ប្រធាន​Foxconn និយាយ​ថា​អាទិទេព​ប្រាប់​ឲ្យ​លោក​ឈរឈ្មោះ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​តៃវ៉ាន់​

494
ចែករម្លែក

​មហាសេដ្ឋី​ដែលជា​ស្ថាបនិក​ក្រុម​អេឡិចត្រូនិក​យក្ស​តៃវ៉ាន់​ Foxconn បាន​ប្រកាស​អំពី​បំណង​ឈរ​ឈ្មោះ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​របស់​កោះ​នេះ ដោយ​លោក​បាន​អះអាង​​ថា​ មាន​ការជំរុញ​ទឹកចិត្ត​ពី​ព្រះ​។​

​ដំបូង​លោក​ធឺ​រី ហ្គោ នឹង​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​រើស​មេដឹកនាំ​បក្សប្រឆាំង​គួ​មីនតា​ង ដែល​ស្និទ្ធ​នឹង​មហា​ចិន​ដីគោក​។​លោក​បាន​និយាយថា ទេព​មច្ឆា​Mazu បាន​លើក​​ទឹកចិត្ត​លោក​ឲ្យ​ជំរុញ​សន្តិភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​គ្រោង​ធ្វើ​នៅ​ខែ​មករា​ឆ្នាំ​២០២០ ចំ​ពេល​មាន​ភាព​តានតឹង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​បើ​មហាសេដ្ឋី​អេឡិចត្រូនិក​នេះ​ជាប់​ជា​បេក្ខជន​​សម្រាប់​គណបក្ស​គួ​មីនតាន លោក​នឹង​ប្រជែង​ជាមួយ​ប្រធានាធិបតី​ស្ត្រី​លើកដំបូង​របស់​កោះ លោកស្រី​ត្សាយ អ៊ិន​-​វេន ដែល​កំពុង​តស៊ូ​នឹង​ការធ្លាក់​កម្រិត​គាំទ្រ​។​

​លោក​ហ្គោ ដែលជា​អ្នក​មាន​បំផុត​ម្នាក់​នៅ​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃ​ពុធ​ទី​១៧​មេសា​បាន​ប្រកាស​បំណង​របស់​លោក​នៅ​ស្នាក់ការ​បក្ស​។​លោក​បាន​និយាយថា​«​បើ​ខ្ញុំ​ជាប់ឆ្នោត ខ្ញុំ​នឹង​​តំណាង​ឲ្យគណបក្ស​គួ​មីនតាន​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​។​បើ​មិន​ជាប់ វា​មានន័យថា​ខ្ញុំ​មិន​បាន​ធ្វើការ​ខ្លាំង​បាន​សមល្មម​។​បន្ទាប់​មក​ខ្ញុំ​នឹង​គាំទ្រ​បេក្ខជន​​ជាប់ឆ្នោត​ណា​ដែល​ចេញមក​ពី​ប្រព័ន្ធ​បោះឆ្នោត​បក្ស​»​។​

​មុន​នេះ​ក្នុង​ថ្ងៃ​ដដែល លោក​បាន​ប្រាប់​ហ្វូង​មនុស្ស​នៅ​វត្ត​មួយ​ក្នុង​ក្រុង​តៃប៉ិះ​ថា លោក​បាន​ទទួល​ការណែនាំ​ពី​អាទិទេព​សម្រាប់ការ​ឈរឈ្មោះ​នេះ គឺ​នាង​ទេព​មច្ឆា Mazu​បានឲ្យ​​លោក​សុបិន​ឃើញ​។ «Mazu មិន​ចង់​ឲ្យ​សង្គម​តៃវ៉ាន់​ពិបាក​ខ្លាំង​ទេ និង​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ចេញ​មក​ធ្វើ​អ្វីមួយ​»​។​

​លោក​បាន​បន្តថា អាទិទេព​នេះ​បាន​ថែ​ទាំលោក​តាំងពីក្មេង​ដល់​ពេញវ័យ​។​«​ខ្ញុំ​ជា​ចៅ​របស់ Mazu​។​ខ្ញុំ​ចង់​ធ្វើ​ការងារ​ច្រើន​ឡើង​សម្រាប់​ប្រជាជន​តៃវ៉ាន់​។​ខ្ញុំ​នឹង​ដើរ​តាម​ការណែនាំ​​របស់ Mazu»​។​

​ហ្គោ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​Foxconn​បាន​ក្លាយជា​កំពូល​អ្នកមាន​ដោយសារ​តែ​ផលិត​គ្រឿង​អេឡិចត្រូនិក​សម្រាប់​បណ្តា​ក្រុមហ៊ុន​ផ្សេង​។​ក្រុមហ៊ុន​នេះ​ល្បី​ខាង​ផលិត​ទូរស័ព្ទ​iPhone​ ហើយ​គ្រាន់តែ​ក្នុង​ប្រទេស​ចិន​Foxconn​ប្រើ​កម្មករ​ដល់​ជាង​១​លាន​នាក់​។​

​អាទិទេព​សមុទ្រ Mazu ត្រូវបាន​គោរព​បូជ្ញា​នៅ​ចិន​ខាងត្បូង ព្រម​ទាំង​ប្រទេស​នានា​ដែល​មាន​សហគមន៍​អ្នក​កាន់​សាសនាព្រះពុទ្ធ​បែប​ចិន​និង​តៅ ដូចជា​នៅ​កោះ​តៃវ៉ាន់ ម៉ា​​ឡេ​ស៊ីនិង​វៀតណាម​។​គេ​ជឿ​ថា​អាទិទេព​មច្ឆា​ការពារ​មច្ឆជាតិ​និង​អ្នកដើរ​សមុទ្រ​៕​ដោយ​៖​វាសនា​

​បើ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​តៃវ៉ាន់ លោក​ត្រូវ​គេ​រំពឹងថា​នឹង​ប្រកាន់​យក​ជំហរ​រាប់រក​ចិន​ជាង​ប្រធានាធិបតី​ស្រី​បច្ចុប្បន្ន​(រូបក្រោម)