ប្រពល​រដ្ឋ​នៅ​សង្កាត់​ទឹក​វិល​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់ ត្រូវបាន​អាជ្ញាធរ​ក្រុង​សៀមរាប​ផ្តល់​ទឹក​ជូន​

282
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: អាជ្ញាធរ​ក្រុង​សៀមរាប​បាន​សហការ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​ខេត្តសៀមរាប ចាប់ផ្តើម​ផ្តល់​ទឹក​ជូន​ប្រពល​រដ្ឋ​នៅ​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​។​នេះ​គឺជា​ការបញ្ជាក់​របស់លោក​ស្រី ជា ភឿ​យ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​នេះ​។​

​លោកស្រី ជា ភឿ​យ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បាន​បញ្ជាក់ថា ប្រពល​រដ្ឋ​ក្នុងភូមិ​ចំនួន​៥ រួមមាន​ភូមិ​សណ្តាន់ , ភូមិ​ទឹក​វិល , ភូមិ​ព្រៃ​ថ្មី , ភូមិ​ទឹកថ្លា និង​ភូមិ​ជ័យ បាន​ជួបប្រទះ​គ្រោះ​ខ្វះខាត​ទឹក​ប្រើប្រាស់​តាំងពី​អំឡុង​ខែកុម្ភៈ​មកម្ល៉េះ ក្នុងនោះ​ភូមិ​សណ្តាន់ , ភូមិ​ទឹក​វិល និង​ភូមិ​ព្រៃ​ថ្មី ពលរដ្ឋ​ដែល​ខ្វះ​ទឹក​ប្រើ​មាន​ច្រើនជាងគេ គឺ​ប្រមាណ ពី​៦០​ទៅ​៧០​ភាគរយ ។​

​លោកស្រី បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​តាមដាន​សភាពការណ៍​នៃ​គ្រោះ​ខ្វះ​ទឹក​នេះ អាជ្ញាធរ​ក្រុង​សៀមរាប បាន​សហការ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​ខេត្តសៀមរាប បាន​ត​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក​ចំនួន​២​កន្លែង ក្នុង​សង្កាត់​ទឹក​វិល ដើម្បី​ជូន​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​គ្រោះ​ខ្វះ​ទឹក បាន​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ ខណៈ​ទីតាំង​ទាំងពីរ​កន្លែង​នោះ​មាន ទីតាំង​ទី​១ ស្ថិតនៅ​ភូមិ​ព្រៃ​ថ្មី ជិត​អន្លង់​ទឹក​វិល និង​ទី​តាំងទី​២ ស្ថិត​នៅផ្ទះ​របស់លោក​ស្រី​ផ្ទាល់ ក្នុងភូមិ​ទឹក​វិល ហើយ​ក្រៅពី​ផ្តល់ជូន​ទឹក​ដោយ​ឥតគិតថ្លៃ​នេះ ខាង​រដ្ឋាករទឹក​ស្វយ័ត​ខេត្តសៀមរាប ក៏បាន​ត​បណ្តាញ​ទឹកស្អាត​ចូលទៅ​តាម​ភូមិ​ទាំងនោះ​ផងដែរ​។​

​គួររំលឹកថា នៅ​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទឹក​វិល​នេះ ធ្លាប់​ជួប​បញ្ហា​ដូចគ្នានេះ​រួច​ម្ដង​ហើយ ដោយនៅ​ឆ្នាំ​នោះ​អាកាសធាតុ​ប្រហាក់ប្រហែល​ដូច​ឆ្នាំ​នេះដែរ រីឯ​ទឹក​ក្នុង​បារាយណ៍​ខាងលិច ដែលជា​អាង​ស្ដុក​ទឹក​ដ៏​ធំ​មួយ​របស់​ក្រុង​អង្គរ បាន​គោក​រីងស្ងួត​អស់​គ្មាន​សល់ ប៉ុន្តែ​សម្រាប់​នៅ​ឆ្នាំនេះ បរិមាណ​ទឹក​នៅ​តិចតួច​បំផុត ។​

​បើតាម​ការព្យាករណ៍រ​បស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ បាន​ឲ្យ​ដឹងថា នៅ​សប្ដាហ៍​នេះ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩ នៅ​កម្ពុជា​សីតុណ្ហភាព​បាន​បន្ត​ឡើង​ចាប់ពី ៤០ ទៅ ៤១ អង្សារ​សេ ខណៈ​ភ្លៀង​ចុះខ្សោយ រីឯ​បាតុភូត​រន្ទះ និង ខ្យល់​កន្ត្រាក់​កើតឡើង​ញឹកញាប់ និង មាន​ឥទ្ធិពល​ខ្លាំង​៕ ល​