ប្រធាន គ​.​ជ​.​ប : “​គណបក្សនយោបាយ​-​អង្គការ​មិនមែន​រដ្ឋាភិបាល តែ​ល្មើស គឺ​អនុវត្ត​ច្បាប់​”

959
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងពេល​ឃោសនាបោះឆ្នោត​ខាងមុខនេះ សូម​គោរព​តាមច្បាប់ បទបញ្ជា​និង​នីតិវិធី​សម្រាប់​ការឃោសនា កុំ​ធ្វើ​សកម្មភាព​អ្វី​ល្មើស​នឹង​ច្បាប់ ល្មើសបទបញ្ជា​និង​នីតិវិធី និង​ល្មើស​ក្រមសីលធម៌ ទាំង​គណបក្សនយោបាយ ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​។
​ប្រធាន​គ​.​ជ​.​ប បាន​សង្កត់ធ្ងន់ថា “​គណបក្សនយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល តែ​ល្មើស គ​.​ជ​.​ប អនុវត្ត​ច្បាប់​ហើយ និយាយ​គ្នា​មុន​”​។

​ការ​ថ្លែង​របស់​ប្រធាន​គ​.​ជ​.​ប បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​រសៀល​ថ្ងៃទី​៣១ ខែឧសភា នេះ នៅ​សាលប្រជុំ​អគារ S ក្រសួងមហាផ្ទៃ​។​

​ជាមួយគ្នានេះ លោក​ស៊ិ​ក ប៊ុន​ហុក បានស្នើ​អោយ​អាជ្ញាធរ​បង្កលក្ខណៈ​ងាយស្រួល​ដល់​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​គណបក្ស និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ក្នុង​ការធ្វើសកម្មភាប​ឃោសនាបោះឆ្នោត​អោយបាន​ស្មើៗ​គ្នា និង​ស្របតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​
​សូមជម្រាបថា ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំ​ណា​រាស្ត្រ នីតិកាល​ទី​៦ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គឺមាន​គណបក្សនយោបាយ​ចំនួន​២០ បាន​ចុះបញ្ជី​ប្រកួតប្រជែង​។

​គួរ​បញ្ជាក់ថា បញ្ជី​ឈ្មោះ​បោះឆ្នោត មាន​អ្នកបោះឆ្នោត​ចំនួន ៨.៣៨០.២១៧​នាក់​។ ចំណែក​សន្លឹកឆ្នោត​ដែល​គ្រោង​នឹង​បោះពុម្ព​មាន​ចំនួន​ជាង ១០​លាន ៥​សែន​សន្លឹក​៕ ល​

#