ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តមណ្ឌលគិរីៈ “​ការ​ចងក្រង​ប្រវត្តិ​ជនជាតិដើម​ខ្មែរ​ភាគតិច​បាន​រួចរាល់​ចំនួន​ប្រាំមួយ​”

691
ចែករម្លែក
  • 50
    Shares

​ដោយៈ សាត ចាន់​បុត្រ / មណ្ឌលគិរីៈ​ ដោយយោង​លើ​ភាពជាក់ស្តែង នៃ​ប្រជាជន​ដែល​កំពុង​រស់នៅ​លើទឹក​ដី ខេត្តមណ្ឌលគិរី មានការ​កើនឡើង​ច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដោយ បូក​រួមទាំង​ខ្មែរលើ​ដែលជា​ម្ចាស់​ស្រុក​រស់​នៅលើ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​តាំងពី​យូរលង់​ណាស់​មកហើយ​នោះ មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ ក៏បាន​យកចិត្តទុកដាក់​ក្នុងការ​ចងក្រង​ជា​ឯកសារ​ផ្លូវការ​ទាក់ទង​ទៅនឹង​បងប្អូន​ខ្មែរលើ​ដើម្បី​ទុកជា​ឯកសារ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​និង​អភិរក្ស​។​មកដល់ពេលនេះ​ឯកសារ​មួយចំនួន​ត្រូវ​បានរៀបចំ​ប្រមែប្រមូល​រួចមកហើយ​។​

បងប្អូន​ខ្មែរលើ​អម្បូរ មន​.​ខ្មែរ ដែល​កំពុង​រស់នៅ​តំបន់​ព្រៃភ្នំ ស្ថិតក្នុង​ភូមិភាគ​ឦសាន​នៃ​កម្ពុជា​៕ (​រូប​ថ​តៈ សាត ចាន់​បុត្រ​)

​ខាងក្រោម​នេះ​គឺជា​បទសម្ភាសន៍​រវាង​លោក សាត ចាន់​បុត្រ អ្នកឆ្លើយឆ្លង​ព័ត៌មាន​កាសែត រស្មី​កម្ពុជា​ប្រចាំខេត្ត​មណ្ឌល​គី​រី​ជាមួយ​លោក សី ទូច ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ ខ្លឹមសារ​នៃ​កិច្ចសម្ភាសន៍​មាន​ដូចតទៅ​៖

​រស្មី​កម្ពុជាៈ ជម្រាបសួរ​លោក​ប្រធាន​តើ​លោក​សុខ​សប្បាយ​ដែរឬទេ ? ថ្មីៗ​នេះ​ឃើញ​លោក​រវល់​ច្រើន​ពាក់ព័ន្ធ​នឹង​ការចុះ​តាម​ភូមិ​ឆ្ងាយៗ​ដែលមាន​បងប្អូន​ខ្មែរលើ​រស់នៅ​ដើម្បី​ប្រមូល​ឯកសារ​ឈានទៅដល់​ការបង្កើត​និង​ចងក្រង​ឯកសារ​ប្រវត្តិ​ជនជាតិ​ខ្មែរលើ​ភាគតិច​។​ខ្ញុំ​ចង់ដឹងថា
​តើ​ក្រុមការងារ​លោក​សម្រេច​លទ្ធផល​យ៉ាងណា​ហើយ​មកដល់ពេលនេះ​?
​ចម្លើយៈ​ជាបឋម​ខ្ញុំ​សូម​ថ្លែងអំណរគុណ​លោក សាត ចាន់​បុត្រ តំណាង​ឲ្យ​កាសែត​រស្មី​កម្ពុជា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​មកជួប​សម្ភាស ជាមួយ​ខ្ញុំ ។​ខ្ញុំ​សុខ​សប្បាយ​ជាធម្មតា​ទេ​។​ពាក់ព័ន្ធ​នឹង​កិច្ចការ​ចងក្រង​ឯកសារ​របស់​បងប្អូន​ជនជាតិខ្មែរ​ដើម​ភាគតិច​ខ្ញុំ​សូម​ជម្រាប​លោក​ថា គឺ​មន្ទីរ​បានបញ្ចប់​ការ​ចងក្រង​បាន​ចំនួន​ប្រាំមួយ ក្រុម​កុលសម្ព័ន្ធ​។​ក្នុងនេះ​មាន ប្រវត្តិ ខ្មែរលើ​ព្នង​,​ក្រោល​,​ថ្មូ​ន​,​រ​អូ​ង​,​ចា​រ៉ា​យ និង ស្ទៀង ។​ពោលគឺ​មន្ទីរ​បានធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ចុង​ក្រាយ​និង​ផ្លូវការ​រួចរាល់​អស់ហើយ​។ ដោយឡែក​ក្រុម​ជនជាតិ​ខ្មែរលើ​ដែល​នៅសល់​ចំនួន​បួន​ទៀត​ក្នុងនោះ​មាន ខ្មែរលើ​រដែរ​,​គ្រឹ​ង​,​ទំ​ពូន និង គួ​យ គឺ​មន្ទីរ​មិន​សិក្សា​ចងក្រង​បន្តទៀត​ទេ​ដោយមាន​ចំនួន​តិចពេក​។​

