ប្រធាន​មន្ទីរ​សាធារណៈ​ការពន្យល់​ពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង​លិច​នៅ​រាជធានី​ភ្នំពេញ​

1153
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ទាក់ទិន​នឹង​បញ្ហា​ជំនន់​ទឹកភ្លៀង​នៅ​ដើមរដូវ​នេះ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ លោក​បាន​បញ្ជាក់ថា​៖ ការលិចលង់ បណ្តាលមកពី បញ្ហា​សំរាម បញ្ហា​ខ្វះ​អណ្តូង​លូ និង​បិតមាត់​អណ្តូង​លូ​ឱ្យនៅ​តូច​។ ហេតុដែល​សន្និដ្ឋាន​យ៉ាងដូច​នេះ ក៏ដោយ​សារ​ថា បាន​ផ្លាស់ប្តូរ​បណ្តាញ​លូ​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ រហូតដល់​ទៅ​៣២០​គីឡូម៉ែត្រ នៅក្នុង​ខណ្ឌ​ចំនួន​៤​ហើយក៏​កំពុងតែបន្ត​សកម្មភាព​នេះ​ឱ្យបាន​រួចរាល់​តាម​ផែនការ​។​ចំពោះ​ទឹក​ដែល​ធ្លាក់​ពី​ខណ្ឌ​ទាំងនេះ​បាន​ហូ​ធ្លាក់​ទៅ​ស្ថានីយ៍​បូមទឹក​បឹងត្របែក ហើយ​ស្ថានីយ៍​មួយ​នេះ មាន​សមត្ថភាព​បូមទឹក​រហូតដល់​ទៅ​១១​ម៉ូ​ទ័​រ ប៉ុន្តែ​កន្លងមក​យើង​បូម​បាន តែ​៦​ទៅ​៧​ម៉ូ​ទ័​រ​តែប៉ុណ្ណោះ ដោយសារ​ទឹក​ហូរ​មក​អត់​ទាន់​ព្រោះ​ស្ទះ​ដោយសារ​សំរាម​។​
​ ​ដោយ​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​មាន​ភ្ញៀ​ង​ធ្លាក់​យ៉ាងគំហុក​គឺ​ចាប់ពី​ថ្ងៃទី​២៥​និង​២៦​ខែមិថុនា​ឆ្នាំ​២០១៨​នេះ ធ្វើឱ្យ​តំបន់ និង​ផ្លូវ​សាធារណៈ​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ មានការ​លិចលង់ ធ្វើឱ្យ​មានមតិ​មួយចំនួន​បានលើកឡើង​អំពី​បញ្ហា​នេះ ប៉ុន្តែ​យ៉ាងណា​គេ​មើលឃើញថា ស្ថានភាព​ជំនន់​ទឹកភ្លៀង​ឆ្នាំនេះ អាច​ប្រសើរ​ជាង​ឆ្នាំ​កន្លង​មុនៗ​។​ក្នុងនោះ​លោក​ប្រធាន​មន្ទីរ​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា ការលិចលង់​ឆ្នាំនេះ នៅតាម​តំបន់​មួយចំនួន មានការ​ស្រក់​យ៉ាង​លឿន​ណាស់ បើ​ធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ បន្ទាប់ពី​ភ្លៀង​ធ្លា​ក់រួច​។ ការ​ស្រក់​លឿន​នេះ ដោយសារ​បានរៀបចំ​ប្រព័ន្ធ​លូ​បាន​ច្រើន ជាពិសេស​ការដាក់ចេញ​នូវ​យុទ្ធនាការ​ក្តៅគគុក ស្តា​ប្រព័ន្ធ​លូ ប្រឡាយ​ជាង​៤០០​គីឡូម៉ែត្រ របស់ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​លោក​ប្រធាន​បានលើកឡើង​ទៀតថា​៖ ល្បឿ​នៃ​ការហូ​ទឹក​ឃើញថា​បាន​លឿន បើទោះបីជា​ភ្លៀង​គំហុក​យ៉ាងណាក៏ដោយ​។ ម្យ៉ាងទៀត​ចំពោះ​បញ្ហា​ទឹកភ្លៀង​នេះ រាជធានី​ភ្នំពេញ​មានការ​លំបាក​ដោះស្រាយ បើ​ធៀប​ទៅនឹង​ទីក្រុង​ផ្សេងៗ ដោយសា​យើង​ព័ន្ធ​ជុំវិញ​ដោយ​ទំនប់ ជា​ដី​ទំនាប​ធ្វើឱ្យ​ល្បឿន​ទឹក​ហូរ​មាន​កម្លាំង​ខ្សោយ ដែល​ទាមទារ​ឱ្យ​យើង​ប្រើប្រាស់​ម៉ាស៊ីន​បូម​ចំនួន​១៣​នៅក្នុង​រាជធានី​ភ្នំពេញ​។​
​លោក​បន្ថែមថា​៖ ចាប់តាំងពី​រដូវវស្សា​មកដល់​មាន​ភ្លៀង​ធ្លាក់​ជា​ហូរហែ តែ​មិនដែល​លិចលង់​នោះទេ ទើបតែ​២​ថ្ងៃនេះ ដោយសារ​ភ្លៀង​ធ្លាក់​គំហុក​ខ្លាំង​លើសពី​៤០​មី​លី​ម៉ែត្រ​។ យ៉ាងណា​លោក​ថា ដើម្បី​សំរាល​ដល់​ការលិចលង់​នេះ ឱ្យមាន​ពេល​តិច​បំផុត គឺ​សុំឱ្យ​បងប្អូន​ជួយ​កាយ​សំរាម បាំង​សំរាស់ នៅមុខ អណ្តូង​លូ រួមជាមួយ​មន្ត្រីរាជកា​រ ដែល​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ជាខ្លាំង តាម​អនុសាសន៍​ណែនាំ របស់​អភិបាល​រាជធានី​ភ្នំពេញ​។​លោក​បន្តថា​៖ បច្ចុប្បន្ននេះ មើលឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បាន​បិទ​អណ្តូង​លូ ឬ​បិតមាត់​លូ​តូច ចៀសវាង​ក្លិនស្អុយ​នៅតាម​មុខផ្ទះ​រៀងខ្លួន ក៏​ជា​បញ្ហា​ដែលនាំឱ្យ​ទឹក​ហូរ​ចូល​លូ​យឺត និង​បង្ករ​ការលិចលង់ ឬ បាត់​អណ្តូង​លូ​នៅ​តំបន់​មួយចំនួន ដូច្នេះ​ស្នើឱ្យ​មាន​កិច្ចសហការ បើក​អណ្តូង​លូ និង​រាយ​ការ​មក​អាជ្ញាធរ ពិសេស​អ្នក​បិត​ផ្ទាល់​ត្រូវ​បើក​ឡើងវិញ​៕