ប្រព័ន្ធ​ទឹកស្អាត​នៅ​ស្រុក​កងមាស គ្របដណ្តប់​ឃុំ​ចំនួន​១១ ប៉ុន្តែ​ប្រជាពលរដ្ឋ​សុំ​បញ្ចុះតម្លៃ​សេវា​

570
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: បណ្តាញ​ប្រព័ន្ធ​ទឹកស្អាត​បាន​គ្រប់​ដណ្តប់​គ្រប់ទិសទី នៅក្នុង​ស្រុ​ល​កងមាស​ពោល គឺ​គ្រប់​ឃុំ​ទាំង ១១ របស់​ស្រុក​មួយ​នេះ ដោយមាន​សេវាករ​បាន​បន្តាក់​គ្នា​រាយ​កប់​ក្រោម​ដី​នូវ​ប្រព័ន្ធ​ទុយោ​ដល់​តំបន់​ជនបទ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាគច្រើន​មិន​លទ្ធភាព​ភ្ជាប់​សេវា​ទឹក​នេះ​ប្រើប្រាស់ ព្រោះតែ​តម្លៃ​ថ្លៃ គឺ​សំណូមពរ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជួយ​អន្តរាគមន៍​ទៅ​សេវាករ​បញ្ចុះតម្លៃ​ឲ្យ​បាន​សមរម្យ​ម​។​

​លោក មឿ​ន ផា អភិបាលស្រុក​កងមាស​ប្រាប់​ឲ្យ​ដឹង​នៅពេល​ថ្មីៗ​នេះ​ថា បច្ចុប្បន្ន​ស្រុក​កងមាស​មាន​សេវាករ​ជា​អ្នក​ផលិត​ទឹកស្អាត​សម្រាប់​លក់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​គ្រប់​តំបន់​។ ក្នុងនោះ​មាន​ក្រុមហ៊ុន​មាន​ទីតាំងនៅ​ឃុំ​ពាមជីកង​, ក្រុមហ៊ុន​មាន​ទីតាំងនៅ​ឃុំ​ព្រែក​ក្របៅ និង​មួយទៀត​ក្រុមហ៊ុន​មាន​ទីតាំងនៅ​ឃុំ​រកា​គយ​។​

​លោក​អភិបាលស្រុក​បាន​ឲ្យ​ដឹង​ទៀតថា ចំណែក​ភូមិ​ចំនួន ពីរ ខាង​ឃុំ​រកា​គយ គឺ​សម្រេច​ត​ភ្ជាប់​ប្រព័ន្ធ​ទុយោ​ទឹកស្អាត​ពី​ខាង​ស្រុក​កំពង់សៀម​, ចំនួន ពីរ​ភូមិ​ដែរ​របស់​ឃុំ​ព្រែក​ក្របៅ បាន​ត​ភ្ជាប់​ពី​ខាង​ស្រុក​ព្រៃឈរ និង​ចំនួន បួន ភូមិ​របស់​ឃុំ​ព្រែកកុយ បាន​ត​ភ្ជាប់​ពី​ខាង​ស្រុក​មុខកំពូល ខេត្តកណ្តាល​។ ដោយ​ក្នុងតម្លៃ​មួយ​ម៉ែត្រគូប​ពី ១.៩០០ ទៅ​ជាង ២.០០០ រៀល និង​តម្លៃ​ភ្ជាប់​សេវា​មួយ​កុង​ទ័​រ​ចំនួន ២៦​ម៉ឺន​រៀល​។​

​អ្នកស្រី សុខ ធី វ័យ ៥៨ ឆ្នាំ​ជា​ប្រជា​ពលរ​ដេ្ឋ​រស់នៅ​ភូមិ​ទួល​បី ឃុំ​រាយប៉ាយ ស្រុក​កងមាស​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១០ ឧសភា ២០១៩ ថា គ្រួសារ​អ្នកស្រី​ដែលមាន​សមាជិក​ចំនួន ៧​នាក់ បានចាប់ផ្តើម​សាកល្បង​ប្រើប្រាស់​បណ្តាញទឹក​ស្អាតរ​បស់​ក្រុមហ៊ុន​ឯកជន​ចំនួន មួយ ខែ​ហើយ​អស់​ទឹក​ចំនួន ៦​ម៉ែត្រ​បង់​សេវា​សរុប​ចំនួន ១៥.០០០ រៀល គឺ​គេ​គិត​តម្លៃ​មួយ​ម៉ែត្រគូប ២.៥០០ រៀល​។​

