ប្រធាន ACU : រឿង​ប៉ូលិស​វ៉ៃ​មន្ត្រី​កិច្ចសន្យា ACU មិនទាន់​ដោះស្រាយ​

421
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ករណី​ក្រុមមន្ត្រី​ប៉ូលិស​ខណ្ឌដង្កោ ព្រួត​គ្នា​ប្រើ​អំពើហិង្សា​ទៅលើ​មន្ត្រី​កិច្ចសន្យា នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅក្នុង​វត្ត​ព្រែក​ថ្លឹង ស្ថិតនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ កាលពី​យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ នៅ​មិនទាន់​ត្រូវបាន​នគរបាល​ដោះស្រាយ​នៅឡើយ​។​

​ជនរងគ្រោះ​ឈ្មោះ ឃឹម ខុម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៥ ខែឧសភា នេះ​ថា “​លោក ឃឹម ខុម មន្ត្រី​ជាប់កិច្ចសន្យា ACU ដែល​របួស​ដោយ​នគរបាល​វាយ មិនទាន់​ត្រូវបាន​នគរបាល​ដោះស្រាយ​នៅឡើយ​។ អ្នកភូមិ​គាត់​ប្រហែលជា​នឹង​ប្រតិកម្ម​នាពេលខាងមុខ​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ នៅពេល​អ្នកកាសែត​សួរ​រឿងនេះ នៅ​ក្រសួងមហាផ្ទៃ នាពេល​កន្លងមកនេះ​។

​ទាក់ទង​ករណីនេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ប្រាប់ថា អគ្គស្នងការ​នគរបាល​ជាតិ​នឹង​ត្រួតពិនិត្យ​លើ​ករណីនេះ ហើយ​បើ​មាន​ពិតប្រាកដ​មែន នឹងដាក់​វិន័យ​នគរបាល ឬ​ចាត់វិធានការ​តាមច្បាប់​។ ដោយ​អគ្គស្នងការ​នគរបាល​ជាតិ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ឲ្យ​តែមាន​ពាក្យបណ្តឹង យើង​នឹង​ចាត់ការ​ត្រួតពិនិត្យ​តាម​វិន័យ​នគរបាល ឬក៏​តាមច្បាប់​វិធានការ​តាមច្បាប់ បើ​មាន​ពិតប្រាកដ​ចឹ​ង​មែន​”​។​

​ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាងខ្លាំង ចំពោះ​ទង្វើ​ព្រៃផ្សៃ​របស់​ប៉ូលិស​ខណ្ឌដង្កោ ព្រោះ​ខ្លួន​ជា​អ្នកអនុវត្ត​ច្បាប់ បែរជា​ប្រព្រឹត្ត​អំពើ​បំពាន​ច្បាប់ បើ​ថា​ប្រជាពលរដ្ឋ​ខុស​ចាប់​យកទៅ​អនុវត្តតាម​ច្បាប់​ទៅ មិនគួរ​ប្រើ​ច្បាប់​ព្រៃ​បែបនេះ​ទេ​។​

​នៅក្នុង​ពាក្យបណ្ដឹង​របស់លោក ឃឹម ខុម ដាក់​ប្តឹងទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គឺ​បាន​ប្ដឹង​មន្ត្រីនគរបាល​ជា​អធិការរង​នគរបាល​ខណ្ឌដង្កោ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ដង្កោ​ចំនួន​៤​រូប ពីបទ​ប្រើ​អំពើហិង្សា កាលពី​យប់​ថ្ងៃទី ៩​ខែមេសា ឆ្នាំ​២០១៩ នៅ​វត្ត​ព្រែក​ថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃកើតហេតុ ខណៈ​លោក​កំពុងបើក​រថយន្ត​ម៉ាក Prius តាមផ្លូវ​៥០​ម៉ែត្រ ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក Prius បើក​មក​កៀរ រថយន្ត​លោក នាំ​ឲ្យ​មានការ​ខូចខាត ប៉ុន្តែ​លោក​មិនបាន​តាម​រថយន្ត​នោះទេ ដោយ​បើក​លឿន​ពេក​។ ភ្លាមៗ​នោះ​ស្រាប់​តែមាន​នគរបាល​មួយក្រុម​ខាងលើ មាន​ទាំង​រថយន្ត និង​ម៉ូតូ​ផង​ប្រហែល​៦​គ្រឿង បាន​បើក​ដេញ​ពីក្រោយ​រហូត​តាម​រថយន្ត​លោក​ទាន់ នៅក្នុង​វត្ត​ព្រែក​ថ្លឹង រហូត​ប្រើ​ហិង្សា​យ៉ាងដំណំ មិន​សួររក​ហេតុផល បើ​ទោះ​គាត់​បាន​សុំ​អង្វរ និង​សុំ​ឲ្យ​សួរនាំ​រក​ខុសត្រូវ​សិន​ក៏ដោយ​។​
​ជនរងគ្រោះ​បានស្នើ​សុំ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ យក​ក្រុម​ជនល្មើស​ដែល​បាន​ប្រព្រឹត្ត​ការវាយដំ​លើ​រូបលោក​ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់ មក​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត និង​សុំ​សង​ការខូចខាត ថ្នាំ​ព្យាបាល និង​សំណង​ជំងឺ​ចិត្ត​៥​ម៉ឺន​ដុល្លារ​។​

​ក្រុមមន្ត្រី​ប៉ូលិស​ដែល​ព្រួត​គ្នា​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​មានដូចជា :
១. លោក​វរសេនីយ៍ទោ នាក់ ណា​រ៉ូ អធិការរង​ទទួល​ការងារ​ចរាចរណ៍​ខណ្ឌដង្កោ​។
២. លោក​វរសេនីយ៍ត្រី ជុំ រដ្ឋា អធិការរង​ទទួល​ការងារ​សណ្ដាប់ធ្នាប់​។
៣. លោក​អនុសេនីយ៍ទោ ម៉េ​ត រតនា មន្ដ្រី នគរបាល​ចរាចរណ៍​៕ ល​