ប្រធាន​រដ្ឋ​ឡាវ​រីករាយ​ដែល​ឃើញ​រដ្ឋសភា​កម្ពុជា​-​ឡាវ មាន​ទំនាក់ទំនង​ល្អ បម្រើ​ផលប្រយោជន៍​ប្រជាជន​ប្រទេស​ទាំងពីរ​

532
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: លោក ប៊ុន​ញាំ​ង វូ​រ៉ា​ជិត អគ្គលេខាធិការ​បក្ស​និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​សម្តែង​ក្តីសប្បាយ​រីករាយ នៅពេល​ឃើញ​ទំនាក់ទំនង​រដ្ឋសភា​ប្រទេស​កម្ពុជា​និង​ឡាវ​កាន់​ល្អ នៅក្នុង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ទាំង​នៅក្នុង​ក្របខណ្ឌ​ទ្វេភាគី​និង​ពហុភាគី​។​

​លោក​ប្រធាន​រដ្ឋ​បាន​សម្តែង​ក្តី​រីករាយ​បែបនេះ នៅពេល​ទទួល​ជួប​សវនាការ​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​គណៈប្រតិភូ​នៅ​វិមាន​រដ្ឋ នា​រសៀល​ថ្ងៃទី​៣១ ខែឧសភា​ឆ្នាំ​២០១៩​ខណៈ​សម្តេច​ប្រធានរដ្ឋសភា​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​និង​មិត្តភាព​នៅ​ប្រទេស​ឡាវ​។​

​លោក ប៊ុន​ញាំ​ង វូ​រ៉ា​ជិត បាន​លើកឡើងថា នៅពេល​រដ្ឋសភា​ប្រទេសជិតខាង​ទាំងពីរ ដែលមាន​មិត្តភាព សាមគ្គី​ភាពជា​បងប្អូន​តាំងពី​យូរលុង​មកហើយ​នោះ មាន​លក្ខណៈ​កាន់តែ​ល្អ​ឡើង​បែបនេះ គឺ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ប្រទេស​ទាំងពីរ​កាន់តែច្រើន​។ លោក​មាន​សង្ឃឹមថា រដ្ឋសភា​កម្ពុជា​និង​ឡាវ នឹង​រួមគ្នា​ជំរុញ​រាជរដ្ឋាភិបាល​ប្រទេស​ទាំងពីរ​អនុវត្ត​ឲ្យ​ពេញលេញ​នូវ​រាល់​កិច្ចព្រមព្រៀង អនុស្សរណៈ និង​កិច្ចសន្យា​នានា​ដែល​បានធ្វើ​ជាមួយគ្នា​ដើម្បី​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ប្រទេស​ទាំងពីរ ដូចជា​នៅក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ និង​កិច្ចការ​ព្រំដែន​ជាដើម​។​

​លោក​ប្រមុខរដ្ឋ បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប្រធានរដ្ឋសភា នៅ​ប្រទេស​ឡាវ​នៅពេលនេះ​មាន​សារសំខាន់​ណាស់​ដោយសារ​នេះ ជា​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​របស់​សម្តេច​បន្ទាប់ពី​រដ្ឋសភា​នីតិកាល​ទី​៦ បោះឆ្នោត​ជូន​សម្តេច​ធ្វើជា​ប្រធានរដ្ឋសភា​បន្តទៀត​។ លោក​សង្កត់ធ្ងន់ថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​ពេលនេះ បានបង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​សម្តេច​ចំពោះ​ទំនាក់ទំនង និង​មិត្តភាព ប្រទេស​ទាំងពីរ​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​សាទរ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង ដែល​ថ្នាក់ដឹកនាំ និង​ប្រជាជន​ឡាវ​សម្រេចបាន ក្នុង​ការកសាង អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម រីកចម្រើន​យ៉ាង​ឆាប់រហ័ស ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឡាវ កាន់តែ​ត្រូវបាន​លើកកម្ពស់ កាន់តែ​ល្អប្រសើរ​។

​សម្តេច​ប្រធាន​គណៈប្រតិភូ បាន​ជម្រាប​លោក​ប្រធាន​រដ្ឋ​ឡាវ​បន្តថា​៖ ក្នុងនាម​រដ្ឋសភា​កម្ពុ​ជា សម្តេច​និង​លោកស្រី ផានី យ៉ា​ថូ​ទូ ប្រធានរដ្ឋសភា​ឡាវ បាន​ឯកភាពគ្នា និង​វាយតម្លៃ​ខ្ពស់​ពី​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ នាពេល​កន្លងមក ក្នុងការ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ប្រជាជាតិ​ទាំងសងខាង រួមទាំង​កិច្ចសហប្រតិបត្តិការ​នា​នា រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំងពីរ​ផងដែរ​។

​ចំពោះ​ទំនាក់ទំនង​រដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ​វិញ សម្តេច​បាន​លើកឡើងថា កាលពីពេល​ថ្មីៗ​នេះ​រដ្ឋសភា​កម្ពុជា និង​ឡាវ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​កិច្ចព្រមព្រៀង​ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ចែករំលែក​បទពិសោធ​ន៍​ឲ្យ​គ្នា​ទៅវិញទៅមក ជាពិសេស​ការគាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​វេទិកា អន្តរ​សភា​នានា ទាំង​ក្នុង​ក្របខណ្ឌ​តំបន់​និង​សកលលោក​៕ ល​