​រស្មី​កម្ពុជាៈ តើ​រយៈពេល​នៃ​ការ​ចងក្រង​ឯកសារ​នេះ​ចាប់ផ្តើម​តាំងពី​ពេលណា​មក​?
​ចម្លើយៈ អរគុណ ជា​បទពិសោធន៍​សម្រាប់​ការសិក្សា​ចងក្រង​នូវ​ប្រវត្តិ​ជនជាតិ​ខ្មែរលើ​នីមួយៗ​គឺមាន​រយៈពេល​មួយឆ្នាំ​ស្របទៅនឹង​ផែនការ​ដែល​បានគ្រោង​និង​ប្រតិទិន ការងារ​ប្រចាំឆ្នាំ​។​

លោក សី ទូច ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី​។​

​រស្មី​កម្ពុជាៈ លោក​ប្រធាន​អាច​បញ្ជាក់​បានទេ​ថា តើ​ជនជាតិ​ខ្មែរលើ​ដែល​កំពុង​រស់នៅក្នុង​ទឹកដី ខេត្ត​មណ្ឌល​គី​រី នេះ​មាន​ប៉ុន្មាន​គ្រួសារ​ហើយ​ចែកចេញជា​អម្បូរ ខ្មែរលើ​អ្វី​ខ្លះទៅ ? (​ឧៈ ស្ទៀង ព្នង​-​ល​-)
​ចម្លើយៈ​បាទ​បើតាម​ស្ថិតិ​បានផ្តល់​ដោយ​មន្ទីរ​ផែនការ​ខេត្ត​នៅ ឆ្នាំ​២០១៦ គឺ​ក្រុម​ជនជាតិខ្មែរ​ដើម​ភាគតិច​នៅក្នុង ខេត្តមណ្ឌលគិរី មាន​ចំនួន​១០​ក្រុម​(​សូម​មើល​នៅ​សំនួរ​ទី​១) ស្មើ​ចំនួន​៣៥.៣៣៦​នាក់​។​

