ប្រពៃណី​ចិន​សែន​ដក​ជើងធូប​

317
ចែករម្លែក

ភ្នំពេញៈ​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជន​ជាតិចិន ការដក​ជើងធូប ត្រូវធ្វើឡើង​តែម្តង​ប៉ុណ្ណោះក្នុង​មួយឆ្នាំ លើកលែង​តែមាន​ករណី​ពិសេស ឬ ចាំបាច់​ណាមួយ​ហើយ​ការដក​ជើងធូប​នេះទៀតសោត ក៏ត្រូវ​ធ្វើឡើង​ដោយមាន​ការ​សែនព្រេន​ត្រឹមត្រូវ ។​ជនជាតិ ចិន​ជាទូទៅ​មិន​ហ៊ានបំពាន​ទម្លាប់​នេះ​ទេ​។​

​តើ​ប្រពៃណី​ទំនៀមទម្លាប់​នេះ​ដូចម្តេចខ្លះ​?​។​ចំពោះ​ជំនឿ​ប្រពៃណី​ជនជាតិ​ចិន កំប៉ុង​ជើងធូបនីមួយៗ​សុទ្ធ​តែមាន​ម្ចាស់ ដូចជា​កុង ម៉ា ជំនាងផ្ទះ និង ទេវតា​ឆ្នាំ​ថ្មី ជាដើម ហើយការដក ជើងធូប​ចេញពី​កំប៉ុង​នោះៗ​គេ​ត្រូវ​រង់ចាំ​គម្រប់​មួយឆ្នាំ ហើយ​មុននឹង​ដក​ជើងធូប​នោះ​ចេញ គេ​ត្រូវធ្វើ​ពិធីសែនព្រេន​តាម​ការគួ​រ ហើយ​ប្រជាជន​វៀតណាម​ធ្វើ​នៅ​ថ្ងៃទី២៣ ។ ចំណែកជនជាតិ​ចិន ធ្វើ​នៅ​ថ្ងៃទី ២៤ និង ២៥ ខែ១២ នៃ ប្រតិទិន​ប្រពៃណី​ចិន ហើយ​គេ​អាចធ្វើ​នៅថ្ងៃ​ណាមួយ​ក៏បាន​ក្នុងអំឡុងពេល​ជាមួយ​សប្តាហ៍​មុន​ថ្ងៃ​ចូលឆ្នាំថ្មី​របស់​ពួកគេ ដែល​ឆ្នាំ ២០២០ នេះ ពិធី​សែន​ដក​ជើងធូប​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៨ ខែមករា ។ តាម​ជំនឿ​ជនជាតិ​ចិន​ការ​សែន​ដក ជើងធូប គឺជា​ពិធីដឹងគុណ អរគុណ និង ជូន​ដំណើរ​កុងម៉ា និង​ទេវតា​ឆ្នាំ​ចាស់​ត្រឡប់​ទៅឋានសួគ៌​វិញ បន្ទាប់ពី​បាន​ថែរក្សា​ការពារ​ចម្រុងចម្រើន​ពួកគេ​អស់​រយៈកាល​មួយឆ្នាំ​មក ។

​បន្ទាប់ពី​កុងម៉ា និង ទេវតា ត្រឡប់​ទៅ​ឋានសួគ៌​វិញ គឺ​កំប៉ុង​ជើងធូប​នោះ​នៅ​ទំនេរ ឬ​ពុំមានម្ចាស់ ។ អំឡុងពេល​ពុំមាន​ម្ចាស់​នេះឯង​ហើយ ដែល​ម្ចាស់ផ្ទះ អាច​ដក​ជើងធូប​ចេញពី​កំប៉ុង ហើយ​យក​កំប៉ុង ឬ ផើង​ដោត​ជើងធូបទៅ​លាង​សម្អាត ។ នេះ​គឺជា​មូល​ហេតុដែល​ជនជាតិចិន ត្រូវ​រង់ចាំ​ដល់​គម្រប់​មួយឆ្នាំ ទើប​ហ៊ាន​ដក​ជើងធូប ហើយ​សែន​ដក​ជើងធូប បាន​សេចក្តី ថា សែន​អរគុណ និង ជូន​ដំណើរ​កុងម៉ា និង ទេវតា ត្រឡប់​ទៅ​ឋានសួគ៌​វិញ​ហើយក៏​ដក​ជើង ធូប​ចេញពី​កំប៉ុង ដើម្បីយក​កំប៉ុង​ជើងធូប​ទៅ​លាង​សម្អាត ។​

