ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​គាំទ្រ​ការបង្កើត​ក្រុង​នៅតាម​ស្រុក​និ​មួយៗ​

1415
ចែករម្លែក

​ដោយ​:​ច្រាយ​ចំណាន​/​ភ្នំពេញៈ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​ឧកញ៉ា​លី ហួរ បាន​គាំទ្រ​នឹង ផែនការ​របស់​រដ្ឋាភិបាល ក្នុងការ​បង្កើត​ក្រុង​នៅតាម​ស្រុក​និ​មួយៗ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​និង​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ងាយស្រួល​។​

ឧកញ៉ា​លី ហួរ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមីនា​នេះ​ថា កាលណា​មានការ​អភិវឌ្ឍ​រៀបចំ​ជាទី​ក្រុង នឹង​ត្រូវមាន​ការិយាល័យ និង​តំបន់​ពាណិជ្ជកម្ម​របស់​ក្រុង​។ ហេតុនេះ​ការបង្កើត​ទីក្រុង​នៅតាម​មូលដ្ឋាន​ស្រុក​និ​មួយៗ​ពិតជា​ល្អ ព្រោះ​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការរីកចម្រើន​នៅ​ប្រទេស​របស់​យើង​។​លោក​បន្តថា ទោះជា​យ៉ាង​ណាន​លោក​មិនទាន់​ដឹងថា គម្រោង​នេះ​នឹង​ដំណើរការ​ពេលណា​នៅឡើយ​ទេ​។​

​លោក​បន្តថា “​កាលណា​បង្កើត​ឲ្យ​មាន​ទីក្រុង​ច្រើន មាន​តំបន់​ពាណិជ្ជកម្ម​នោះ នឹងធ្វើ​ឲ្យ​មានការ​វិនិយោគ​នៅតាម​មូលដ្ឋាន​នោះ​កាន់តែច្រើន ធ្វើ​ឲ្យ​ប្រទេស​យើង​កាន់តែ​រីកចម្រើន​”​។​កាលពីពេល​ថ្មីៗ​នេះ​សម្តេច​ក្រឡាហោម​ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រួ​ង​មហាផ្ទៃ​បាន​ថ្លែង​ឲ្យ​ដឹងថា ក្រសួងមហាផ្ទៃ​មាន​គម្រោង​បង្កើត​ទីក្រុង នៅតាម​ស្រុក​នីមួយៗ​នេះ គឺមាន​ប្រយោជន៍​ច្រើនណាស់ ដូចជា ការផ្សព្វផ្សាយ​បញ្ជ្រាប​ព័ត៌មាន ការផ្តល់សេវា​សាធារណៈ​ផ្សេងៗ ជាពិសេស​ការបម្រើ​សេវា​សាធារណៈ ដល់​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​ដែលមាន​តម្រូវការ​ច្រើន​។​

​សម្តេច​បាន​បន្តថា “​ការបង្កើត​ឲ្យ​មាន​សេវា​របៀបនេះ និង​អាច​ផ្តល់​ភាពជោគជ័យ​ច្រើន​ដល់​ម្ចាស់​ឧស្សា​កម្ម និង​សិប្បកម្ម លើ​ការអភិវឌ្ឍន៍​របស់ខ្លួន និង​ជួយ​ដល់​កម្មករ​ដែល​រស់នៅ​ក្នុង មូលដ្ឋាន​មានការ​ងារ​ធ្វើ​នៅ​ជិត​ផ្ទះសម្បែង ជាពិសេស​ជា​ផ្នែក​មួយ​ចូលរួម កាត់បន្ថយ​ចំណាក់ស្រុក​របស់​ប្រជាពលរដ្ឋ​មក​រស់នៅ​ទីក្រុង​”​។​

សម្តេច​ក្រឡាហោម​ស ខេង​បាន​បន្តថា នៅពេលដែល​រាជរដ្ឋាភិបាល បង្កើត​ទីក្រុង​បន្ថែម​កាន់តែច្រើន យើង​នឹង​ជម្រុញ​ការផ្តល់សេវា​សាធារណៈកា​ន់​តែ​ខិតជិត និង​នៅ​ទីកន្លែង​ណា ដែល​អាចបង្កើត​ច្រកចេញចូល​តែមួយ​បាន គឺ​យើង​ត្រូវតែ​អនុវត្តន៍ ព្រោះ​សម្រាប់​អ្នកមាន​តម្រូវការ​នៅលើ​ការផ្តល់សេវា ពួកគេ​មិន​ចំណាយ​ពេលវេលា​ច្រើន ក្នុង​ការដើរ​ស្វែងរក​ការផ្តល់សេវា។
ដូចនេះ​ការ​ជម្រុញ​ផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា គឺជា​ជម្រុញ​ដល់​ការ អភិវឌ្ឍ​ទាំង​វិស័យ​ឯកជន និង​សង្គមជាតិ​ទាំងមូល​៕S/

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​គាំទ្រ​ការបង្កើត​ក្រុង​នៅតាម​ស្រុក​និ​មួយៗ​