ប្រធាន​WTO ៖​ជម្លោះ​ពាណិជ្ជកម្ម​អាច​បំផ្លាញ​ការ​រើប​រើ​សេដ្ឋកិច្ច​និង​ការងារ​ជាច្រើន​

591

​ជម្លោះ​ពាណិជ្ជកម្ម​កាន់តែ​រីក​ធំ​មួយ​រវាង​អាមេរិក​និង​ចិន​អាច​ទាញ​ទម្លាក់​ការ​រើប​រើ​សេដ្ឋកិច្ចពិភពលោក និង​”​ដាក់​ការងារ​ជាច្រើន​ប្រឈម​នឹង​ហានិភ័យ​” នេះ​បើ​តាម​ប្រ​​ធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) Roberto Azevedo​លើក​ឡើង​កាលពី​ថ្ងៃ​សុក្រ​ទី​២០​មេសា​។​

​លោក Roberto Azevedo​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​” អ្នក​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ពេញធឹង​មួយ​គឺ​បណ្តា​ប្រទេស​ក្រីក្រ​​។​វា​ពិបាក​នឹង​វាស់​ផល​នៃ​ជម្លោះ​ធំ​មួយ តែ​ច្បាស់​ណាស់​វា​ធ្ងន់ធ្ងរ​។​ការ​រលត់រលាយ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អ្នក​ដើរតួ​សំខាន់​អាច​បំផ្លាញ​ការ​រើប​រើ​ដែល​យើង​បាន​​ឃើញ​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ដោយ​គំរាម​ការរីកចំរើន​សេដ្ឋកិច្ច​និង​ដាក់​ការងារ​ជាច្រើន​ប្រឈម​នឹង​ការបាត់បង់​”​។​

​ជម្លោះ​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំ​ង​បាន​ចោល​ស្រមោល​លើ​ជំនួប​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​IMF​ហើយ​អង្គការ​នេះ​បាន​និយាយ​យោង​ដល់​ជម្លោះ​នេះ​ថា​ជា​​ហានិភ័យ​ធំ​បំផុត​ចំពោះ​ទស្សនវិស័យ​កំណើន​រឹងមាំ​មួយ​របស់​ពិភពលោក​។​

​ប្រធានាធិបតី​អាមេរិក​ ​កាលពី​ខែ​មុន​បាន​បញ្ជា​អោយ​យក​ពន្ធ​ខ្ពស់​យ៉ាងគំហុក​លើ​ដែកថែប​និង​អាលុយមីញ៉ូម​ដែល​នាំចូល​អា​មរិ​ក​និង​បាន​គំរាម​យក​ពន្ធ​រាប់​ពាន់​លាន​ដុល្លារ​ទៀត​លើ​ទំនិញ​នាំចូល​ពី​ចិន ជាហេតុ​នាំ​អោយ​ចិន​ប្រកាស​យក​ពន្ធ​លើ​ទំនិញ​អាមេរិក ដូចជា​សាច់ជ្រូក និង​ស្រូវ​សាឡី​ហើយ​គំរាម​វាយ​ពន្ធ​ខ្ពស់​លើ​ទំនិញ​នាំចូល​ពី​អា​មេ​​រិក ដូចជា​សណ្តែកសៀង​។​

​លោក​Azevedo បាន​សម្តែង​ការព្រួយបារម្ភ​អំពី​លទ្ធភាព​ដែល​”​យើង​ធ្លាក់​ចូល​ក្នុងដំណាក់កាល​សងសឹក​ទៅ​វិញ​ទៅ​មក​ជា​ឯ​តោ​ភាគី ដែល​បង្កបង្កើត​ភាព​មិន​ប្រាកដប្រ​​ជា​សំរាប់​ពាណិជ្ជកម្ម​និង​កំណើន​GDP​ពិភពលោក​”​ហើយ​ការខូចខាត​នឹង​ទៅ​ហួស​ពី​ប្រទេស​ពាក់ព័ន្ធ​។​

​លោក​បាន​អំពាវនាវ​អោយ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ប្រើ​WTO​ជា​វេទិកា​សំរាប់​ដោះស្រាយ​ជម្លោះ ដែល​វា​សំខាន់​សំរាប់​រារាំង​ភាព​តានតឹង​។​

​ចិន​បាន​ទៅរក​WTO​ដើម្បី​ប្តឹង​អាមេរិក​រឿង​ការយកពន្ធ​លើ​ដែក​ថែប​។​ចំណែក​រដ្ឋការ​របស់​លោក​ត្រាំ​ទោះជា​បានចាត់ទុក​អង្គការ​WTO​ថា​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ឬ​ដោយ​​យុត្តិធម៌​លើ​អាមេរិក តែ​បាន​ប្តឹង​ករណី​ជា​ច្រើន​ទៅ​WTO រួមមាន​ករណី​មួយ​ប្រឆាំង​ចិន គឺ​ការចោទប្រកាន់​ចិន​ថា​លួច​ទ្រព្យសម្បត្តិ​កម្មសិទ្ធិបញ្ញា​របស់​អាមេរិក​។​

​ការលើកឡើង​របស់​ប្រធាន​WTO​ឆ្លុះបញ្ចាំង​ពី​ការព្រួយបារម្ភ​កាន់តែ​កើនឡើង​ក្នុងចំណោម​មន្ត្រី​ពិភពលោក​ក្នុងការ​ទប់​ការខ្វែង​គំ​និង​គ្នា​កុំអោយ​រីក​រាលដាល​។​

​នាយក​IMF លោកស្រី​Christine Lagarde​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ភាពមិនប្រាកដ​ប្រជា​បង្ក​ឡើង​ពី​ជម្លោះ​បំផ្លាញ​ជំនឿ​ចិត្ត​និង​អាច​ខ្ទប់​ដង្ហើម​ការវិនិយោគ​​និង​រារាំង​ពាណិជ្ជកម្ម ដែល​ទាំង​ពីរ​សុទ្ធតែ​ជា​អ្នក​កាន់ចង្កូត​ដ៏​សំខាន់​សំរាប់​កំណើន​ពិភពលោក​៕​ដោយ​៖​វាសនា​

Azevedo៖​អ្នក​រងគ្រោះ​ខ្លាំង​បំផុត​ពី​ជម្លោះ​ពាណិជ្ជកម្ម​ពេញធឹង​មួយ​គឺ​បណ្តា​ប្រទេស​ក្រីក្រ​