​រស្មី​កម្ពុជាៈ តើ​ខ្មែរលើ​ដែល​លោក​រៀបរាប់​ខាងលើ​នោះ​ពួកគាត់​រស់នៅ​យ៉ាងម៉េច​ដែរ​ខណៈ​ខ្មែរ​កណ្តាល​បាន​ចូលមក​រស់នៅ​ជាមួយ​ពួកគាត់​ច្រើនឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នោះ ?
​ចម្លើយៈ​ជាការ​ពិតណាស់​!​ពួកគាត់​បាន​ជួប​នូវ​បញ្ហា​មួយចំនួន​ដែលជា​ទម្លាប់​ពី​បុរាណ​របស់គាត់​។​ដូចជា​ការប្រកប​រប​ចិញ្ចឹមជីវិត​(​ពឹង​លើ​ធនធានធម្មជាតិ​) ការធ្វើ​ស្រែចម្ការ​(​ចម្ការ​ពនេចរ​)​។​តែ​ទោះជា​យ៉ាងណា​មកដល់​បច្ចុប្បន្ន​ពួកគាត់​បាន​សម្រប​ខ្លួន​និង​រស់នៅ​ប្រកប​សុខដុម​នីយកម្ម​ដោយ​ប្រតិបត្តិ​តាមច្បាប់​និង​លិខិត បទដ្ឋាន​របស់​ជាតិ​។ អ្វីដែល​ពិសេស គឺ​ពួកគាត់​មួយចំនួនធំ​ប្រតិបត្តិ​បាន​នូវ​ប្រពៃណី​ទំនៀមទម្លាប់​ប្រពៃណី​របស់​ពួកគាត់​ទោះជា​មានការ​វាយលុក​ចូល​ឥទ្ធិពល​វប្បធម៌​ប្រពៃណី​ក្នុងសម័យ​សកលភាវូបនីយកម្ម​ពី​ខាងក្រៅ​យ៉ាងណាក្តី​។​

​រស្មី​កម្ពុជាៈ​ក្នុងពេល​ដែលមាន​បងប្អូន​ខ្មែរ​កណ្តាល​មក​រស់នៅ​លាយឡំ​ច្រើន​ជាមួយ​បែបនេះ​តើ​ប្រពៃណី​វប្បធម៌​និង​ការរស់នៅ​របស់​បងប្អូន​ខ្មែរលើ​មានការ​ចម្លង​ឬ​ទទួល​ឥទ្ធិពល​ពី​ខ្មែរ​កណ្តាល​ដែរឬទេ ?
​ចម្លើយៈ​(​សើច​ញឹមៗ​)​ដូច​បានបញ្ជាក់​ខាងលើ​ហើយ​ថ្វីដ្បិតតែ​ក្រុម​គាត់​រស់នៅ​លាយឡំ​ជាមួយ​ជាតិ​សាសន៍​ផ្សេងៗ​ជាពិសេស​ខ្មែរ​កណ្តាល​ក៏​ពួកគាត់​នូវតែ​រក្សាបាន​នូវ​ប្រពៃណី​និង​ទំនៀមទម្លាប់​ដ៏​ល្អ​ផូ​ផង់​របស់គាត់​ដែរ​។ បើតាម​អង្កេត​គឺ​ពួកគាត់​ចម្លង​យកតែ​ការ​ស្លៀកពាក់​ភាគច្រើន និង​សាសនា​តែ​បន្តិចបន្តួច​ទេ​។​

​រស្មី​កម្ពុជាៈ ប្រសិនបើ​ពួកគាត់​ចម្លង​តាម​តើ​មន្ទីរ​ត្រូវធ្វើ​អ្វីខ្លះ​លើ​ករណី​មួយ​នេះ ?​តើ​ត្រូវ​អភិរក្ស​ឬ​ដូចម្តេច​
​ចម្លើយៈ​បាទ​តាមរយៈ​បទពិសោធន៍​មន្ទីរ​បាន​អនុវត្ត​កន្លងទៅ​និង​ជាប្រចាំ​ដើម្បី​ទប់ស្កាត់​ការចម្លង​យក​ឥទ្ធិពល​វប្បធម៌​ពី​ខាងក្រៅ​របស់​បងប្អូន​ជនជាតិ​ខ្មែរលើ​មន្ទីរ​បាន​ផ្សព្វផ្សាយ​និង​ជំរុញ​ដល់​យុវជន​ដែលជា​ជនជាតិខ្មែ​ដើម​ភាគតិច​ឱ្យ​យល់​ពី​តម្លៃ​នៃ​ជាតិ​សាសន៍​នីមួយៗ​ពី​ការទទួលយក​វប្បធម៌​ប្រពៃណី​ខាងក្រៅ​គឺ ដោយ​កត្តា​ខ្លួនឯង​។​គឺជា​ការស្ម័គ្រចិត្ត​រប​ស់​គាត់​ផ្ទាល់​មិនមាន​ការបង្ខិតបង្ខំ​ទេ !​។ សំណួរ​តែងតែ​ចោទសួរ​ទៅ​គាត់​ថា តើ​យើង​សុខចិត្ត​បំបាត់​ជាតិ​សាសន៍​ឬ​ប្រពៃណី​ដោយ​ខ្លួនឯង​ផ្ទាល់​ឬ​យ៉ាងណា ? មកដល់​បច្ចុប្បន្ន​យើង​សង្កេតឃើញថា យុវជន​ខ្មែរលើ​ភាគតិច​ជាពិសេស យុវជន​ជន​ដែល​ទទួលបាន​ការសិក្សា​ជ្រៅជ្រះ គឺ​បាន​នឹង​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​ថែរក្សារ​ប្រពៃ​ទំនៀមទម្លាប់​របស់​ពួកគាត់​។​

