ប្រពៃណី​ការមកដល់​នៃ​អាយុ​របស់​ជប៉ុន ប្រហាក់ប្រហែល​ប្រពៃណី​ចូល​ម្លប់​ខ្មែរ​

309

(​ភ្នំពេញ)​៖ ពិភពលោក​ទទួល ស្គាល់​តួនាទី​ដ៏​សំខាន់​របស់​យុវជន​ថា យុវជន គឺជា​សសរទ្រូង និង​អនាគត របស់​ប្រទេសជាតិ ។ ប៉ុន្តែ​គេ​បាន​កត់ ចំណាំ​ឃើញថា យុវជន​ហាក់ដូចជា​មិន សូវ​មាន​ទស្សនៈ មិនសូវ​យល់ ទាំង​មិន សូវ​ធ្វើ​ដូច​អ្វីដែល​គេ​និយាយ​នោះឡើយ បែរជា​ច្រើនតែ​គិត និង យល់ថា​ខ្លួន​ជា មនុស្ស​ក្នុង​វ័យ​ដែល​មិនមាន​ទំនួល​-​ខុសត្រូវ​អ្វី​ធំដុំ​ទេ​គឺ​ធ្វើ​អ្វី​តែ​តាម​មនុស្ស ចាស់ ឬ អ្នកដឹកនាំ​រៀបចំ​ឱ្យ ហើយ ពួកគេ​បែរជា​ចូលចិត្ត​សប្បាយ​ភ្លើតភ្លើន ភ្លេច​ភារកិច្ច​ដ៏​មហា​សែន​សំខាន់​របស់ ខ្លួន​រហូតដល់​អ្នកខ្លះ​ភ្លេច​ថា​ខ្លួន​ជាម​នុស្ស មាន​ទំនួល​ខុសត្រូវ​ពេញលេញ​ទៀតផង​។​

យុវជន​ខ្មែរ​ក្នុង​ប្រពៃណី​
​ជាទូទៅ​នៃ​ប្រពៃណី​បុរាណ ខ្មែរ យុវតី​ខ្មែរ​ដែល​សង្គម​ទទួលស្គាល់ ថា​ជា​មនុស្សពេញវ័យ គឺជា​យុវតី​ដែល មាន​អាយុ​១៦​ឆ្នាំ (​បច្ចុប្បន្ន​១៨​ឆ្នាំ ) ។ ខ្មែរ​មាន​ប្រពៃណី “ ចូល​ម្លប់ “ ដែលជា​ទូទៅ​គេ​ធ្វើ​រយៈពេល បី​ខែ​គត់ ហើយ យុវតី​ត្រូវ​ចូល​ម្លប់​នៅក្នុង​ចុងឆ្នាំ​ទី​១៥ លុះ​ពេល​យុវតី​រូបនោះ​ចេញ​ម្លប់ គឺជា ពេលដែល​នាង​មាន​វ័យ​១៦​ឆ្នាំ ពោលគឺ នាង​ពេញវ័យ​ក្រមុំ​ហើយ ។

​គុណប្រយោជន៍​នៃ​ការចូល ម្លប់​នេះ​មាន​ច្រើន ដូចជា ដើម្បី​សុវត្ថិភាព ថែ​សម្រស់ អប់រំ​កាយ វាចា​ចិត្ត រៀន​វិជ្ជា​មេផ្ទះ​សម្រាប់​ត្រៀមខ្លួន​ធ្វើជា​ភរិយា និង​ជា​មាតា​ដ៏​ល្អ​ម្នាក់​ជាដើម ហើយ​ក្នុងនោះ ក៏បង្ក​ប់ ទៅដោយ​ការ​ក្រើនរំលឹក ដល់​មនុស្ស​ដែល​ពាក់ព័ន្ធ​ជាពិសេស​យុវតី​រូបនោះ​ថា “​នាង​ជាម​នុស្ស ពេញវ័យ​ហើយ ពោលគឺ​នាង​ពុំមែន​ជា កុមារី​ម្នាក់​ទៀតឡើយ គឺ​នាង​ជាម​នុស្ស មាន​សិទ្ធិ និង​មាន​ទំនួល​ខុសត្រូវ​ពេញលេញ​ហើយ “ ។​

