ប្រធាន​រដ្ឋ​វៀតណាម​ស្នើសុំ​រដ្ឋសភា​កម្ពុជា បង្កើន​កិច្ចសហប្រតិបត្តិការ​រ​ដ្ឋ​សភា​ប្រទេស​ទាំងពីរ​ឲ្យ​រឹងមាំ​បន្ថែមទៀត

500
ចែករម្លែក
  • 6
    Shares

ដោយៈ សុផល / ភ្នំពេញៈ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ង្វៀន ភូ​ជុង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុំម្មុយនីស្ត​និង​ជា​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​ឯកឧត្តម ង្វៀន ភូ​ជុង បាន​ជម្រាប​សម្តេច​ប្រធានរដ្ឋសភា ថា​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ ជា​ប្រពៃណី​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​ថែមទៀត ពិសេស​រដ្ឋសភា​ប្រទេស​ទាំងពីរ​។
​ឯកឧត្តម​ប្រមុខរដ្ឋ​វៀតណាម បាន​កោតសរសើរ​ចំពោះ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​រវាង​រដ្ឋសភា​កម្ពុជា​និង​វៀតណាម ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី​និង​ពហុភាគី​។ តាមរយៈ​វេទិកា​អន្តរ​សភា​នានា ដែលមាន​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា​អាយ​ប៉ា​ជាដើម​នោះ កម្ពុជា​វៀតណាម បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​។ ឯកឧត្តម​ប្រធាន​គណៈប្រតិភូ បាន​គូសបញ្ជាក់ថា សភាពការណ៍​ពិភពលោក​និង​តំបន់​មានការ​ប្រែប្រួល​ផ្លាស់ប្តូរ​ជានិច្ច​ទាំង​ផល​វិជ្ជមាន​និង​អវិជ្ជមាន ដែល​ទាមទារ​ឲ្យ​ប្រទេស​នីមួយៗ​ខិតខំ​តស៊ូ ដើម្បី​ជោគជ័យ​ប្រទេស​នីមួយៗ​។​

​ឯកឧត្តម ង្វៀន ភូ​ជុង បាន​លើកឡើងថា ចំណងមិត្តភាព​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​និង​វៀតណាម បាន​ឆ្លងកាត់​ការសាកល្បង​ដ៏​លំបាក​ជាច្រើន​ដំណាក់កាល ទំរាំ​បាន​ជោគជ័យ​ដូច​ពេលបច្ចុប្បន្ន​។ ចំណង​សាមគ្គីភាព​នេះ​ត្រូវ​ពង្រឹងពង្រីក​ទៅមុខ​បន្ថែមទៀត ជាពិសេស​កិច្ចសហប្រតិបត្តិការ​រ​ដ្ឋ​សភា​ប្រទេស​ទាំងពីរ ពីព្រោះ​រដ្ឋសភា​មាន​តួនាទី​សំខាន់​ក្នុងការ​កំណត់​គោលដៅ​អភិវឌ្ឍន៍​ប្រទេសជាតិ​។
​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ប្រទេស​វៀតណាម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នាឱកាស​នេះ​។ សម្តេច​បាន​គូសបញ្ជាក់ថា វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ង្វៀន ភូ​ជុង មិន​ត្រឹមតែ​បានផ្តល់​នូវ​កិត្តិយស​ដ៏​ធំធេង​ដល់​រដ្ឋសភា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់ ក្នុងការ​ជំរុញ​ទំនាក់ទំនង មិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ រវាង​បក្ស រដ្ឋ រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម កាន់តែ​រឹងមាំ​ទ្វេដង​ថែមទៀត​។

​សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​ប្រទេស​វៀតណាម​ដែល​បាន​រំដោះ​និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​តាំងពីដើម​មក និង​បាន​ផ្តល់ជំនួយ​សាងសង់​អគារ​រដ្ឋបាល​ដល់​រដ្ឋ​សភា​កម្ពុជា​។ សម្តេច​បាន​លើកឡើងថា​បច្ចុប្បន្ន​ប្រទេស​វៀតណាម កំពុង​ដើរតួនាទី​យ៉ាងសំខាន់ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ទាំង​ក្នុង​តំបន់ និង​សកលលោក ហើយ​កិត្យានុភាព​របស់​មិត្ត​វៀតណាម កាន់តែ​លេចធ្លោ​លើ​ឆាក​អន្តរជាតិ ។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អបអរសាទរ​ចំពោះ ប្រទេស​វៀតណាម ដែល​បាន​ក្លាយជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង គឺ ឯកឧត្តម ដូ ណា​ល់​ត្រាំ និង ឯកឧត្តម គីម ជុង​អ៊ុន នៅក្នុង​ខែកុម្ភៈ​នេះ ដែលជា​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់ ដើម្បី សន្តិភាព ស្ថិរភាព ក្នុង​តំបន់ និង​សកលលោក​នោះ​៕ ល​