ប្រពន្ធ​របស់លោក​ជេ​ហ្វ បេ​ហ្សូ​ស អាច​នឹង​ក្លាយជា​ស្ត្រី​មាន​ជាងគេ​លើ​ពិភពលោក បន្ទាប់ពី​លែងលះ​

513
ចែករម្លែក
  • 24
    Shares

​ប្តី​ប្រពន្ធ​មហាសេដ្ឋី លោក​ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos) និង​លោកស្រី​ម៉ាក​ខេន​ហ្ស៊ី បេ​ហ្សូ​ស (MacKenzie Bezos) កំពុង​លែងលះគ្នា ក្រោយពី​រៀបការ​បាន ២៥ ឆ្នាំ ដោយ​ញ៉ាំងឱ្យមាន​ការប៉ាន់ប្រមាណ​ភ្លាមៗ​ថា​តើ​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​មហាសាល​របស់​ពួកគេ​នឹងត្រូវ​បែងចែក​របៀប​ម៉េច​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon រូបនេះ​មានទ្រព្យ​សម្បត្តិ​សុទ្ធ ១៣៧ ពាន់​លាន​ដុល្លារ ដោយ​ធ្វើឱ្យ​គាត់​ក្លាយជា​មនុស្ស​មាន​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។ ប៉ុន្តែ​ដោយ​អាស្រ័យ​លើ​របៀប​ដែល​ប្តី​ប្រពន្ធ​នេះ​បែងចែក​ទ្រព្យសម្បត្តិ​ក្រោយ​លែងលះ នោះ​គាត់​អាច​ត្រូវ​ផ្តួល​ពី​តំណែង​លេខ​១ ហើយ​លោកស្រី​ម៉ាក​ខេន​ហ្ស៊ី​អាចនឹងទទួល​បាន​តំណែង​ជា​ស្ត្រី​អ្នកមាន​បំផុត​នៅលើ​ពិភពលោក​។​

​លោក​ជេ​ហ្វ និង​លោកស្រី​ម៉ាក​ខេន​ហ្ស៊ី​រស់នៅក្នុង​រដ្ឋ​វ៉ាស៊ីនតោន ដែលជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ចំនួន ៩ កន្លែង​ដែល​អ្វីៗ​គ្រប់យ៉ាង ដែល​បាន​ទិញ​អំឡុង​អាពាហ៍ពិពាហ៍ រាប់​ចាប់ពី​អចលនទ្រព្យ​រហូតដល់​ប្រាក់ចំណូល ត្រូវបាន​ចាត់ទុកថា​ជា​ទ្រព្យសម្បត្តិ​រួម​។ នោះ​មានន័យថា​ទ្រព្យសម្បត្តិ​របស់​ពួកគេ​អាច​ត្រូវ​បែងចែក ៥០-៥០ មិន​ដូច​នៅ​រដ្ឋ ៤១ ផ្សេងទៀត​នោះទេ កន្លែង​ដែល​អចលនវត្ថុ​ត្រូវបាន​ទិញ​ក្រោម​ឈ្មោះ​របស់​ប្តី​ឬ​ប្រពន្ធ​ដាច់ដោយឡែក ហើយ​មិន​ត្រូវបាន​ចាត់ទុកថា​ជា​ទ្រព្យសម្បត្តិ​រួម​ទេ​លុះត្រាតែ​មានឈ្មោះ​ទាំងពីរ​។​

​លោក​ជេ​ហ្វ​បាន​បង្កើត​ក្រុមហ៊ុន Amazon បន្ទាប់ពី​លោក​និង​លោកស្រី​ម៉ាក​ខេន​ហ្ស៊ី បាន​រៀបការ ដែល​មានន័យថា លោកស្រី​ម៉ាក​ខេន​ហ្ស៊ី​អាចមាន​សិទ្ធិ​ទទួលបាន​ទ្រព្យសម្បត្តិ​ពាក់កណ្តាល​របស់​ក្រុមហ៊ុន Amazon របស់លោក​ជេ​ហ្វ​។​

​ប្រសិនបើ​លោកស្រី​ម៉ាក​ខេន​ហ្ស៊ី​ដើរ​ចេញពី​ការ​លែងលះ​ជាមួយ​ទ្រព្យសម្បត្តិ​ពិតប្រាកដ​ពាក់កណ្តាល​របស់លោក​ជេ​ហ្វ នោះ​នឹង​ធ្វើឱ្យ​លោកស្រី​មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន ៦៨,៥ ពាន់​លាន​ដុល្លារ ក្លាយជា​ស្ត្រី​មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​នៅលើ​ពិភពលោក ដោយ​លើស​ស្ត្រី​មាន​បំផុត​បច្ចុប្បន្ន ២៣ ពាន់​លាន​ដុល្លារ​។​

​ស្ត្រី​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​សព្វថ្ងៃ​គឺ​លោកស្រី ហ្វ្រ​ង់​ស្វ័​រ បេ​តង់​គ័​រ មេ​យើ (Francoise Bettencourt Meyer) ដែល​គ្រប់គ្រង​ភាគហ៊ុន ៣៣ ភាគរយ​នៃ​ក្រុមហ៊ុន​គ្រឿងសម្អាង​ធំ​បំផុត​របស់​ពិភពលោក​ឈ្មោះ L’Oreal និង​មានទ្រព្យ​សម្បត្តិ​សុទ្ធ​ចំនួន ៤៥,៦ ពាន់​លាន​ដុល្លារ យោងតាម Bloomberg​។ ទោះយ៉ាងណា យោងទៅតាម​ទស្សនាវដ្ដី Forbes លោកស្រី​មេ​យើ​មានទ្រព្យ​សម្បត្តិ​ចំនួន ៤៤,៧ ពាន់​លាន​ដុល្លារ ដោយ​ធ្វើឱ្យ​លោកស្រី​ឈរ​នៅ​ពីក្រោយ​បន្តិចបន្តួច​ប៉ុណ្ណោះ​ពី​លោកស្រី អា​លី​ស វ៉ាល់​តុ​ន (Alice Walton) អ្នក​ស្នង​មរតក​ក្រុមហ៊ុន Walmart ដែលមាន​ទ្រព្យសម្បត្តិ ៤៤,៨ ពាន់​លាន​ដុល្លារ​។​

​ទោះ​តាម​វិធី​ណាក៏ដោយ ទ្រព្យសម្បត្តិ​សុទ្ធ​របស់លោក​ស្រី​ម៉ាក​ខេន​ហ្ស៊ី បេ​ហ្សូ​ស នឹង​លើស​អ្នក​ទាំងពីរ បន្ទាប់ពី​ការលែង​លះ​៕ ដោយ៖ កញ្ញាដាលីស

លោក​ជេ​ហ្វ បេ​ហ្សូ​ស និង​លោកស្រី​ម៉ាក​ខេន​ហ្ស៊ី បេ​ហ្សូ​ស កំពុង​លែងលះគ្នា​តាមផ្លូវ​ច្បាប់