ដោយៈបាយ័ន/សៀមរាបៈលោកង៉ូវ សេងកាក់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា មណ្ឌលព័ត៌មាន គឺមានតួនាទីយ៉ាងសំខាន់ក្នុងការណែនាំ និងផ្តល់ព័ត៌មានពីតំបន់ទេសចរណ៍ ជួយសម្រួលដល់ភ្ញៀវទេសចរបានទៅស្គាល់និងបានទៅកម្សាន្តតំបន់ទាំងនោះខណៈនៅក្នុងខេត្តសៀមរាប។
លោកង៉ូវ សេងកាក់បន្តថាមានតំបន់ទេសចរណ៍ជាច្រើនទាំងតំបន់ទេសចរណ៍ធម្មជាតិ បេតិកភ័ណ្ឌ ប្រវត្តិសាស្ត្រនិងតំបន់ទេសចរណ៍កែច្នៃ។មណ្ឌលព័ត៌មានទេសចរណ៍នេះគឺមិនត្រឹមតែជាកន្លែងផ្តល់នូវសេវាបដិសណ្ឋារកិច្ចនិងផ្តល់ព័ត៌មានទេសចរណ៍នានាដល់ភ្ញៀវទេសចរប៉ុណ្ណោះទេ។ប៉ុន្តែក៏ជាកន្លែងផ្សព្វផ្សាយពីសក្តានុពលនិងផលិតផលទេសចរណ៍ក្នុងស្រុកផងដែរ។ដែលទាំងនេះគឺជាការផ្តល់អត្ថប្រយោជន៍វិជ្ជមានដល់សង្គមសេដ្ឋកិច្ចនិងភាពសុខដុមរមនាក្នុងតំបន់គោលដៅទេសចរណ៍។
លោកង៉ូវសេងកាក់បញ្ជាក់ទៀតថាបច្ចុប្បន្ននេះមានអ្នកទេសចរជាច្រើនបានមកសួរព័ត៌មាននៅមណ្ឌលព័ត៌មានទេសចរណ៍នេះហើយភាគច្រើនជាប្រភេទភ្ញៀវទេសចរធ្វើដំណើរឬក្រុមភ្ញៀវធ្វើដំណើរដោយឯករាជ្យ។ព្រោះការសម្រេចចិត្តរបស់ភ្ញៀវទេសចរបែបឯករាជ្យគឺអាស្រ័យលើការស្វែងរកព័ត៌មានពីប្រភពព័ត៌មានខាងក្រៅដូចជាសៀវភៅផ្នត់់ទេសចរណ៍សៀវភៅមគ្គុទេសក៏ទេសចរណ៍ប្រព័ន្ធផ្សព្វផ្សាយល្បីៗទីភ្នាក់ងារទេសចរណ៍និងព័ត៌មានទេសចរណ៍ដែលផ្តល់ដោយមណ្ឌលព័ត៌មានទេសចរណ៍ប្រចាំនៅតាមគោលដៅទេសចរណ៍។
ជាពិសេសមណ្ឌលព័ត៌មានទេសចរណ៍នេះបានជួយសម្រួលដល់អ្នកទេសចរដែលវង្វេងផ្លូវរកសណ្ឋាគារស្នាក់នៅមិនឃើញឬក៏មានពាក្យបណ្តឹងក្នុងខេត្តអាចដាក់ប្តឹងបានខណៈមន្ត្រីជំនាញនឹងដោះស្រាយជូនគាត់ឲ្យបានទាន់ពេលវេលា។ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងទៀតថាបច្ចុប្បន្ននេះនៅក្នុងក្រុងសៀមរាបមានមណ្ឌលព័ត៌មានទេសចរណ៍ចំនួន៤កន្លែងហើយ។
ប៉ុន្តែដោយសារមណ្ឌលព័ត៌មានទេសចរណ៍នេះបានផ្តល់ប្រយោជន៍ច្រើនដល់វិស័យទេសចរណ៍កម្ពុជាមន្ទីរទេសចរណ៍ខេត្តសៀមរាបគ្រោងបង្កើតមណ្ឌលព័ត៌មានទេសចរណ៍មួយទៀតនៅជិតរង្វង់មូលផ្លូវ៦០ម៉ែត្រដែលសាងសង់ឡើងតាមស្តង់ដាមានកន្លែងផ្តល់ព័ត៌មានមានភោជីយដ្ឋានមានបន្ទប់ទឹកស្អាត។មណ្ឌលព័ត៌មានទេសចរណ៍ថ្មីនេះគ្រោងសាងសង់ឲ្យរួចរាល់នៅខែសីហាឆ្នាំ២០១៩នេះក្រៅពីនេះនៅក្នុងក្រុងមន្ទីរក៏គ្រោងរៀបចំឲ្យមានមណ្ឌលព័ត៌មានទេសចរណ៍នៅតាមសហគមន៍ផងដែរ ៕S/