​រស្មី​កម្ពុជាៈ វិល​ទៅរក​សំណួរ​ខាងដើម​វិញ​។​ខ្ញុំ​ជម្រាបសួរ​លោក​ប្រធាន​ថា​ការ​ចងក្រង​ឯកសារ​ព្រាង​ដែល​លោក​ទើបនឹង​ចងក្រង​រួចរាល់​។ តើ​នៅក្នុង​ឯកសារ​នោះ​និយាយ​ពីអ្វី​ខ្លះ​ដែរ​ទៅ ?
​ចម្លើយៈ​ខ្ញុំ​សូម​ជម្រាប​លោក​ថា ការសិក្សា​ស្រាវជ្រាវ​អ្វី​ក៏ដោយ​គឺ​ត្រូវមាន​ក្បួនខ្នាត មាន​ទម្រង់ មាន​បញ្ជី​សំនួរ​…​សម្រាប់​ឯកសារ​ដែល​មន្ទីរ​បាន​ចងក្រង​រួចរាល់​ត្រូវ​សិក្សា​ទាំងអស់​អំពី​ប្រវត្តិ​របស់​ពួកគាត់​រួមមាន​ដូចជា ការរស់នៅ​,​ការសាងសង់​ផ្ទះ​,​ការរៀប​អាពាហ៍ពិពាហ៍​,​ការប្រតិបត្តិ​ជំនឿ​សាសនា​,​ការប្រកប​របរ ចិញ្ចឹមជីវិត​។​ល​។ ចាំ​ខ្ញុំ​ជូន​លោក ចាន់​បុត្រ មួយច្បាប់​នូវ​ទម្រង់​សិក្សា​ស្រាវ​មួយ​នេះ​។​

​រស្មី​កម្ពុជាៈ នៅក្នុង ឆ្នាំ​២០១៨ ដែល​ជិត​នឹង​ឆ្លង​ផុត​ចូលឆ្នាំ​បន្ទាប់​នេះ​តើ​មន្ទីរ​ក្រោម​ការដឹកនាំ​របស់លោក​ប្រធាន​បានធ្វើ​អ្វីខ្លះ​ចំពោះ​បងប្អូន​ខ្មែរលើ បូករួម​ទាំង​សមិទ្ធផល​របស់​មន្ទីរ​ដែល​កសាង​ផងដែរ ?
​ចម្លើយៈ សមិទ្ធផល​សំខាន់ៗ​ដែល​មន្ទីរ​បាន​អនុវត្ត​ក្នុង​គោលបំណង​លើកកម្ពស់​និង​ថែរក្សា​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជន​ជាតិខ្មែរ​ដើម ភាគតិច​រួមមាន យើង​បាន​ច្រង​ក្រង មុខ​ម្អួ​ប​ខ្មែរលើ​ព្នង​បាន​១៩​មុខ​។​បាន​សមុច្ច័យ​ឧបករណ៍ប្រើប្រាស់​របស់​ខ្មែរលើ​ព្នង​បាន​១០០​មុខ​។​បាន​ផ្សព្វផ្សាយ​តម្លៃ​វប្បធម៌​ដល់ សិស្សានុសិស្ស តាម​វិទ្យាល័យ​និង​មហាជន ដោយមាន​អ្នកចូលរួម​ចំនួន​៥០០០​នាក់​។​បាន​ង្កើ​ត​ក្រុម​សិល្បៈ​សហគមន៍​បាន​ចំនួន​ប្រាំ​ក្រុម​។​បានរៀបចំ​កម្មវិធី​ផ្ទេរ​ជំនាញ​ដល់​អ្នកជំនាន់ក្រោយ​បាន​បី​ជំនាញ​។​បាន​បង្កើត​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិខ្មែរ​ដើម​ភាគតិច​បាន​ចំនួន​ពីរ​កន្លែង​និង​មាន​សមិទ្ធផល​ជាច្រើន​ទៀត​…​។​

