ប្រធាន​ល្បុក្កតោ​កម្ពុជា ចុះសួរសុខទុក្ខ​សាលា​គុន​២ នៅ​ខេត្តកំពង់ឆ្នាំង​

1117
ចែករម្លែក
លោក ច័ន្ទ សារុន ពេល​សាកសួរ​សុខទុក្ខ​សាលា​គុន​ល្បុក្កតោ នៅ​ខេត្តកំពង់ឆ្នាំង (​រូប​៖ រ៉ូ​ហ្សា​)​

(​ភ្នំពេញ​): លោក ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​ថ្មីៗ​នេះ បាន​អញ្ជើញ​ចុះទៅ​សាកសួរ​សុខទុក្ខ​ដល់​សំណាក់​គុន​ល្បុក្កតោ​ចំនួន​២ នៅក្នុង​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​២៤​សីហា​។​

​សាលា​គុន​ទាំង​២ ដែល​លោក​ចុះទៅ​សាកសួរ​សុខទុក្ខ​នោះ គឺ​សាលា​គុន​ល្បុក្កតោ​តា​ដំបង​ដែក និង​សាលា​គុន​កុមារ​ទេព​មាន​រិ​ទ្ធ ដែល​ស្ថិតនៅ​ភូមិ​ផ្អេ​រ និង​ទៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ផ្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។ ជាមួយនឹង​ការចុះទៅ​សាកសួរ​សុខទុក្ខ​នេះ លោក​ប្រធាន​សហព័ន្ធ បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន ១.៣០០.០០០​រៀល ដល់​សាលា​គុន ដែលមាន​សិស្ស​ដែល​ស្នាក់នៅ​ហ្វឹកហាត់​ទៀតផង​។​

​លោក ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បាន​មាន​ថ្លែងអំណរគុណ​ដល់​សាលា​គុន​ទាំង​២ ដែល​ខិតខំ​គៀងគរ​យុវជន​វ័យក្មេង​ចូល​ហ្វឹកហាត់ ដើម្បី​ថែរក្សា​មរតក​ក្បាច់គុន​វប្បធម៌ ដ៏​ចំណាស់​មួយ​នេះ ឲ្យ​បាន​គង់វង្ស និង​ជួយ​អភិរក្ស ក្បាច់គុន​បូរាណ​នេះ ឲ្យ​ពិភពលោក​បានដឹង និង​ស្គាល់​កាន់តែច្បាស់​។

​លោក​ប្រធាន ក៏បាន​ស្នើ​ឲ្យ​សាលា​គុន​ទាំង​២ និង​សាលា​គុន​ដទៃទៀត ចូលរួម​ផ្សព្វផ្សាយ​ក្បាច់គុន​ល្បុក្កតោ ឲ្យ​មាន​សកម្មភាព​ផុសផុល ដើម្បី​ស្វែងរក​កីឡាករ កីឡាការិនី​ដែលមាន​ទេពកោសល្យ ត្រៀម​ចូលរួម​ការប្រកួត​នានា​នៅពេល​ខាងមុខនេះ ជាពិសេស​ការ​ប្រ​គួ​ត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ និង​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ ជាពិសេស ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​៕L ដោយ​៖ រ៉ូ​ហ្សា​