ប្រព័ន្ធធារាសាស្ត្រ​ធំ​ចុងក្រោយ​ក្នុង​ខេត្តពោធិ៍សាត់​បានចាប់ផ្តើម​អនុវត្ត​

257

(​ភ្នំពេញ)៖​ប្រព័ន្ធធារាសាស្ត្រ ដំណាក់​ឈើ​ក្រំ ដែលជា​ប្រព័ន្ធ​ដ៏​ធំ​មួយ​នៅក្នុង​ខេត្ត​ពោធិ៍សាត់ មិនទាន់បាន​ស្តារ​និង​អភិវឌ្ឍនាពេល​កន្លងទៅ ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចាប់ផ្តើម​ធ្វើការ​សាងសង់​ឡើងវិញ សម្រាប់​យក​ទឹក​ស្រោចស្រព​ដល់​ដីស្រែ​ប្រមាណ ជា​១៦​ពាន់​ហិកតា​ក្នុងស្រុក​ភ្នំក្រវាញ​និង​ស្រុក​បាកាន​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២៩​ខែធ្នូ​ថា ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ​បាន​សាងសង់ឡើង​ប្រហែល​៤០​ឆ្នាំ​មកហើយ​ក្រសួង​មិនដែល​បានធ្វើការ​ស្តារឡើងវិញ​ជា​ទ្រង់ទ្រាយ​ធំ​ទេ ទើប​ធ្វើ​ឲ្យ​ប្រឡាយ​ខ្លះ​របស់​ប្រព​ន្ធ័​នេះ​គោក​រាក់​ដោយ​កន្លែង​។​

​មន្ត្រី​ដដែល​បន្តថា ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ​គេ​បាន​សាងសង់ឡើង​ដោយមាន​តែ​ប្រឡាយ​បង្ហូរទឹក​នៅ​រដូវវស្សា​ដោយ​ពុំមាន​សំណង់​ស្ទាក់​ទឹកស្ទឹង​ទេ​។​នៅក្នុង​ខេត្តពោធិសាត់​នៅសល់តែ​ប្រព​ន្ធ័​មួយ​នេះ​ទេ ដែល​កន្លងមក​មិនទាន់បាន​ស្តារឡើងវិញ ដោយសារ​ប្រព​ន្ធ័​នេះ​នៅ​ប្រើការ​បាន​។​ពេលនេះ​ក្រសួង​បានចាប់ផ្តើម​ធ្វើការ​ស្តារ និង អភិវឌ្ឍ​ដែល​ចាត់ទុកថា​ជា​ប្រព​ន្ធ័​ធំជាងគេ​ចុងក្រោយ​របស់​ខេត្តពោធិសាត់​ហើយ​។​

​លោក​ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា​គម្រោង​ស្តារ​និង​សាងសង់​ឡើងវិញ​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ​ប្រើប្រាស់​ថវិកា​ដៃគូ​អភិវឌ្ឍន៍ ដោយ​បែង​ចែកជា​បី​កញ្ចប់​នេះ​សម្រាប់​យក​ទឹក​ស្រោចស្រព​លើ​ផ្ទៃ​ដីស្រែ​ប្រមាណ ១៦.០០០​ហិកតា​នៅក្នុង​ស្រុក​ភ្នំក្រវាញ​និង​ស្រុក​បាកាន​។ខេត្តពោធិសាត់​ជា​ខេត្ត​មួយ​ដែលមាន​ការអភិវឌ្ឍ​វិ​ស័យ​ធនធានទឹក​ច្រើនជាងគេ​នាពេល​កន្លងមក​។ បានន័​យ​ថា​បន្ទាប់ពី​ធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ​ធ្វើ​រួច គឺ​អត់​មាន​ទីតាំង​ធំ​ណា​សម្រាប់​អភិវឌ្ឍន៍​ទៀតឡើយ​។​

​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ ដែល​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដំណើរការ​សាងសង់ឡើង​វិញ​នេះ រួមមាន​គម្រោង​សាងសង់​សំណង់​មេ​កាត់​ស្ទឹង​ពោធិ៍សាត់​មួយកន្លែង​ត្រង់ចំណុច​ភូមិ​ដំណាក់​ឈើ​ក្រំ​ឃុំ​សំរោង​ស្រុក​ភ្នំក្រវាញ​។​ជីក​ប្រឡាយ​មេ​មួយ​ខ្សែ​ប្រវែង ១៦.០០០ ម៉ែត្រ និង សាងសង់​សំណង់​សិល្បការ សរុប​ចំនួន ២៨ កន្លែង​។​ជីក​ប្រឡាយ​រង​បួន​ខ្សែ សរុប​ប្រវែង ៦៨.៩៨១ ម៉ែត្រ​និង​សាងសង់​សំណង់​សិល្បការ សរុប​ចំនួន ២១៥ កន្លែង ។​

​នៅក្នុង​ការសាងសង់​ជំហាន​ដំបូង​នេះ ក្រសួង​បាន​ចាប់​អនុវត្ត​នូវ​កញ្ចប់​ទី ពីរ​គឺ​ការជីក​ប្រឡាយ​មេ​មួយ​ខ្សែ ប្រវែង ១៦.០០០​ម៉ែត្រ លាតសន្ធឹង​លើ​ឃុំ​ផ្ទះ​រ៉ុង ឃុំ​សំរោង ឃុំ​បាក់​ចិញ្ចៀន​ស្រុក​ភ្នំក្រវាញ និង​ឃុំ​តា​លោ ឃុំ​ខ្នារ​ទទឹង​ស្រុក​បាកាន ។ ប្រឡាយ​មេ​មួយ​ខ្សែ​នេះ គឺមាន​បំពាក់​នូវ​សំណង់​សិល្បការ​តូច ធំ សរុប​ចំនួន ២៨ កន្លែង ។ មកទល់​ពេលបច្ចុប្បន្ន ការអនុវត្ត​កញ្ចប់​ទី​ពីរ សម្រេច​លទ្ធផល​បាន​ប្រមាណ ១២​ភាគរយ ហើយ ៕​​ដោយៈ​ប​.​ខុន/sn​

​ក្រុមការងារ​ជំនាញ​សិក្សា​គម្រោង​ធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ​(​ធនធានទឹក​)
​ ​