ប្រធាន​អូឡាំពិក​កម្ពុជា​៖ ចាប់ពី​ឆ្នាំ​២០១៩ នេះ​ទៅ គឺជា​ពេលវេលា យុទ្ធសាស្ត្រ ឆ្ពោះទៅ​ឆ្នាំ​២០២៣

512
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លោក​ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា (NOCC) បាន​មានប្រសាសន៍ ក្នុងឱកាស​បិទ​មហាសន្និបាត បូកសរុប​ការងារ ប្រចាំឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា កាលពី​ព្រលប់​ថ្ងៃទី​២១ កុម្ភៈ​ថា ចាប់ពី​ឆ្នាំ​២០១៩ នេះ​តទៅ អ្វីៗ គឺជា​ពេលវេលា​យុទ្ធសាស្ត្រ ដ៏​សំខាន់បំផុត ក្នុង​ដំណើរ​ឆ្ពោះទៅ​ឆ្នាំ​២០២៣ ដែលជា​ឆ្នាំ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​។​

​លោក​បាន​បញ្ជាក់ថា ក្រៅពី​ការជំរុញ​អនុវត្ត យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ធនធានមនុស្ស ពិសេស​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានដាក់​ចេញ​នូវ ការចូលរួម​ប្រកួត មាន​លក្ខណៈ​ជា​ហ្គេម​យុទ្ធសាស្ត្រ ៤ សំខាន់​សៗ គឺ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី ៣០ ឆ្នាំ​២០១៩ នេះ នៅ​ហ្វីលីពីន ជា​ដំណាក់ កាល វាយតម្លៃ​សមត្ថភាព​កីឡា​កម្ពុជា លើកដំបូង ជា​ហ្គេម​យុទ្ធសាស្ត្រ​ទី​១ និង​ការវាយតម្លៃ​កំណត់ ប្រភេទ​កីឡា​មួយចំនួន ដាក់​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​កម្ពុជា​។

​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ហាណូយ ប្រទេស​វៀតណាម​ជា ដំណាក់កាល​វាយតម្លៃ​សមត្ថភាព​កីឡា​លើក​ទី​២​ជា​ហ្គេម​យុទ្ធសាស្ត្រ និង​ការវាយតម្លៃ កំណត់​ប្រភេទ​កីឡា ទាំង ៣៥ ប្រភេទ ។

ការប្រកួត​កីឡា​អាស៊ី Asian Games លើក​ទី​១៩ ឆ្នាំ​២០២២ នៅ Hanzhou ប្រទេស​ចិន ជា​ដំណាក់កាល​វាយតម្លៃ សមត្ថភាព​កីឡា​កម្ពុជា ជា​លើកចុងក្រោយ ជា​ហ្គេម​យុទ្ធសាស្ត្រ ចុងក្រោយ សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជា ណា​ចក្រ​កម្ពុជា ពិសេស​បន្ទាប់ពី Asian Game ឆ្នាំ​២០២២ “CAMSOK” នឹងដាក់​ចេញ​នូវ​ស​ន្ទ​ស្សន៍ កំណត់​ចំនួន​មេដាយមាស ចុងក្រោយ ត្រូវ​ដណ្តើមយក ក្នុងការ​ប្រកួត​ស៊ី​ហ្គេម ២០២៣ ។​

​លោក ថោង ខុន បាន​បន្តថា ផ្ដើមចេញពី​ហ្គេម យុទ្ធសាស្ត្រ​ទាំងនេះ គឺ​ទាមទារ​សហព័ន្ធ​កីឡា​ជាតិ ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​។

​លោក​បាន​បញ្ជាក់ថា ក្រោយពី​អង្គ​មហាសន្និបាត បាន​បើក​កកាយ បញ្ហា​ប្រឈម NOCC អាចធ្វើ​សំយោគ​បូកសរុប​បញ្ហា របស់​សហព័ន្ធ​កីឡា​ជាតិ ដូចជា ១-​សហព័ន្ធ​កីឡា​ជាតិ មួយចំនួន នៅមាន​បញ្ហា​ការគ្រប់គ្រង ដឹកនាំ មិនទាន់​ចុះសម្រុង​គ្នា និង​ធ្វើការ​យន្តការ​ច្បាស់លាស់​។ ២-​សហព័ន្ធ​កីឡា​មួយចំនួន នៅមាន​បញ្ហា​ខ្វះ​ទីលាន​ហ្វឹក ហាត់ ឧបករណ៍​ហ្វឹកហាត់ និង​សម្ភារ​ហ្វឹកហាត់ ។ ៣-​សហព័ន្ធ​កីឡា​ជាតិ​មួយចំនួន នៅមាន​បញ្ហា​ខ្វះ ធនធានមនុស្ស​ជំនាញ ពិសេស​គ្រូបង្វឹក និង​កីឡាករ កីឡាការិនី ។ ៤-​សហព័ន្ធ​កីឡា​ជាតិ​មួយចំនួន ខ្វះ​ថវិកា ។ ៥-​សហព័ន្ធ​កីឡា​ជាតិ​មួយចំនួន ប្រឈម​នឹង​បញ្ហា​បច្ចេកទេស មានតែ​ការហ្វឹកហាត់ មិនមាន​ការប្រកួត ឬ​មិនបាន​ចូលរួម​ប្រកួត ជា​អន្តរជាតិ ។​

​លោក ថោង ខុន បាន​បញ្ជាក់ថា ផ្តើមចេញពី​បញ្ហា​នេះ ចំពោះមុខ យើង​ត្រូវ​រួមគ្នា​ដោះស្រាយ ហើយ​ដោះស្រាយ ក្នុង​កម្រិត​សសរស្តម្ភ ទាំងបី​ភាគី​ចូលគ្នា ទើប​មាន​ប្រសិទ្ធភាព រួច​ធ្វើ​របាយការណ៍ ជាក់លាក់​មួយ ជូន​រាជរដ្ឋាភិបាល ដើម្បី​កំណត់​គោលការណ៍ ដោះស្រាយ ៕v

លោក​ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា កំពុងថ្លែងសន្ទរកថា