ប្រធាន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ព្រមាន​​វិបត្តិ​នៅ​បូ​លី​វី​

317
ចែករម្លែក

​ប្រធាន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​សៅរ៍​បាន​ព្រមាន​អំពី​វិបត្តិ​នៅ​ក្នុងប្រទេស​បូ​លី​វី និង​ថា​ការប្រើ​កម្លាំង​ប៉ូលិស​ហួសហេតុ​ជា​ដំណើរ​វិវត្តន៍​ដ៏​គ្រោះថ្នាក់​​ហើយ​សភាពការណ៍​អាច​រាលដាល​ហួស​ពី​ការ​អាច​គ្រប់គ្រង​បាន​។​

​ការលើកឡើង​របស់​លោក​ស្រី មី​សែ​ល បា​ឆេ​ឡេត កើត​ឡើង​បន្ទាប់ពី​មាន​របាយការណ៍​ថា មនុស្ស​យ៉ាង​តិច​១៧​នាក់ ត្រូវបាន​សម្លាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ប្រឆាំង​បន្ទាប់​ពី​អតីត​​ប្រធានាធិបតី អេ​វ៉ូ ម៉ូ​រា់ល់ បាន​លាឈប់​ពី​តំណែង​ក្រោម​សម្ពាធ​របស់​បាតុករ​ក្រុមប្រឆាំង​និង​យោធា​។​

ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ មី​សែ​ល បា​ឆេ​ឡេត ទទួលបាន​របាយការណ៍​ថា​មនុស្ស​យ៉ាងតិច​១៧​នាក់​ត្រូវបាន​សម្លាប់​និង​ជាង​៦០០​នាក់​ត្រូវ​ចាប់ខ្លួន​នៅ​ក្នុង​​ប្រទេស​បូ​លី​វី ពាក់ព័ន្ធ​នឹង​ការប្រឆាំង​តវ៉ា ដែល​បាន​ធ្វើអោយ​កក្រើក​បូ​លី​វី​

​លោក​ម៉ូ​រ៉ាល់ បាន​ចុះចេញ​ពី​តំណែង​ប្រធានាធិបតី ក្រោយ​បាត់បង់​ការគាំទ្រ​ពី​យោធា​បូ​លី​វី បន្ទាប់​ពី​ក្រុមប្រឆាំង​ធ្វើ​បាតុកម្មរ​អស់​ពេល​រាប់​សប្តាហ៍​ប្រឆាំង​ការជាប់ឆ្នោត​ជាថ្មី​​របស់លោក​។​

​ស្នងការ​សិទ្ធិមនុស្ស​សហប្រជាជាតិ បានចេញ​សេចក្តីថ្លែងការណ៍ ក្រោយ​ពី​អ្នកគាំទ្រ​លោក​ម៉ូ​រ៉ាល់​៥​នាក់ ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​សុក្រ ក្នុង​ការប៉ះទង្គិច​ហិង្សា​ជាមួយ​កងកម្លាំង​​សន្តិសុខ​នៅ​ក្រៅ​ក្រុង កូចា​បាំ​បា​។​

​លោកស្រី​បាន​បញ្ជាក់ថា « បូ​លី​វី​បែកបាក់ និង​ប្រជាជន​នៃ​ភាគី​នយោបាយ​ទាំងពីរ មាន​កំហឹង​ខ្លាំង​។​ក្នុងស្ថានភាព​បែបនេះ អំពើ​គាបសង្កត់​របស់​អាជ្ញាធ​រ​នឹង​គ្រាន់តែ​បញ្ឆេះ​​កំហឹង​ថែមទៀត និង​គ្រោះថ្នាក់​ចំពោះ​លទ្ធភាព​ចរចា​ណាមួយ​»​។​

​លោកស្រី​បាន​បន្ថែមថា មនុស្ស​ជាង​៦០០​នាក់​ត្រូវបាន​ចាប់​ខ្លួន​ចាប់តាំងពី​ថ្ងៃ​២១​តុលា​មក ភាគច្រើន​ក្នុងអំឡុង​ការតវ៉ា​ប្រឆាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។​លោកស្រី​អំពាវនាវ​អោយ​​អាជ្ញាធរ​បូ​លី​វី បញ្ចេញ​ចំនួន​មនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន របួស​និង​ស្លាប់​ក្នុងអំឡុង​ការតវ៉ា​ប្រឆាំង​៕​ដោយ​៖​វាសនា​