ប្រធាន​រដ្ឋ​ចិន​ថ្វាយព្រះពរ​និង​អបអរ​ដល់​ព្រះករុណា​ក្នុងឱកាស​បុណ្យ​ឯករាជ្យជាតិ​៩​វិច្ឆិកា​

199
ចែករម្លែក
ប្រធាន​រដ្ឋ​ចិន​ថ្វាយព្រះពរ​និង​អបអរ​ដល់​ព្រះករុណា​ក្នុងឱកាស​បុណ្យ​ឯករាជ្យ​៩​វិច្ឆិកា​

​ភ្នំពេញៈ​លោក​ស៊ី​ជីន​ភីង​ប្រធាន​រដ្ឋ​ចិន​បាន​ផ្ញើ​សារលិខិត​ថ្វាយព្រះពរ​និង​អបអរសាទរ​ថ្វាយ​ដល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងឱកាស​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី ៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​ថ្ងៃទី ៩ ខែវិច្ឆិកា​។​
​ខ្លឹមសារ​នៃ​សារលិខិត​មាន​ដូចតទៅ ៖
​ព្រះមហាក្សត្រ​ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់ !​ក្នុងឱកាស​ខួប ៦៦ ឆ្នាំ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​តាងនាម​រដ្ឋាភិបាល​ចិន​និង​ប្រជាជន​ចិន ព្រមទាំង​រូបខ្ញុំ​ផ្ទាល់​សូម​សម្តែង​នូវ​ការអបអរសាទរ​យ៉ាង​កក់ក្តៅ​និង​ការ​ជូនពរ​យ៉ាង​ល្អប្រសើរ​ចំពោះ​រាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា​និង​ប្រជាជន​កម្ពុជា​ដែលជា​បងប្អូន ។​
ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ប្រជាជន​កម្ពុជា​បាន​ប្រកាន់ខ្ជាប់​ការដើរតាម​មាគ៌ា​អភិវឌ្ឍន៍​ដែល​សមស្រប​តាម​សភាពការណ៍​ជាតិ​របស់ខ្លួន ហើយ​ទទួលបាន​សមិទ្ធផល​ដ៏​ធំធេង​ថ្មី​ឥតឈប់ឈរ​ក្នុង​កិច្ច​ការកសាង​ជាតិ ។ ក្នុងនាម​ជា​ប្រទេសជិតខាង​មិត្ត​ភាពជា​ប្រពៃណី យើង​មាន​ទឹកចិត្ត​សោម​ន្ស​រីករាយ​យ៉ាង​ក្រៃលែង​ចំពោះ​ការ​នេះ ។ ខ្ញុំ​បាន​យកចិត្តទុកដាក់​ខ្ពស់​ដល់​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា និង​រីករាយ​ខិតខំ​ប្រឹងប្រែង​ជាមួយ​ព្រះអង្គ ដើម្បី​ផ្សព្វផ្សាយ​មិត្តភាព​ប្រពៃណី ក៏ដូចជា​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​មាន​ភាព​ស៊ីជម្រៅ ព្រមទាំង​ពួតដៃគ្នា​កសាង​សហគមន៍​រួម​វាសនា​រវាង​ចិន​និង​កម្ពុជា​ដែលមាន​អត្ថន័យ​ជា​យុទ្ធសាស្ត្រ ។​
ខ្ញុំ​ថ្នាក់ថ្នម​មិត្តភាព​ពិសេស​ជាមួយនឹង​ព្រះអង្គ សម្តេចព្រះ​មហាក្សត្រី​នរោត្តម មុនីនាថ សីហនុ​និង​ព្រះរាជវង្សានុវង្ស​កម្ពុជា​ស្វាគមន៍​ព្រះអង្គ​និង​ព្រះមហាក្សត្រី​យាង​មក​ពិនិត្យ​សុខភាព​និង​សម្រាក​ព្រះកាយ​នៅ​ប្រទេស​ចិន​ក្នុង​គ្រប់ពេលវេលា ។​

សូម​ប្រសិទ្ធពរ​ឱ្យ​ព្រះអង្គ​មាន​ព្រះរាជសុខភាព​ល្អ​បរិបូរណ៍​និង​សម្រេច​ព្រះរាជកិច្ច​ដោយ​ជោគជ័យ​និង​រលូន ។​
សូម​ជូនពរ​ឱ្យ​ប្រទេស​កម្ពុ​ជាមាន​ភាពរុងរឿង​ថ្កុំថ្កើង ប្រជាជន​កម្ពុ​ជាមាន​សុភមង្គល​និង​សុខសាន្តត្រាណ ៕

​ប្រធាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស៊ី​ជីន​ភីង​
ថ្ងៃទី ៩ វិច្ឆិកា ពី​ក្រុង​ប៉េកាំង​
(​រូបភាព​ឯកសារ​)