឃើញថា​បេក្ខជន​ទាំងអស់ គឺ​ធ្វើបាន​ច្រើន និង​គ្មាន​កំហុស​ក្នុងពេល​ប្រលង​ឡើយ​។

​លោក​ថា បើ​សម្រាប់​សម័យ​ប្រលង​កាលពី​ឆ្នាំមុន ក្នុងចំណោម​បេក្ខជន​ប្រលង​សរុប​ចំនួន ២៦៣​នាក់ គឺមាន​អាត្រា សិស្ស​ដែលជា​ប់​ជាង​៨០% នៅក្នុង​ខេត្តមណ្ឌលគិរី ហើយ​ក៏មាន​សិស្ស​ឆ្នើម​ដែល​ទទួលបាន​និទ្ទេស A ០១​នាក់​ផងដែរ​។ ក្នុង​ខេត្តមណ្ឌលគិរី​ឆ្នាំនេះ មាន​មណ្ឌល​ប្រលង​ពីរ​មណ្ឌល គឺ​ស្ថិតក្នុង​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី ក្នុងនោះ​មាន​បេក្ខជន​ប្រលង សរុប​ចំនួន​៣២០​នាក់ ស្រី​១៦៨​នាក់ ស្មើនឹង​១៤​បន្ទប់​ប្រលង​។ ក្នុងការ​ប្រលង​នេះ គឺមាន​បេក្ខជន​ប្រលង​អវត្តមាន​ចំនួន​០២​នាក់​។

​គ្រូ​អនុរក្ស​ក្នុង​ដំណើរ​ការប្រលង​នេះ​ផ្ទាល់​ផងដែរ បាន​ឲ្យ​ដឹងថា បេក្ខជន​ប្រលង​ទាំងអស់ ក្នុង​ខេត្តមណ្ឌលគិរី គឺ​ពុំមាន​បេក្ខជន ដែល​លួច​យក​សំណៅ​ឯកសារ ឬ​ប្រ៊ី​យ៉ុង ចូលក្នុង​បន្ទប់​ប្រលង​នោះទេ ពោលគឺ​ពួកគេ​ប្រលង​ដោយ​សមត្ថភាព​តែម្ដង ហើយ​លោក​ក៏​សង្កេតឃើញ​បេក្ខជន​ប្រលង​ទាំងអស់ គឺ​ធ្វើបាន​ល្អប្រសើរ ណាស់ ដោយ​សូម្បីតែ​បេក្ខជន​បំពេញវិជ្ជា ក៏​អាចធ្វើ​កិច្ចការ​ក្នុង​វិញ្ញាសារ​ប្រលង​បាន​យ៉ាង​រលូន​ដែរ​។

កាលពី​ថ្ងៃ​ដែល​សិស្សានុសិស្ស​រៀន​បំប៉ន​ត្រៀម​ចូលរួម​ប្រលង​បាក់​ឌុប​នោះ អភិបាលខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំ​អ៊ាង ក៏បាន​សន្យាថា នឹង​ផ្តល់​ម៉ូតូ​០១​គ្រឿង ជូន​ដល់​បេក្ខជន ដែល​ប្រលង​ជាប់​និទ្ទេស A ក្នុង​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​ខេត្តមណ្ឌលគិរី​ឆ្នាំ​២០១៧​នេះ ដើម្បី​ជាការ​ផ្តល់ កំលាំងចិត្ត និង​លើកទឹកចិត្ត​ដល់​សិស្ស​ឆ្នើម ដែល​ខិតខំ​រៀនសូត្រ​៕L ដោយ​៖ សាត​ចាន់​បុត្រ​