ដោយ: សាវរក្ស / ភ្នំពេញ: យុវជនសង្កាត់ច្រាំងចំរេះទី២ ដែលរងរបួសដោយសារជួបគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក និងកំពុងសម្រាកព្យាបាល នៅឯគេហដ្ឋាន ដោយមានការខ្វះខាតផងនោះ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានប្រធានសមាគមនារីខណ្ឌឬស្សីកែវផ្តល់ថវិកាដល់យុវជនសង្កាត់២នាក់ ជួបគ្រោះថ្នាក់ចរាចរ និងកំពុងខ្វះខាតទទួលថវិកាព្យាបាល។
ក្នុងសកម្មភាពយកចិត្តទុក្ខដាក់សួសុខទុក្ខយុវជនសង្កាត់ ដែលរងរបួសដោយសារជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ទាំង២នាក់យុវជនសង្កាត់ច្រាំងចំរេះទី២ ឈ្មោះ សរ ហាលីណាត និងយុវជនសង្កាត់ឬស្សីកែវ ឈ្មោះ វ៉ាន់ ប៊ុនតឺម ត្រូវបាន លោកស្រី អាន ផល្លា បានផ្ដាំផ្ញើលើកទឹកចិត្តដល់អ្នកមានជំងឺឲ្យខំតស៊ូថែរក្សាសុខភាពឲ្យបានល្អប្រសើរ ក្នុងជីវិតរស់នៅដោយមានក្ដីសង្ឃឹមជានិច្ច។
នាឱកាសនោះលោកស្រី អាន ផល្លា បានផ្ដាំផ្ញើទាំងអាជ្ញាធរភូមិ សង្កាត់ ឲ្យជួយរាយការណ៍អំពីស្ថានភាពជាក់ស្ដែង ពិតប្រាកដរបស់ជនទីទាល់ក្រ ក្នុងនោះមានទាំងអ្នកជំងឺរ៉ាំរ៉ៃ ចាស់ជរា ពិការភាព ទុរគតជនគ្មានទីពឹង ជួលផ្ទះគេ និងចាំផ្ទះឲ្យគេ ឫជួបឧបត្ថវៈហេតុផ្សេងៗ ជាដើម «ពោលជនងាយរងគ្រោះ» ដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ដើម្បីមានវិធានការរិះរកដំណោះស្រាយជូនឲ្យទាន់ពេលវេលា និងទាន់សភាពការ ដើម្បីឲ្យស្របទៅតាមអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ៕ ល