​មុនពេល​គ្រប់​មួយឆ្នាំ ឬ មុនពេល​ថ្ងៃ​សែន​ដក​ជើងធូប​ចូលមក​ដល់ ប្រជាជន​ចិន​មិន​ហ៊ាន​ដកជើងធូប​ចេញពី​កំប៉ុង​ឡើយ ដោយ​ជន​ជាប់​ស្រ​ឡាយ ចិន ខ្លះ​បកស្រាយ​ថា ធ្វើតាម​ចាស់ៗ ខណៈ​អ្នកខ្លះ​ឆ្លើយថា ខ្លាច​ដាក់​រាសី ជួប​គ្រោះកាច​ចង្រៃ ។​

​ចំណុច​នេះ​លោក ព្រឹទ្ធាចារ្យ សុខ មាន ជា​អ្នក​ស្នង​រូប​លោកតា គង់ ផេង បាន​ពន្យល់ថា កុងម៉ា និង ទេវតា ដែលជា​ម្ចាស់​កំប៉ុង​ជើងធូប មិន​ចូលចិត្ត​ឱ្យ​អ្នកណា​ប៉ះពាល់​កំប៉ុង​ជើងធូប​របស់​ពួកគាត់​ទេ ដោយ​ពួកគាត់​ចាត់ទុកថា ជាការ​រំខាន​ភាព​ស្ងប់​សុខ ឬ​ជា​ការមិន​គោរពចំពោះ​ពួកគាត់ ហើយ​បើ​មាន​អ្នក​ប៉ះពាល់ កុងម៉ា និង ទេវតា មិន​សប្បាយចិត្ត ។

​ទោះ​យ៉ាងនេះ​ក្តី លោក​ព្រឹទ្ធាចារ្យ សុខ មាន បាន​បន្ថែមថា ក៏មាន​ករណី​ពិសេស ឬ ចាំបាច់​ខ្លះដូចជា​ករណី​មាន​ជើងធូប​ច្រើនពេក ប្រឈម​នឹង​អគ្គិភ័យ ឬ ត្រូវ​រើ​ផ្ទះ​ជាដើម គេ​ក៏​អាច​ប៉ះពាល់ ឬដក​ជើងធូប​ចេញ​មុន​កាលកំណត់ ១ ឆ្នាំ​បាន ។ ប៉ុន្តែ​មុននឹង​ដក ត្រូវធ្វើ​ពិធីសែនព្រេន សុំ​អនុញ្ញាត​ពី​កុងម៉ា និង ទេវតា ហើយ ធ្វើ​បានតែ​នៅ​ថ្ងៃទី ១៣ ប៉ុណ្ណោះ​ទោះ​ខែ​មួយណាក៏បាន ។​

​អ្វីដែល​បានលើកឡើង​ដោយ​សង្ខេប​មកនេះ ​គ្រាន់តែ​ពាក់ព័ន្ធ​ទៅនឹង​ជំនឿ​ក្នុង​ប្រពៃណីរបស់​ជនជាតិ ចិន ប៉ុណ្ណោះ ប៉ុន្តែ​សុវត្ថិភាព​ក៏​គឺជា​អ្វីដែល​គេ​មិន​ធ្វេសប្រហែស​ដែរ ដ្បិតអគ្គិភ័យ​កើត​ពី​កំប៉ុង​ជើងធូប​ក៏​ធ្លាប់មាន​ជា​ហូរហែ​មក​ដែរ ៕ ដោយៈ​មេសា/Ha