​ទោះយ៉ាងណា ខ្មែរ​មាន ប្រពៃណី​ចូល​ម្លប់​នេះ​សម្រាប់តែ​យុវតី ប៉ុណ្ណោះ ប៉ុន្តែ​ពុំមាន​បុរស​ចូល​ម្លប់​ឡើយ ដ្បិត​បុរស​ជាទូទៅ​ត្រូវ​សាង​ផ្នួស​បួស ក្នុង​ព្រះពុទ្ធសាសនា​ជា​សាមណេរ​ជា ភិក្ខុ​ហើយ​អាច​សិក្សា អប់រំ​រៀនសូត្រ និង ការ​ក្រើនរំលឹក (​ឬ​ប្រពៃ​ជាង​នេះ​) រួចហើយ ។​

យុវជន​ជប៉ុន​ក្នុង​ប្រពៃណី​
​នៅឯ​ប្រទេស​ជប៉ុន​ឯណោះ វិញ ក៏​ជួប​បញ្ហា​យុវជន​យុវតី​ពុំ​សូវ​យល់ ដឹង​អំពី​តួ​នា​តី និង​ភាព​សំខាន់ របស់ខ្លួន ដូចជា​យុវជន​នៃ​ជាតិ​សាសន៍​ទាំងពួង ក្នុង​លោក​ដែរ ទើប​បុ​រា​ណា​ចា​រ្យ​ជប៉ុន​បង្កើត ប្រពៃណី​មួយ​សម្រាប់​រំលឹក​ដល់ យុវជន​របស់ខ្លួន​ថា ពួកគេ (​យុវជន​) ដល់ពេល​ក្លាយជា​មនុស្សពេញវ័យ និង​ត្រូវ​រ៉ាប់រង​ទំនួល​ខុស​ត្រូវជា​មនុស្ស ពេញវ័យ ពោលគឺ​ពួកគេ​ពុំមែន​ជា យុវជន​ដែល​ឡេះឡោះ ភ្លើតភ្លើន​ឡើយ ហើយ​ពួកគេ​ក៏មាន​សិទ្ធិ​យ៉ាង​ពេញលេញ​ក្នុងការ​ទទួលយក​នីតិ​ភាព (​កាតព្វកិច្ច ទាំងឡាយ​ដែល​តម្រូវ​ដោយ​ច្បាប់​) ។​

​ប្រពៃណី​នោះ​មានឈ្មោះ “​ការមកដល់​នៃ​អាយុ (Coming of Age Day= Seijin no Hi?) ត្រូវបាន​គេ​ប្រារឰ ធ្វើ​នៅក្នុង​ប្រទេស​ជប៉ុន យ៉ាងហោច ណាស់​តាំងពី​ឆ្នាំ​៧១៤ នៃ​គ្រិស្តសករាជ ដោយ​កាលណោះ​ព្រះអង្គម្ចាស់​វ័យ ក្មេង​មួយ អង្គ​ស្លៀកពាក់​សម្លៀកបំពាក់​ជា​មនុស្សពេញវ័យ រចនា​សក់​ជាម​នុស្ស ពេញវ័យ ដើម្បី​ជាការ​ផ្ញើ​សារ​ថា ព្រះអង្គ​មាន​នីតិភាព (​អាយុ​គ្រប់​តាម ច្បាប់​) ហើយ ពោលគឺ​ព្រះអង្គ​ពុំមែន ជា​កុមារ​ទៀតឡើយ ។

​ទង្វើ​នេះ​បាន​ក្លាយជា​គំរូ សម្រាប់​ក្រើនរំលឹក​ស្មារតី​ដល់​យុវ័ន យុវតី​ទូទៅ​របស់​ជប៉ុន ពោលគឺ ប្រពៃណី ការមកដល់​នៃ​អាយុ​នេះ គេ​ធ្វើ ទាំង​យុវ័ន និង​យុវតី គឺមាន​ភាពទូលំទូលាយ​ជាង​ប្រពៃណី ចូល​ម្លប់​ខ្មែរ​បន្តិច ដ្បិត​ខ្មែរ​ចូល​ម្លប់​តែ​យុវតី ។

