មនុស្ស​យន្ត​មិនទាន់​សម្លាប់​ការងារ​របស់​យើង​នៅឡើយ​ទេ​

482
ចែករម្លែក

​ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ​ពិភពលោក​បាន​និយាយថា ការកើនឡើង​នៃ​ស្វ័យប្រវត្តិកម្ម​រហូតមក​ទល់​ពេលនេះ​មាន​ផលប៉ះពាល់​អប្បបរមា​ចំពោះ​ការងារ​នៅ​ទូទាំង​ពិភពលោក ទោះបីជា​មានការ​ព្យាករណ៍​ដ៏​អាប់អួរ​ជាទូទៅ​ថា មនុស្ស​នឹងត្រូវ​បាន​ជំនួស​ដោយ​ម៉ាស៊ីន​ក៏ដោយ​។​

​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​ដែល​បានចេញ​ផ្សាយ​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​អន្ដរជាតិ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បានឱ្យដឹងថា ខណៈដែល​សេដ្ឋកិច្ច​ជឿនលឿន​បាន​កាត់បន្ថយ​ការងារ​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ កំណើន​នៃ​វិស័យ​ដូចគ្នា​នៅ​អាស៊ី​បូព៌ា​បាន​ទូទាត់​សង​ចំពោះ​ការខាតបង់​នេះ​។​

​ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ​ពិភពលោក លោក​ផា​ញ​ឡូ​ពី គូ​ចៀ​ណូ ហ្គោល​បឺ​ក (Pinelopi Koujianou Goldberg) បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា “​ការព្រួយបារម្ភ​ដែលថា​មនុស្ស​យន្ដ​បាន​លុបបំបាត់​ការងារ ការព្រួយបារម្ភ​នេះ​មិន​ត្រូវបាន​គាំទ្រ​ដោយ​ភស្តុតាង​ទេ​”​។​

​របាយការណ៍​អភិវឌ្ឍន៍​ពិភពលោក​ឆ្នាំ ២០១៩ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយ​បំផុត​មួយ​ដោយ​ក្រុម​អ្នកសិក្សា អ្នក​ប្រឹក្សា​យោបល់​និង​រដ្ឋាភិបាល​នានា​ដើម្បី​វាយតម្លៃ​ពី​ផលប៉ះពាល់​នៃ​បច្ចេកវិជ្ជា​ថ្មី​មកលើ​ការងារ​។ ការសិក្សា​ពីមុនៗ បាន​ព្យាករណ៍​ថា ស្វ័យប្រវត្តិកម្ម​នឹង​បំផ្លាញ​ការងារ​ច្រើនជាង​បង្កើត​ការងារ​។​

​នៅក្នុង​របាយការណ៍រ​បស់​ខ្លួន ធនាគារពិភពលោក​បាន​សង្កត់ធ្ងន់ថា​លក្ខណៈ​នៃ​ការងារ​នាពេល​អនាគត​នឹង​វិ​វ​ឌ្ឍ​។ ខណៈដែល​ភាពជឿនលឿន​ខាង​បច្ចេកវិជ្ជា​នៅក្នុង​ស្វ័យប្រវត្តិកម្ម​កំពុង​ចាប់ផ្តើម​រ៉ាប់រង​កិច្ចការងារ​រាប់ពាន់​ហើយនឹង​លុបបំបាត់​ការងារ​ជំនាញ​ទាបៗ​ជាច្រើន​នៅក្នុង​ប្រទេស​ជឿនលឿន​និង​ប្រទេស​កំពុង​អភិវឌ្ឍ​នោះ វា​ក៏​បង្កើត​ឱកាស​សម្រាប់​ការងារ​ផ្សេង ដែល​ពោរពេញ​ដោយ​ផលិតភាព​និង​ការច្នៃប្រឌិត​ផងដែរ​។​

​លោក​ហ្គោល​បឺ​ក​និយាយថា “​នេះ​ជា​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ ដែលមាន​៣​ពីមុន​រួចមកហើយ ហើយ​ក្នុងករណី​នីមួយៗ យើង​អាចរ​ស់បាន ដូច្នេះ​វា​មិនមែនជា​ករណី​ថ្មី​ទេ ដែល​ម៉ាស៊ីន​លុបបំបាត់​មនុស្ស​ទាំងស្រុង​។ ទីបំផុត យើង​នឹង​កែតម្រូវ​”៕ ដោយ៖ កញ្ញាដាលីស