ប្រពន្ធ​របស់​អតីត​ប្រធាន​ក្រុមហ៊ុន Nissan និយាយថា​លោកស្រី “​មាន​អារម្មណ៍​ថា​មាន​គ្រោះថ្នាក់​” ក្នុងប្រទេស​ជប៉ុន​

303
ចែករម្លែក
  • 12
    Shares

​ប្រពន្ធ​របស់​អតីត​ប្រធាន​ក្រុមហ៊ុន Nissan លោក កា​ឡូ​ស ហ្គោ​សិន បាន​និយាយថា លោកស្រី​បាន​ចាក​ចេញពី​ប្រទេស​ជប៉ុន​យ៉ាង​ឆាប់រហ័ស បន្ទាប់ពី​ការចាប់ខ្លួន​ស្វាមី​របស់​លោកស្រី​ចុងក្រោយ​បំផុត​នេះ ពីព្រោះ​លោកស្រី​ភ័យខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​

​សារព័ត៌មាន​ប្រចាំ​សប្តាហ៍ Journal du Dimanche របស់​បារាំង​បាន​ដកស្រង់​សម្តី​លោកស្រី​ខា​រ៉ូ​ល ហ្គោ​សិន (Carole Ghosn) ដោយនិយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៧​មេសា​ថា លោកស្រី​បានឃើញ​ប៉ូលិស​ចាប់យក​ប្តី​របស់​លោកស្រី​ត្រឡប់​ទៅ​ដាក់គុក​វិញ និង “​មាន​អារម្មណ៍​ថា​មាន​គ្រោះថ្នាក់​” នៅពេល​ក្រុមមន្ត្រី​បាន​រឹបអូស​យក​លិខិតឆ្លងដែន​លី​បង់​របស់​លោកស្រី​។​

​លោកស្រី​ខា​រ៉ូ​ល ហ្គោ​សិន បាន​ប្រាប់​កាសែត​នេះ​ថា លោកស្រី​បាន​ចាក​ចេញទៅ​ប្រទេស​បារាំង​កាលពី​ថ្ងៃ​សុក្រ ​ដោយ​ប្រើ​លិខិតឆ្លងដែន​ផ្សេង​។​

​លោកស្រី​និយាយថា ចាប់តាំងពី​លោក​កា​ឡូ​ស ហ្គោ​សិន ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ខាង​ហិរញ្ញវត្ថុ​មក​នោះ អតីត​បុរស​លេច​ធ្លោ​បំផុត​ខាង​រថយន្ត​រូបនេះ​ត្រូវបាន “​បោះបង់ចោល​ដោយ​មនុស្ស​គ្រប់គ្នា​” ដោយសារតែ “​ភាព​កំសាក​” បើទោះបីជា​បាន​ជួយសង្គ្រោះ​ក្រុមហ៊ុន Nissan និង​ក្រុមហ៊ុន Renault ក៏ដោយ​។​

​លោក​ហ្គោ​សិន ​ពីមុន​ត្រូវបាន​ចាប់​ដាក់គុក​នៅ​តូ​ក្យូ​ចាប់ពី​ខែវិច្ឆិកា​រហូតដល់​ខែមីនា​ ពីបទ​ក្លែងបន្លំ​ឯកសារ​មូល​ប​ត្រ​និង​បានធ្វើឱ្យ​ក្រុមហ៊ុន Nissan ខាតបង់​ការវិនិយោគ​ផ្ទាល់ខ្លួន​។ គាត់​និយាយថា​គាត់​គ្មាន​កំហុស​ទេ​៕ ដោយ៖ កញ្ញាដាលីស/Ha

លោកស្រី​ខា​រ៉ូ​ល ហ្គោ​សិន ឈរ​នៅ​ឆ្វេង​ដៃ​លោក​ហ្គោ​សិន បន្ទាប់ពី​ចាកចេញ​ពី​ការិយាល័យ​មេធាវី​របស់គាត់​ក្នុង​ក្រុង​តូ​ក្យូ​កាលពី​ថ្ងៃទី​៣​មេសា