​ព្រះពុទ្ធសាសនា​បាន​ចូលទៅ ដល់​ប្រទេស​ជប៉ុន​តាំង​ឆ្នាំ​៥៥២ នៃ គ្រិស្តសករាជ ប៉ុន្តែ​ពុំទាន់​សូវ​មាន ឥទ្ធិពល​នៅឡើយ ។ មូលហេតុ​ដែល បុ​រា​ណា​ចា​រ្យ​ជប៉ុន ប្រារឰ​ប្រពៃណី ការមកដល់​នៃ​អាយុ សម្រាប់​ទាំង​យុវ័ន ទាំង​យុវតី​នេះ ក៏​ព្រោះតែ​យុវជន​ជប៉ុន ពុំ​សូវ​ចូលចិត្ត​បួស​ជា​ព្រះសង្ឃ ដោយ សារ​គេ​ចូលចិត្ត​សប្បាយ​ផង ពួកគេ យល់ថា កាតព្វកិច្ច​ក្នុង​ភាពជា​ព្រះសង្ឃ ក៏​ពិបាក​នឹង​បំពេញ​ផង ការរស់នៅ​ក្នុង ភាពជា​គ្រហស្ថ ពួកគេ​អាច​ទទួលបាន ការអប់រំ​ល្អ​គ្រប់គ្រាន់​នឹង​ប្រើការ​បាន ហើយ​ផង ហើយ​មាន​សេរី​ភាពមិន ចាំបាច់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ ពុទ្ធ​វិន័យ​ផង​។​

​ប៉ុន្តែ​ពួក​ចាស់ព្រឹទ្ធាចារ្យ បែរជា​មើលឃើញថា ពួកគេ​នៅតែ ខ្វះ​ការអប់រំ​យ៉ាងច្រើន ហេតុនេះ​ទើប បុ​រា​ណា​ចា​រ្យ​ជប៉ុន​ទទួលយក​ទង្វើ របស់​ព្រះអង្គម្ចាស់​មួយអង្គ (​ដូចដែល បាន​លើក​ខាងលើ​) នោះ ទៅ​ពង្រីក​ជា ទិវា​ការមកដល់​នៃ​អាយុ សម្រាប់​ទាំង យុវជន​ផង ទាំង​យុវតី​ផង ដ្បិត​យុវជន ជប៉ុន​មិនបាន​បួស ខុសពី​យុវជន​ខ្មែរ ដែល​ភាគច្រើន​បាន​បួស ។

​ប្រការនេះ ត្រូវបាន​គេ​សង្កេត ឃើញថា ជាទូទៅ​បណ្តា​ប្រទេស​ទាំង ឡាយ​ណា​មាន​ភាពរុងរឿង ការ​ទ្រទ្រង់ ពុទ្ធសាសនា​រមែង​ថយចុះ ព្រោះ​កាល ណា​មនុ​ស្សមាន​ជីវភាព​ធូរធារ ពួកគេ រមែង​ចូលចិត្ត​សប្បាយ​ហ៊ឺហា ដូចជា ការផឹកស៊ី ល្បែង​ភ្លើតភ្លើន​ប្រុស​ស្រី ជាដើម​ចំណែក​ព្រះពុទ្ធ សាសនា បង្រៀន​ឱ្យ​មនុស្ស​សង្រួម​ស្រគត់ស្រគុំ រក្សាខ្លួន និង​អ្វីៗ​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​ជានិច្ច (​សមាធិ​)​។ លុះ​ពេល​ប្រទេស នោះ​ធ្លាក់ខ្លួន​ក្រ ឬ មាន​វិបត្តិ ទើប​ពួកគេ ងាក​មករក​ព្រះពុទ្ធសាសនា​វិញ ។ នេះ ជា​មូលហេតុ​សំខាន់​មួយ​នាំ​ឱ្យគេ​មើល ឃើញថា ប្រទេស​ដែលមាន​ប្រតិបត្តិ ព្រះពុទ្ធសាសនា ជាពិសេស​ពុទ្ធ សាសនា​ថេរវាទ ច្រើនតែ​ជា​ប្រទេស មិនសូវ​ស៊ី​វិ​ល័យ មិនសូវ​ធូរធារ ។​

​ទិវា​ការមកដល់ នៃ អាយុ​
​នៅ​ឆ្នាំ​១៩៤៨ ទិវា​ការមកដល់ នៃ​អាយុ បាន​ក្លាយជា​ថ្ងៃ​សម្រាក​ជាតិ ហើយ​ត្រូវបានធ្វើ​ដំបូង​នៅ​ថ្ងៃទី ១៥ ខែ មករា ។ លុះដល់​ឆ្នាំ ២០០០ ត្រូវបាន​គេ ផ្លាស់ប្តូរ​ទៅធ្វើ​នៅ​ថ្ងៃ ចន្ទ សប្តាហ៍​ទី ពីរ នៃ​ខែមករា រហូតមក ហើយ​គេ​ធ្វើ​ដើម្បី ជាការ​កត់សម្គាល់ ដល់​បុគ្គល​ដែលមាន អាយុ​២០​ឆ្នាំ ពីរ​ករណី​គឺ ១. គេ​មាន​សិទ្ធិ ពេញលេញ​តាមច្បាប់​ហើយ ២. ពួកគេ​ក៏ មាន​ទំនួល​ខុសត្រូវ​ច្រើនជាង​មុន​ក្នុង ឋានៈ​ជា​ជន​គ្រប់​អាយុ​ថ្មី ។