​រស្មី​កម្ពុជាៈ​នេះ ជា​សំណួរ​ចុងក្រោយ​របស់ខ្ញុំ​។ តើ​នៅ ឆ្នាំ​២០១៩ ខាងមុខ​មន្ទីរ​មាន​ផែនការ​ជា​អាទិភាព​អ្វីខ្លះ ? ហើយ​លោក​មាន​ពាក្យពេចន៍​អ្វីខ្លះ​ដែល​ចង់​និយាយ​មហាជន​និង​អ្នកអាន​?
​ចម្លើយៈ​នៅ ឆ្នាំ​២០១៩ មន្ទីរ​មាន​ផែនការ​អាទិភាព​ចំនួន​១៧ សកម្មភាព​ដើម្បី​អនុវត្ត​ផែនការ​នេះ គឺ​ទទួលបាន​គាំទ្រ​ជា​ថវិកា​គ្រប់គ្រាន់​អស់ហើយ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជាតា​មរយៈ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​ជា​ចុងក្រោយ​ក្នុងនាម មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់លំដាប់​ថ្នាក់​សូមមេត្តា​បន្ត​ផ្តល់​ជា​អនុសាសន៍​កែលម្អ​និង គាំទ្រ​ដល់​គ្រប់​សកម្មភាព​របស់ មន្ទីរ​វប្បធម៌​និង​វិច​ត្រ​សិល្បៈ ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​វប្បធម៌​ជាតិ​ស្របតាម​គោលនយោបាយ​ជាតិ​ស្តីពី​វប្បធម៌​គឺ “​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​។ ជាថ្មី​ម្តងទៀត​សូម​ថ្លែងអំណរគុណ​ដល់​លោក សាត ចាន់​បុត្រ សហការី​កាសែត រស្មី​កម្ពុជា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​មក​យក ព័ត៌មាន​នៅ មន្ទីរ​វប្បធម៌​និង​វិចិត្រ​ខេត្ត​និង​សូម​ជូនពរ​លោក​ព្រមទាំង​ក្រុមគ្រួសារ​ជួបតែ​សំណាងល្អ​និង​ជោគជ័យ​គ្រប់​ភារកិច្ច​សូម​អរគុណ​។​

រស្មី​កម្ពុជាៈ​បាទ​ខ្ញុំបាទ​សូម​អរគុណ​ចំពោះ​លោក​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី ដែលជា​និច្ចកាល​លោក​តែងតែ​ឆ្លៀតពេល​ដ៏​មមាញឹក​ផ្តល់​បទសម្ភាសន៍​ជាមួយ រស្មី​កម្ពុជា​។ សូម​លោក​ទទួលបាន​សុខ​ភាពល្អ​ជោគជ័យ​ក្នុង​ការងារ​និង​សុភមង្គល​ល្អ​ដល់​លោក​និង​ក្រុមគ្រួសារ​៕ ល​