ប្រព័ន្ធធារាសាស្ត្រ​មានតម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​នៅ​ស្រុក​កងមាស​ស្ថាបនា​បាន​ជាង​៩០​ភាគរយ​

546
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: ប្រព័ន្ធធារាសាស្ត្រ​ជា​ទំនប់​បង្ហៀរ ផ្លូវ​អម​សងខាង​ទំនប់​មានតម្លៃ​ជាង ១០​ម៉ឺន​ដុល្លារ​អាម៉េរិក និង​សមត្ថភាព​រក្សា​ទឹក​អាច​ស្រោចស្រព​ផ្ទៃដី​ស្រែ​ទាំង​ប្រាំង និង​វស្សា​សរុប​ប្រមាណ​ជាង ១.០០០ ហិកតា ស្ថិតក្នុង​ភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម​នោះ គឺ​ស្ថាបនា​បាន​ចំនួន​ជាង ៩០ ភាគរយ​ហើយ​។​

​លោក អ៊ី កុក​គង់ មេឃុំ​ព្រែក​ក្របៅ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ចុង​សប្តាហ៍​កន្លងទៅ​ថា មកដល់​ថ្ងៃទី ១៩ ឧសភា ២០១៩​នេះ ទំនប់​បង្ហៀរ​ក្តាត់​ប្រវែង ៨០​ម៉ែត្រ ដែលមាន​ខ្នង​លើ​ទំហំ​ទទឹង ៤​ម៉ែត្រ និង​ជើង​ក្រោម ៦,៥០​ម៉ែត្រ រួមជាមួយ​ទ្វារ​ទឹក​ចំនួន​មួយកន្លែង​នោះ​សាងសង់​ជិត​បានសម្រេច​ហើយ​។​

​លោក​មេឃុំ​ដែលជា​ប់​លេខ​១ ក្នុង​ការដឹង​នាំ​ចលនា​ប្រឡងប្រណាំង​ផ្តល់​សេវា​ឃុំ​សង្កាត់​ល្អ​ប្រចាំឆ្នាំ​២០១៨​កន្លងមក​នោះបាន​ឲ្យ​ដឹង​ទៀតថា ចំណែក​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង ៦៥០ ម៉ែត្រ​ដែល​បាន​ត​ភ្ជាប់​ក្បាល​ទំនប់​ទាំងសងខាង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​រវាង​ទំនប់​មួយ​នេះ​ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​៧០ នោះ​ក៏​ជិត​រួចរាល់​ដែរ​ពោល គឺ​នៅសល់​ការងារ​ប្រមាណ​១០ ភាគរយ​ទៀត​ប៉ុណ្ណោះ​។​

​លោក កុក​គង់ បាន​ឲ្យ​បន្ថែមថា ក្រោយពី​ស្ថាបនា​ទំនប់​បង្ហៀរ និង​ផ្លូវ​នេះហើយ​យើង​នឹង​ដាំ​ដើម​ស្បូវ​ដែល​ធន​នឹង​ទឹក និង​ដើមឈើ​ចំនួន ៥.០០០ ដើម នោះ​តាម​បណ្តោយ​ជើង​ទំនប់ និង​ផ្លូវ​ប្រយោជន៍​ដើម្បី​ថែរក្សា​ការពារ​ពី​ការហូរ​ច្រោះ​ពី​ទឹកជំនន់ និង​ទឹកភ្លៀង ពិសេស​ដើម្បី​លើក​សោ​ភ័​ណ្ឌ​ភាព​តំបន់​ទំនប់​ក្តាត់ អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ទៅលេង​កម្សាន្ត​។

​គួររំលឹកថា ទំនប់​បង្ហៀរ​ក្តាត់ និង​ផ្លូវ ជា​ប្រព័ន្ធធារាសាស្ត្រ​ខាងលើនេះ គឺ​ទទួលបាន​ថវិកា​ជំនួយ​របស់​អង្គការ​ស្ពាន​ហូ​ឡង់​ចំនួន ១០​ម៉ឺន​ដុល្លារ​អាម៉េរិក និង​ថវិកាបដិភាគ​របស់​ស​ប្បុរ​សជន​ជាច្រើនរូប​ចំនួន ពីរម៉ឺន​ដុល្លារ​អាម៉េរិក​បានចាប់ផ្តើម​ស្ថាបនា​សាងសង់​កាលពីដើម​ឆ្នាំ​២០១៩​នេះ​។​

​ទំនប់​ខាងលើនេះ​ពេល​ស្ថាបនា​ហើយ​នោះ នឹងមាន​សមត្ថភាព​ស្រោចស្រព​ដល់​ដំណាំ​ស្រូវប្រាំង និង​វស្សា​សរុប​ប្រមាណ ១.០០០ ហិកតា និង​ថែរក្សា​ព្រៃ​លិច​ទឹកជា​ជម្រក​ត្រី​ពង​កូន​ឲ្យ​នៅ​គង់វង្ស គឺ​បម្រើ​ដល់​ប្រជាពលរដ្ឋ​ជុំវិញ​នេះ​ចំនួន ៧​ភូមិ​: ភូមិ​អណ្តូង​តា​អុង​, ភូមិ​អូរ​កណ្តោល ភូមិ​ព្រែក​ក្របៅ ភូមិ​ពាម​ក្នុង ភូមិ​ចម្ការឪឡឹក ភូមិ​ទឹក​ចេញ និង​ភូមិ​អណ្តូង​ដៃ​៕ ល​

#