​ពិធី​នេះ​ជាទូទៅ​ត្រូវគេ​ប្រារឰ នៅពេល​ព្រឹក​នៅតាម​ការិយាល័យ នានា​ទូទាំងប្រទេស​ជប៉ុន ។ មន្ត្រី​រដ្ឋាភិបាល​ធ្វើ​បទ​សុន្ទរកថា និង​មាន​ចែក អំណោយ​អនុស្សាវរីយ៍​តិចតួច​ដ​ល់​ជន ដែល​ទើបតែ​ត្រូវ បាន​ទទួលស្គាល់ថា​ជា អ្នក​ពេញវ័យ​នាពេលនេះ ។ អ្នក​បញ្ជាក់ លំនៅស្ថាន​នៅក្នុង​តំបន់ នៃ​ជន​ដែល ទើប​គ្រប់​អាយុ​ទាំងនេះ​ត្រូវបាន​អញ្ជើញ ឱ្យ​ចូលរួម​ក្នុង​ពិធី​នេះ ។

​នៅ​ប្រទេស​ជប៉ុន មនុស្ស​ពេញ វ័យ​ចាប់ពី​អាយុ​២០​ឆ្នាំ ដូច្នេះ​ជា គោលការណ៍ មនុស្សពេញវ័យ​ក្មេង ដែល​ចូលរួម​ក្នុង​ពិធី ទិវា​ការមកដល់ នៃ​អាយុ​នេះ គឺជា​មនុស្ស​ដែល​ពិតជា មាន​អាយុ​២០​ឆ្នាំ តាំងពី​ឆ្នាំ​ចាស់ ដែល ទើប​កន្លងផុតទៅ​ថ្មីៗ ។ ប៉ុន្តែ​ក្នុងការ អនុវត្ត​ជាក់ស្តែង​នាពេល​ប​ច្ច​ប្បន្ន​មាន អ្នកខ្លះ​ទើបតែ​អាយុ​១៩​ឆ្នាំ​ប៉ុណ្ណោះ ដោយ​អ្នកចូលរួម​គឺជា​អ្នក​ដែលមាន អាយុ​ឈានចូល​ឆ្នាំ​ទី​២០ ពី​ចន្លោះ​ថ្ងៃទី ០២ ខែ មេសា ឆ្នាំ​ចាស់ និង ថ្ងៃទី ០១ ខែមេសា​ឆ្នាំ​បច្ចុប្បន្ន ពោលគឺ​យ៉ាងហោច ណាស់ បន្ទាប់ពី​បាន​ចូលរួម​ពិធី​នេះ​ទៅ ពួកគេ​នឹង​ក្លាយជា​មនុស្សពេញវ័យ ហើយ ។

