ប្រពន្ធ​ខ្មែរ និង​ប្ដី​កូរ៉េ​ឈ្លោះ​គ្នា​ដណ្ដើម​កូន​និង​ទ្រព្យ​ទីបំផុត តុលាការ​ចាប់​ប្រពន្ធ​ដាក់គុក​តាម​ពាក្យបណ្តឹង​ប្តី​

808
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​សម្រេច​កាលពី​ល្ងាច​ថ្ងៃទី ២៥​តុលា​ឆ្នាំ​២០១៨​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស​តាម​មាត្រា​២១៨​នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ ពាក់ព័ន្ធ​នឹង​ពាក្យបណ្ដឹង​របស់​ប្ដី​ជនជាតិ​កូរ៉េ​។​

​ស្ត្រី​ដែល​តុលាការ​សម្រេច​ឃុំខ្លួន​ឈ្មោះ ជួង បុប្ផា អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​លេខ ៣៣៩F ផ្លូវ​លេខ ៩០៨ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ក្រសួងមហាផ្ទៃ​ចាប់ខ្លួន តាម​ដីកា​របស់​ចៅក្រម ហេង សុខ​ណា ជា​ចៅក្រម​សើ​ប​សួរ​ក្នុង​សំណុំរឿង លេខ​៧២២១ ចុះ​ថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ​២០១៧ ដែលមាន​កញ្ញា វ៉ា សក​ក្ដា បានសម្រេច​ចោទប្រកាន់​ឈ្មោះ ជួង បុប្ផា ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស​តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ស៊ីន ជុង​បឹ​ក ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​កូរ៉េ ។​

​ក្រោយ​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ដាក់ពន្ធនាគា​រ ជនជាប់ចោទ ជួង បុប្ផា បាន​ប្រាប់​អ្នកកាសែត​ថា ជា​រឿង​អ​យុ​ត្តិ​ធ៍​ម​ខ្លាំងណាស់ ប្ដី​ជនជាតិ​កូរ៉េ​បាន​វាយ​ធ្វើបាប​នាង​ជា​ច្រើនដង រហូតដល់​បាក់ដៃ បែកក្បាល បង្ខំ​អោយ​ដេក​រួមភេទ​ជាមួយ​មិត្ត​ភ័ក្តិ​ប្ដី តែ​នាង​មិន​ប្ដឹង​ប្ដី​ទេ តែ​ប្ដី​បែរជា​ប្ដឹង​នាង ដាក់គុក​តាម​ម​ហិ​ច្ឆិ​តា​របស់​ប្តី​ជនជាតិ​កូរ៉េ​ដើម្បី​ដណ្ដើមយក​កូនស្រី និង​ផ្ទះ​២​ល្វែង​ដែលជា​ទ្រព្យ​រួម​ទៅវិញ​។

​ស្ត្រី​រូបនេះ​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា រូបនាង​និង​ប្ដី​ជនជាតិ​កូរ៉េ បាន​រៀបការ និង​ចុះ​សម្បុត្រ​អា​ពា​ពិពាហ៍​ត្រឹមត្រូវ​តាមច្បាប់​កាលពី​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ​២០០៧ ហើយ​ក៏បាន​ចេញទៅ​រស់​នៅ​ប្រទេស​កូរ៉េ​ធ្វើការ​សន្សំ​ប្រា​ក់បាន​មួយចំនួន​ក៏​ត្រឡប់មក​រស់នៅ​កម្ពុជា​វិញ​ហើយ​បាន​ទិញ​ផ្ទះ​២​ល្វែង​ជា​ទ្រព្យ​រួម ហើយក៏​មានកូន​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ ឈ្មោះ​ស៊ីន ស៊ី​អា​ឡេ​អ៊ី កើត​ថ្ងៃទី ១៣​ខែឧសភា ឆ្នាំ​២០១៣ ។​

​ជួង បុប្ផា បាន​អោយដឹងទៀតថា ពេល​មក​រស់នៅ​ក្រុងភ្នំពេញ​វិញ​គ្រួសារ​នាង​មិនសូវមាន​សេចក្ដីសុខ​ទេ ដោយសារ​ប្ដី​ជនជាតិ​កូរ៉េ​មាន​មិត្ត​ភ័​ក្រ​ដើរលេង​យប់ ផឹកស្រា​ស្រវឹង​មកដល់​ផ្ទះ​រករឿង​វាយតប់​លើ​នាង​ស្ទើ​រាល់ថ្ងៃ ពេលខ្លះ​វាយ​បែកក្បាល ពេលខ្លះ​វាយ​បាក់ដៃ ពេលខ្លះ​ប្ដី​របស់​នាង​បាន​បង្ខំ​នាង​អោយ​ដេក​ជាមួយ​មិត្ត​ភ័ក្តិ​គេ​ទៀត​។ ប៉ុន្តែ​ពេល​នាង​មិន​ព្រម​ប្ដី​នាង​បាន​ប្រើ​ហឹ​ង្សា​រាល់ៗ​ដង ជាហេតុ​ធ្វើអោយ​រូបនាង​ទ្រាំ​មិនបាន​ក៏​សម្រេច​ថា​ត្រូវ​ប្ដឹង​លែងលះ​។ លុះ​ពេល​ដឹងថា​នាង​ចង់​ប្ដឹង​លែងលះ ប្ដី​របស់​នាង​ក៏បាន​លួច​យក​កូនស្រី​ទៅ​ប្រទេស​កូរ៉េ​បាត់​រហូតដល់​សព្វថ្ងៃ ។ រហូតដល់​ឆ្នាំ ២០១៧ បងប្អូន​បាន​សម្របសម្រួល​អោយ​ជុំ​គ្រួសារ​វិញ តែ​ថ្ងៃនោះ​ហើយ​ដែល​ប្ដី​របស់​នាង​បាន​វាយ​ប្រតាយប្រតប់​គ្នា​នៅក្នុង​ហាង​អាហារ​មួយ​ទល់មុខ​មន្ទីរពេទ្យ​កាល់ម៉ែត ហើយដោយ​សារ​រអិល​ជើង​ដួល​ប្ដី​របស់​នាង​មាន​របួស​បន្តិចបន្តួច​ដោយសារ​ដួល​បោក​និង​តុ ។ បន្ទាប់មក​ពួកនាង​ក៏​ត្រឡប់ទៅផ្ទះ​ជាមួយគ្នា​វិញ តែ​មិនដឹងថា​ប្ដឹ​របស់​នាង​បាន​ប្ដឹង​រូបនាង​មក​តុលាការ​ទេ ព្រោះ​នាង​មិនដែល​បានទទួល​ដីកា​របស់​តុលាការ​ម្ដង​សោះ ស្រាប់តែ​នៅ​ថ្ងៃទី ២៤​តុលា ឆ្នាំ​២០១៨​នេះ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​នាង​តាម​ដីកា​តុលាការ​យោងតាម​ពាក្យបណ្ដឹង​របស់​ប្ដី​នាង​ទៅវិញ ហើយ​ថែមទាំង​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ទៀត​៕ ល​