​អ្នកស្រី​បាន​បន្តថា ប្រើប្រាស់​ចំនួន ៦​ម៉ែត្រគូប​ក្នុង​មួយខែ​នេះ គឺ​សម្រាប់តែ​ផឹក​ទទួលទាន​ប្រចាំ និង​ដាំ​ស្ល​ប៉ុណ្ណោះ ហើយ​មួយចំនួន​បាន​រំលែក​ឲ្យ​អ្នកជិតខាង ដែល​នៅ​មិនទាន់បាន​ភ្ជាប់​បណ្តាញ​ទឹកស្អាត​សម្រាប់​ផឹក​។ ចំណែក​សម្រាប់​ងឹ​ត និង​ទឹក​សម្រាប់​សត្វ​គោក្របី​ផឹក​គឺ​ទឹក​ព្រែក​ខាងមុខ​ភូមិ​។​

​អ្នកស្រី ហៃ សុខលី ជា​ស្ត្រី​ម្នាក់ទៀត​នៅ​ភូមិ​ទួល​បី​ដែរ​បាន​និយាយថា សម្រាប់​គ្រួសារ​អ្នកមាន​សមាជិក​ចំនួន ៧​នាក់ ដែល​មិនទាន់​លទ្ធភាព​ភ្ជាប់​បណ្តាញ​ទឹកស្អាត​របស់​ក្រុមហ៊ុន​ឯកជន​ប្រើប្រាស់​ទេ​។ ដោយ​សព្វថ្ងៃ​បាន​ទិញ​ទឹកស្អាត​អ្នកភូមិ​លក់​ឲ្យ​មួយ​ពាង​ចំនួន ២.០០០ រៀល​។ ប៉ុន្តែ​អ្នក​សុំ​ឲ្យ​ក្រុមហ៊ុន​ទឹកស្អាត​ជួយ​បញ្ចុះតម្លៃ​ពីមួយ​ម៉ែត្រគូប ២.៥០០ រៀល មក​នៅត្រឹម ១.៥០០ រៀល ហើយ​ថ្លៃ​ភ្ជាប់​សេវា​ពី ២៦០.០០០ រៀល​ក្នុង​មួយ​កុង​ទ័​រ មក​នៅត្រឹម ១០០.០០០ រៀល​បាន​ហើយ គឺមាន​អ្នកប្រើប្រាស់​ច្រើន​។​

​លោក ពូន រុន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ជុំវិញ​បញ្ហា​តម្លៃ​សេវា​ទឹក និង​តម្លៃ​ភ្ជាប់​សេវា​ភ្ជាប់​បណ្តាញទឹក​ប្រើប្រាស់​នេះ គឺ​ខាង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ជា​អ្នកកំណត់ ក្រោយពី​ចុះ​សិក្សា​វាយតម្លៃ​ជាក់ស្តែង​នោះ​។ ពិសេស​តាមច្បាប់​តម្លៃ​ភ្ជាប់​សេវា​មួយ​កុង​ទ័​រត​ម្លៃ ២៩០.០០០ រៀល​។ ចំណែក​តម្លៃ​សេវា​គណនា​តាម​តម្លៃ​ចែក នៃ​ចម្ងាយ​សេវា​រាយ​ប្រព័ន្ធ​ទុយោ​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ជាក់ស្តែង​ខាង​ឃុំ​រាយប៉ាយ ស្រុក​កងមាស​នេះ គឺ​សេវាករ​ក្រុមហ៊ុន​ទឹកស្អាត​បាន​ចំណាយ​ទុន​រាយ​ទុយោ​ពី​ស្ថានីយ៍​ចម្ងាយ ២៥ គីឡូម៉ែត្រ ប៉ុន្តែ​លទ្ធផល​អតិថិជន​ភ្ជាប់​បណ្តាញ​ប្រើប្រាស់​បាន​ចំនួន​ជាង ២០ ខ្នង​ផ្ទះ​ប៉ុណ្ណោះ​។​

​លោក ពួន រុន បាន​បន្តថា ឆ្លងតាម​ការធ្វើ​មធ្យមភាគ​កាលពី​ឆ្នាំ​២០១៨ ខេត្តកំពង់ចាម​មានប​ណ្តា​ញ​ប្រើប្រាស់​ទឹកស្អាត​ប្រមាណ​ជាង ២១ ភាគរយ ពិសេស​តំបន់​ទីប្រជុំជន​។ ប៉ុន្តែ​យើង​មាន​សេវាករ​ជា​ដៃគូ​វិនិយោគ​គ្រប់​ទាំង​១០​ស្រុក​ក្រុង គឺ​ពួកគាត់​បានដាក់​ពាក្យ​ដំណើរការ​ភ្ជាប់​បណ្តាញ លែង​តែ​នៅ​ឃុំ​ទួល​សំបួរ និង​ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹងត្រង់​ប៉ុណ្ណោះ​នៅ​មិនទាន់​បានដាក់​ពាក្យសុំ​ធ្វើ​អាជីវកម្ម​ទឹកស្អាត​នោះ​៕

#