ប្រធាន​សហព័ន្ធ​ប៉េតង់​អន្តរជាតិ ប្តេជ្ញា​ជួយ​កម្ពុជា ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ នៃ​ជើងឯក​ពិភពលោក​ឆ្នាំនេះ​

410
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ លោក ក្លូដ អា​ហ្សេ​ម៉ា (Claude Azema) ប្រធាន​សហព័ន្ធ​ប៉េតង់​អន្តរជាតិ ដែល​កំពុង​តែមាន​វត្ត​មាន នៅ​កម្ពុជា​នោះ បានប្រកាសថា លោក នឹង​ជួយ​កម្ពុជា ឲ្យ​អស់ពី​ចិត្ត​ពី​ថ្លើម ក្នុងខណៈដែល​កម្ពុជា បានទទួល​សិទ្ធិ ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ប៉េតង់ ជើងឯក​ពិភពលោក នា​ចុង​ឆ្នាំនេះ ។​

​លោក​បាន​ថ្លែង​បែបនេះ នា​រសៀល​ថ្ងៃទី​២៤ កក្កដា ក្នុងឱកាស​ជួប​សំណេះសំណាល ជាមួយ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា នៅ​ទីស្ដីការក្រសួង ។​

ទិដ្ឋភាព​ជួប​ជាមួយ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ជំនួប​នោះ លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា លោក Claude Azema បាន​ប្តេជ្ញា​ជួយ​ប្រទេស​កម្ពុជា ឲ្យ​អស់ពី​ចិត្ត ដោយ​លោក នឹង​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក និង​វគ្គ​បណ្តុះបណ្តាល អាជ្ញាកណ្តាល និង​ចៅក្រម​របស់​កម្ពុជា​យើង ដើម្បី​ត្រៀម​សមត្ថភាព ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​ការប្រកួត ជើងឯក​ពិភពលោក ឆ្នាំ​២០១៩ ។​

​លោក បាន​បន្តថា យើង​មានសំណាង​ខ្លាំងណាស់ ជាពិសេស សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា ដែល​លោក Claude Azema ប្រធាន​សហព័ន្ធ កីឡា​ប៉េតង់​អន្តរជាតិ (FIPJP) ជួយ​បណ្ដុះបណ្ដាល ដល់​អាជ្ញាកណ្តាល ចៅក្រម និង​គ្រូបង្វឹក​ដូច្នេះ​។ ប្រសិនបើ​សហព័ន្ធ កីឡា​ជាតិ​ផ្សេងៗ​ទៀត មាន​ថ្នាក់ដឹកនាំ​កីឡា កម្រិត​ពិភពលោក ដូច​ប៉េតង់ មកជួយ​បែបនេះ អ្វីៗ​នឹង​រីកចម្រើន​ខ្លាំង មិនខានឡើយ ។​

ទិដ្ឋភាព​ជួប​ជាមួយ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា

​សូមបញ្ជាក់ថា ក្នុងឱកាស​ស្នាក់នៅ​កម្ពុជា រយៈពេល ៧ ថ្ងៃនេះ ក្រៅពី​ជួប​សំណេះសំណាល ជាមួយ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា​នោះ ជួប​ជាមួយ ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង ប៉េតង់​កម្ពុជា លោក Claude Azema នឹង​ត្រួត​ពិនិត្យមើល​ឡើងវិញ ពី​សមត្ថភាព​អាជ្ញាកណ្ដាល ចៅក្រម គ្រូបង្វឹក ដែល​លោក និង​សហការី​របស់លោក គឺ​លោក Victor Nataf ដែលជា​នាយក​បច្ចេកទេស សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​អន្តរជាតិ បាន​បណ្ដុះបណ្ដាល កាលពី​លោក មក​ទស្សនកិច្ច កាលពី ២ លើក​មុន ។​

​លោក​បាន​បញ្ជាក់ថា លោក​ចង់​ប្រើប្រាស់ ធនធានមនុស្ស​របស់​កម្ពុជា ឲ្យ​បាន​ច្រើន​បំផុត ព្រោះ​កម្ពុជា ក៏មាន​អ្នកមាន​សមត្ថភាព​ច្រើន​ដែរ ។ ប្រមុខ​ប៉េតង់​អន្តរជាតិ ក៏​នឹង​ពិនិត្យមើល​ពី ហេដ្ឋារចនាសម្ព័ន្ធ ពិសេស​ទីលាន​ប្រកួត ដើម្បី​ធ្វើ​ត្រូវ​តាម​ស្ដង់ដារ​អន្តរជាតិ ទៀតផង​៕v