ប្រពៃណី​ចាក់​ចេក​របស់​ប្រជាជន​ខ្មែរ​នៅ​តំបន់​អង្គរ​

695

(​ភ្នំពេញ​)៖ យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា មន្តអាគម​ខ្មែរ ចេញផ្សាយ​កាលពី​ខែតុលា​កន្លងទៅ នេះ​បានបង្ហាញ​អំពី​ប្រពៃណី​ចាក់​ចេក​របស់​ប្រជាជន​ខ្មែរ​នា​តំបន់​ជនបទ​នៅ​ខេត្តសៀមរាប​។​

​ផេ​ក​នេះ​បាន​រៀបរាប់ថា​អ្នកភូមិ​មាន​ប្រពៃណី​ចាក់​ចេក​រំលេច​ជា​ក្បាច់ សម្រាប់​យកទៅ​បិទ​លំអរ​ក្នុង​ពិធី​ផ្សេងៗ ដូចជា រាន​ពុទ្ធគុណ​រាន​និ​ម​រាជ រាន​ទិសឦសាន គ្រែ​អាសនៈ​អភិសេកព្រះ​ពុទ្ធរូប និង​នៅលើ​ខឿន​តម្កល់​មឈូស ក្នុង​ពិធី​បូជា​ភ្លើង​សព ជាដើម​។​

​ប្រភព​ដដែល​បន្តថា​ក្បាច់​ចាក់​ចេក មាន​រូបរាង​និង​ឈ្មោះ​ផ្សេងៗ​គ្នា​។​ដូនតា​យើង ប្រើ​ក្បាច់​ទាំងនោះ តាម​ទីតាំង​ផ្សេងៗ​គ្នា​តាម​តម្រូវ​នៃ​ពិធី​។ នៅពេលណា​ដែលមាន​កិច្ច​បួងសួង​ក្នុង​ពិធីបុណ្យ​អ្វីមួយ​ជាធំ​ដុំ​នោះ គឺ​តម្រូវឱ្យមាន​ការចាក់​ចេក​យកមក​លំអរ​រាន​ទាំងនោះ​។ ជា​ប្រពៃណី​ម្ចាស់ដើមបុណ្យ​តែងតែ​ពឹង​ពរ រក​អ្នកចេះ​ចាក់​ចេក ដើម្បីឱ្យ​មកចាក់​ក្នុង​រោងបុណ្យ​នៅ​ថ្ងៃ​ឡើងរោង​ដែល​ប្រើពេល​ពេញ​មួយថ្ងៃ គឺ​តាំងពីព្រឹក ដល់​ល្ងាច​ទើបបាន​ចប់សព្វគ្រប់ ជួន​មានពេលខ្លះ​បន្ត​មួយ​ព្រឹក​ថែមទៀត​។​
​ ​
​ប្រភព​ដដែល​បាន​រៀបរាប់​អំពី​ប្រពៃណី​នេះ​ដែល​មាននៅ​ស្រុក​ពួក បន្ថែមថា​វិជ្ជា​ចាក់​ចេក​នេះ មាន​អ្នកចេះ​ច្រើន រៀន​បន្ត​ពីគ្នា​ពេល​កំពុង​អនុវត្ត​ផ្ទាល់​នៅ​រោងបុណ្យ ពី​ឪពុក​មក​កូន​ឬ​ក្មួយ ជាដើម​។ ស្ទើរ​គ្រប់​ភូមិ​ក្នុង​តំបន់​អង្គរ មាន​ក្រុម​អ្នកចេះ​ចាក់​ចេក​ប្រចាំ​ភូមិ ហើយ​ក្បាច់​ខ្លះ មាន​រូបរាង​ខុសៗ​គ្នា​ទៅតាម​ទម្លាប់​ភូមិ​ស្រុក​រៀងៗ​ខ្លួន​៕ ដោយ​៖ បញ្ញា​សាស្ត្រ​

កម្រង​រូបភាព​ចាក់​ចេក ក្នុងភូមិ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​(​រូបថត​ផេ​ក​មន្តអាគម​ខ្មែរ​)
កម្រង​រូបភាព​ចាក់​ចេក ក្នុងភូមិ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​(​រូបថត​ផេ​ក​មន្តអាគម​ខ្មែរ​)

កម្រង​រូបភាព​ចាក់​ចេក ក្នុងភូមិ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​(​រូបថត​ផេ​ក​មន្តអាគម​ខ្មែរ​)