ប្រធាន​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អ​.​ស​.​ប IAEA លោក​យូគី​យ៉ា អា​ម៉ា​ណូ ទទួលមរណភាព​

261
ចែករម្លែក

​កាលពី​សប្តាហ៍​មុន ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា លោក យូគី​យ៉ា អា​ម៉ា​ណូ អាច​នឹង​ចាក​ចេញពី​តំណែង​នៅ​ខែមីនា ឆ្នាំ​២០២០ ដោយសារ​បញ្ហា​សុខភាព​។

​អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) បាន​ស្លាប់​ហើយ​។ នេះ​បើតាម​ការប្រកាស​របស់​អង្គការ​មួយ​នេះ​នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់ខ្លួន​នៅ​ថ្ងៃ​ចន្ទ ទី​២២ កក្កដា​នេះ​។

IAEA ក៏បាន​ចេញផ្សាយ​នូវ​ការឆ្លុះបញ្ចាំង​ចុងក្រោយ​របស់​សព​ប្រមុខ​ដឹកនាំ​របស់ខ្លួន​ផងដែរ ខណៈ​កាលពី​សប្តាហ៍​មុន​គាត់​បានបង្ហាញ​បំណង​ចុះ​ចេញពី​តំណែង​នៅ​ឆ្នាំក្រោយ​។

«​អំឡុង​ទសវត្សរ៍​កន្លងទៅ ទីភ្នាក់ងារ​បាន​នាំមក​នូវ​លទ្ធផល​រឹងមាំ​ដើម្បី​សម្រេច​នូវ​គោលបំណង​នៃ “​អា​តូ​មិ​ក​សម្រាប់​សន្តិភាព​និង​ការអភិវឌ្ឍ​” ដោយសារតែ​ការគាំទ្រ​របស់​រដ្ឋ​ជា​សមាជិក​និង​ការលះបង់​របស់​បុគ្គលិក​ទីភ្នាក់ងារ​។ ខ្ញុំ​មាន​មោទនភាព​ណាស់​ចំពោះ​សមិទ្ធផល​របស់​យើង និង សូម​អរគុណ​ដល់​រដ្ឋ​ជា​សមាជិក​និង​បុគ្គលិក​ទីភ្នាក់ងារ​»​។

​លោក​អា​ម៉ា​ណូ​តែង​សង្កត់ធ្ងន់ថា កិច្ចការ​របស់​ទីភ្នាក់ងារ​លោក​មាន​លក្ខ​ណៈ​បច្ចេកទេស​ជាជាង​នយោបាយ​។

​លោក​យូគី​យ៉ា អា​ម៉ា​ណូ កើត​នៅ​ទីក្រុង​យូ​ហ្គា​វ៉ា​រ៉ា ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ១៩៤៧​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ច្បាប់​ក្រុង​តូ​ក្យូ លោក​បាន​ចូលរួម​ក្នុង​ក្រសួងការបរទេស​ជប៉ុន​ក្នុង​ឆ្នាំ ១៩៧២ និង ធ្វើការ​នៅ​ទីនោះ​រហូតដល់​ឆ្នាំ ២០០៥ នៅពេល​គាត់​ចូលរួម​ទីភ្នាក់ងារ IAEA ក្នុងនាម​ជា​អ្នកតំណាង​របស់​ជប៉ុន​នៅ​ទីភ្នាក់ងារ​នេះ​។

​លោក​អា​ម៉ា​ណូ​បាន​កាន់តំណែង​ប្រធាន IAEA ក្នុង​ឆ្នាំ​២០០៩ បន្ទាប់ពី​ផ្តួល​អ្នកតំណាង​អាហ្វ្រិក​ខាងត្បូង លោក​អាប់​ឌុល សា​ម៉ា​ដ មីន​ធី បន្ទាប់ពី​ការបោះឆ្នោត​៦​ជុំ​។

​លោក​មានបទពិសោធន៍​ទូលំទូលាយ​ក្នុង​វិស័យ​ការទូត​ផ្នែក​រំសាយ​អាវុធ​នុយក្លេអ៊ែរ​និង​ការមិន​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ ក៏ដូចជា​បញ្ហា​ថាមពលនុយក្លេអ៊ែរ​ផងដែរ​៕ ដោយ៖​ កញ្ញាដាលីស

លោក យូគី​យ៉ា អា​ម៉ា​ណូ បានទទួល​មរណភាព​ហើយ