ប្រធាន​សាខាគយ ខេត្តបន្ទាយមានជ័យ ពន្យារកំណើត ជា​លើក​ទី​ពីរ មិន​បានទេ​

893
ចែករម្លែក

យោង​ប្រភពព័ត៌មាន ដែល​គួរ​ជឿទុកចិត្ត​បាន បានឱ្យដឹង​នៅ​ថ្ងៃទី​១៦ ខែមករា​នេះ​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ប្រកាស​ដាក់ ឱ្យចូល​និវត្តន៍ និង​ផ្លាស់ប្តូរ ផ្ទេរ​ភារកិច្ច មេ និង​មន្ត្រី​គយ នៅ​ទូទាំងប្រទេស​។ ក្នុងនោះ ក្រសួង​ក៏បាន​ដាក់​លោក ឆែ សុធា ឱ្យចូល​និវត្តន៍ ហើយនឹង​ផ្ទេរ​ភារកិច្ច លោក នូ ស៊ីថា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ មកជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ជំនួស​វិញ ។ លោក នូ ស៊ីថា និង​ភរិយា ជា​អ្នកស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ហើយ​លោក លោកស្រី ធ្លាប់បាន​មកជួយ​អភិវឌ្ឍន៍ នៅ​ស្រុកកំណើត ជាច្រើន​មកហើយ​។​

​ដោយ​កើត​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៥៧ លោក​ឆែ សុធា មាន​អាយុ ៦២ ឆ្នាំ​ហើយ ដែល​ត្រូវ​ចូលនិវត្តន៍ តាំងពី​ឆ្នាំ​២០១៧ កន្លងមក​នោះ​។ ប៉ុន្តែ​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ មានការ​បែកធ្លាយ​លិខិត ១ ច្បាប់ ចុះ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ ដែល​លោក ឆែ សុធា បាន​សរសេរ​ផ្ញើ ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយបាន​ស្នើសុំ​ពន្យារ​អាណត្តិ បម្រើ​ការងារ រយ​:​ពេល ១ ឆ្នាំ​បន្តទៀត ចាប់ពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧ រហូតដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ។​

​លិខិត​នោះ បាន​រៀបរាប់ថា​៖ ” សព្វថ្ងៃនេះ ខ្ញុំបាទ​បាន​បម្រើការ​ងា​រ ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ និង​បាន​ខិតខំ​បម្រើ​ជាតិ មាតុភូមិ ទទួលបាន​សមិទ្ធផល​សំខាន់ៗ ដូចជា ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៥ កន្លងមក​” ។ ហេតុនេះ លោក​សុំ​អនុញ្ញាត បាន​នៅ​បម្រើ​ការងារ បន្តទៀត ដោយ​ក្តី​អនុគ្រោះ​។ លើ​លិខិត​នោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ចារ​ជូន​លោក គុណ ញឹម ស្នើ​រក្សាទុក​រហូត​ក្រោយ​បោះឆ្នោត ឆ្នាំ​២០១៨ ដើម្បី​គ្រប់គ្រង​បន្ត​។​

​ប៉ុន្តែ​មកទល់​ថ្ងៃទី​១៦ ខែមករា ប្រភពព័ត៌មាន​ខ្លះ ដែល​អាច​ជឿ​ទុកចិត្តបាន បានឱ្យដឹងថា លោក ឆែ សុធា ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ មិនអាច​ពន្យារកំណើត​ជា​លើក​ទី​២ នៅ​ឆ្នាំ​២០១៩ នេះ​បានទេ ពោលគឺ​លោក ត្រូវបាន​ដាក់ឱ្យចូល​និវត្តន៍ ដោយ​លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រា​ជត​ដ្ឋា​ភិ​បាល ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ និង​មានការ​ឯកភាព ពី​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អួន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្របតាម​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​នៃ​មន្ត្រីរាជការ​ស៊ីវិល​។​

​ក្នុងអំឡុង​កាន់តំណែង តាំងពី​ខែធ្នូ ឆ្នាំ​២០១៥ មកនេះ លោក​ឆែ សុធា មាន​ស្នាដៃ​ល្អៗ​ខ្លះ​ដែរ រួមទាំង​ការដឹកនាំ បាន​រលូន និង​ការប្រមូល​ពន្ធគយ បាន​គ្រប់ និង​លើស​ផែនការ​បើទោះបី ជា​លោក ប្រកាន់​នូវ​ឫកពារ​ក្អេងក្អាង អំនួត និង​ខឹងសម្បារ​ខ្លាំង​នឹង​សារព័ត៌មាន​ដែល​រិះគន់ លោក​ក៏ដោយចុះ​។​

​ដោយឡែក លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ច្រក​អន្តរជាតិ​ប៉ោយប៉ែត ទោះជា​មិនទាន់​ចូលនិវត្តន៍​នេះ ក៏​នឹងត្រូវ​ផ្ទេរ​ទៅ​បំពេញភារកិច្ច ជា​ប្រធានការិយាល័យ​រដ្ឋបាល និង​គ្រប់គ្រង នៃ​សាខាគយ និង​រដ្ឋាករ​ខេត្ត​មណ្ឌល​គី​រី ដោយ​លោក ងួន កុសល ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ផែស្ងួត អ៊ុយ​ញ៉ុ​ង ភ្នំពេញ នឹងត្រូវ​ផ្ទេរ​ភារកិច្ច មក​ជំនួស​ជា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារព្រំដែន អន្តរជាតិ​ប៉ោយប៉ែត វិញ​។​

​លោក ហ៊ុយ សុជាតិ ជា​មន្ត្រី​ចាស់ទុំ នឹងន មិន​អួត​ក្អេងក្អាង មិន​អំណួត ហើយ​មិន​ទុក​នរណា ជាស​ត្រូវ​ឡើយ ។ ក្នុងអំឡុងពេល​លោក​កាន់តំណែង ជា​ឱកាស​ដែល​ទំនិញ​ហូរ​ចូល កាន់តែច្រើន​ពី​ប្រទេស​ថៃ ឯ​សេដ្ឋកិច្ចកម្ពុជា ក៏​ប្រសើរឡើង​។ ដូច្នេះហើយ ចំណូល​ពន្ធគយ ពី​ច្រកទ្វារព្រំដែន អន្តរជាតិ​ប៉ោយប៉ែត បាន​កើនឡើង​រហូត គឺអាច​ថា កើន​ពី ៧ លាន​ដុល្លារ ទៅ​ជាង ២៥ លាន​ដុល្លារ​អាមេរិក ក្នុង ១ ខែៗ ។ ទោះយ៉ាងណា លោក ហ៊ុយ សុជាតិ ក៏មាន​មន្ត្រី​គយ​ខ្លះ ស្រឡាញ់ ខ្លះ​ស្អប់​ដែរ​៕