ប្រធាន​អង្គការ​មួយ​នាំយក​ថវិកា​សប្បុរសជន​ជប៉ុន​ជូន​គ្រួសារ​សព​អ្នករត់​តាក់ស៊ី​ដែល​ជប៉ុន២នាក់​សម្លាប់

571
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​សព​អ្នករត់​តាក់ស៊ី​ម្នាក់​ដែល​ត្រូ​ជនជាតិ​ជប៉ុន​២​នាក់​សម្លាប់​កាលពី​ថ្ងៃទី​១៧ ខែមីនា​ឆ្នាំ​២០១៩​កន្លងទៅ នៅក្នុង​ស្រុក​ពួក ត្រូវ​លោក ខាន់​ណា​រី យូ​តា​កាក់ ប្រធាន​អង្គការ NPO ឃ្យូ​សេ​ហ្វ័​រ​រឹម​ប្រចាំខេត្ត​សៀមរាប​បាន​នាំយក​ថវិកា​មួយចំនួន​ដែល​បានមកពី​ការចូលរួម​របស់​សប្បុ​រស​ជន​ជនជាតិ​ជប៉ុន​ទៅ​ប្រគល់ជូន​គ្រួសារ​សព​។​

​ជនរងគ្រោះ​បាត់បង់​ជីវិត​ឈ្មោះ​លោក​ហ៊ឹម​ចាន់​ជា​អ្នករត់​តាក់ស៊ី​ដែល​ត្រូវបាន​បុរស​ជា​ជនជាតិ​ជប៉ុន​ចំនួន​២​នាក់ ចាក់​សម្លាប់​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ ស្ថិតនៅក្នុង​ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។​ពិធី​ប្រគល់​និង​ទទួល​ថវិកា ដែល​បានមកពី​ការចូលរួម​របស់​សប្បុ​រស​ជន​ជនជាតិ​ជប៉ុន បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ នៅ​គេហដ្ឋាន​របស់​គ្រួសារ​សព​លោក ហ៊ឹម ចាន់ ស្ថិតនៅក្នុង​ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។​

​លោក​ខាន់​ណា​រី​យូ​តា​កាក់​តំណាង​ឲ្យ​ជនជាតិ​ជប៉ុន​ទាំងអស់​សូម​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ការបាត់បង់​សមាជិកគ្រួសារ​ដ៏​សំខាន់​គឹ​លោក​ហ៊ឹម​ចាន់​ដែល​បានទទួល​មរណភាព​នៅ​ក្នុង​ហេតុការណ៍​ដែល​មិនអាច​បំភ្លេចបាន​នាពេលនោះ​។​

លោក ខាន់​ណា​រី យូ​តា​កាក់ បាន​បន្តថា អង្គការ NPO ឃ្យូ​សេ ហ្វ័​រ​រឹម ប្រចាំ​ប្រទេស​ជប៉ុន​របស់​ក្រុមហ៊ុន GenKi Group បាន​បង្កើត​កម្មវិធី​មូលនិធិ​មួយ​ឡើង ដែលមាន​ឈ្មោះថា​មូលនិធិ​នៃ​ក្តី​ស្រលាញ់​(GenKi)​ដើម្បី​ប្រមូល​ថវិកា​សម្រាប់​ឧបត្ថម្ភ​ដល់​គ្រួសារ​របស់លោក ហ៊ឹម ចាន់ ក្នុង​រយៈពេល​៧​ឆ្នាំ ដោយ​ក្នុង​១​ខែ ផ្តល់ប្រាក់​ឧបត្ថម្ភ​ចំនួន​២៤០​ដុល្លារ​អាមេរិក ។​

​សូមបញ្ជាក់ថា បុរស​ជនជាតិ​ជប៉ុន​២​នាក់ បាន​ប្លន់​យក​រថយន្ត​ដោយ​សម្លាប់​បុរស​ម្នាក់​ជា​អ្នករត់​តាក់ស៊ី កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ជ​ញ្ជី​ញ​ថ្លឹង​រថយន្ត ក្នុង​ទឹកដី​ភូមិ​ពួក​ថ្មី ឃុំ​ពួក ហើយ​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ហ៊ឹង ចាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។

​ចំណែក​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុងនោះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ជនជាតិ​ជប៉ុន និង​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ NAKA RYUJI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ជនជាតិ​ជប៉ុន​ហើយ​ជនសង្ស័យ​ជា​ជនជាតិ​ជប៉ុន​ទាំង​២​នាក់​នេះ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅនេះ​៕S/

​រូបភាពៈ ប្រធាន​អង្គការ NPO ឃ្យូ​សេ ហ្វ័​រ​រឹម នាំយក​ថវិកា​សប្បុរស​ជន​ជនជាតិ​ជប៉ុន ប្រគល់ជូន​គ្រួសារ​សព​អ្នករត់​តាក់ស៊ី ដែល​ត្រូ​ជនជាតិ​ជប៉ុន​សម្លាប់​នាពេល​កន្លងមក​៕​បាយ័ន​