​ស្ត្រី​វ័យក្មេង​ភាគច្រើន​ដែល ជា​អ្នកចូលរួម​ក្នុង​ពិធី​នេះ ស្លៀកពាក់ ឈុត ហ្វ៊ូ​រី​សូដ (​ជា​ឈុត​សម្លៀកបំពាក់ ប្រពៃណី​បុរាណ​មួយ​ប្រភេទ​ស្ថិតក្នុង ចំណោម​សម្លៀកបំពាក់ គី​ម៉ូ​ណូ របស់ ជនជាតិ​ជប៉ុន ) ដែលមាន​ដៃ​វែង​រលុង ព្យួរ​សំយាក​ចុះក្រោម និង​ស្បែកជើង ហ្សូ​រិ (​ស្បែកជើងសង្រែក​ម្យ៉ាង​របស់ ជនជាតិ​ជប៉ុន​) ។ ក្នុងសម័យ​ទំនើប ជនជាតិ​ជប៉ុន​ស្ត្រី​ទើប​ពេញវ័យ​ថ្មី​ភាគច្រើនបំផុត​មិនសូវ​ចេះ ដឹង​អំពី​វិធី​ស្លៀក សម្លៀកបំពាក់ ហ្វ៊ូ​រី​សូដ នេះឡើយ ដោយសារ​វា​ជា​សម្លៀកបំពាក់​ដែលមាន​ភាព សាំញ៉ាំ​ជាង​សម្លៀកបំពាក់ ធម្មតា ទើប​ស្ត្រី​ពេញវ័យ​ថ្មី​ខ្លះទៅ​ហាង ឯកទេស​ឱ្យគេ​ជួយ​តុបតែង និង​ស្លៀក ឈុត​សម្លៀកបំពាក់​នេះ និង​ធ្វើ​ម៉ូត​សក់ ប្រពៃណី​របស់​ពួកគេ ។
​ ​
​ចំណែក​បុរស​ដែល​ទើប​គ្រប់ អាយុ​នាពេលនេះ តាម​ប្រពៃណី​គេ ស្លៀកពាក់​ឈុត​គី​ម៉ូ​ណូ និង ហា​កា​ម៉ា ។ ប៉ុន្តែ​បច្ចុប្បន្ន​គេ​ច្រើន​ស្លៀកពាក់​សម្លៀក ពាក់​បែប​បស្ចិម​លោក ដូចជា​អាវធំ ក្រវាត់ក​ជាដើម ។ លុះ​ចប់​ពិធី​នោះ ពួក គេ​ជា​ក្រុមៗ​ច្រើនតែ​ប្រារឰ​ពិធីជប់លៀង ឬក៏​ចេញទៅ​កម្សាន្ត​ខាងក្រៅ​ផ្ទះ ។
​ ​
ការថយចុះ​អ្នកចូលរួម​
​ប្រពៃណី​ចូល​ម្លប់​របស់​ខ្មែរ​ត្រូវ បាន​ខ្មែរ​បោះបង់ចោល​នៅ​ចុង​រាជ​ព្រះបាទ ស៊ីសុវត្ថិ​មុនី​វង្ស (​រវាង គ្រិស្តសករាជ ១៩៣០ ១៩៤០ ) ស្ទើរតែ​ទាំងស្រុង ហើយ ដោយសារ​យុវតី​មានការ​ងារ ច្រើនឡើង​ដែល​ត្រូវធ្វើ ។ នៅឯ​ប្រទេស ជប៉ុន​ឯណោះ​រក្សា​ប្រពៃណី​ទិវា​ការ មកដល់ នៃ​អាយុ បាន​ជាប់លាប់​គួរឱ្យ កត់សម្គាល់ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក៏មាន​ការថយចុះ​ចំនួន​អ្នកចូលរួម ខ្លះ​ដែរ ។

​បច្ចុប្បន្ន​ប្រជាជន​ជប៉ុន​ត្រូវបាន គេ​ដឹង​ជាទូទៅ​ថា មនុស្ស​ចាស់​មាន អាយុ​វែង (​មិន​ងាយ​ស្លាប់​) មនុស្ស​ក្មេង​មិន​ងាយ​រៀបការ ដូច្នេះ​ពួកគេ​ក៏​មិន ងាយ​នឹង​មានកូន ដែល​ប្រការនេះ នាំ ឱ្យមាន​អត្រា កំណើត​ថ្មី​ទាប (​សម្បូរ​តែ មនុស្ស​ចាស់​ទូទាំងប្រទេស ញ៉ាំងឱ្យមាន កង្វល់ ) និង​ថយចុះ​ចំនួន​ភាគរយ នៃ មនុស្ស​វ័យក្មេង ខណៈដែល​អ្នកខ្លះ​មាន អាយុ​២០ ឆ្នាំ ទៅហើយ ប៉ុន្តែ​នៅតែមាន អារម្មណ៍​ថា ពួកគេ​មិនទាន់​ក្លាយជា មនុស្សពេញវ័យ​បាន​ញ៉ាំងឱ្យ​អ្នក​ដែល បាន​ចូលរួម​ក្នុង​ពិធី​នេះ​មានការ​ថយ ចុះ​ខ្លះ​ដែរ ។

​នៅ​ឆ្នាំ​២០១២ ការថយចុះ​បាន នៅតែ​បន្ត​ជា​គម្រប់​១៥​ឆ្នាំ ដោយមាន មនុស្សពេញវ័យ​តែ​១,២២ លាន​នាក់​បើ ធៀប​ទៅនឹង​ឆ្នាំ​១៩៧៦ មាន​មនុស្ស ពេញវ័យ​ចូលរួម​ដល់​ទៅ​២,៧៦​លាន នាក់ ៕ ដោយ: មេសា

គំនូរ​អំពី​យុវតី​ខ្មែរ​សិក្សា​ក្នុងអំឡុងពេល​ចូល​ម្លប់
យុវជន​ជប៉ុន​ដែល​ទើប​ក្លាយជា​មនុស្សពេញវ័យ​ជា​ផ្លូវការ (​រូបៈ អ៊ីនធឺណិត​)​