ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​របស់​រុស្ស៊ី S-400 SAM គួរឱ្យខ្លាច​កម្រិតណា​?

663

​ស្ថិត​ក្នុងចំណោម​ការគំរាមកំហែង​ពី​ដី​ទៅ​អាកាស ដែល​ទ័ពអាកាស​របស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​នៅ​ស៊ី​រី កំពុង​ប្រឈម គឺ ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល S-400 SAM របស់​រុស្ស៊ី ដែល​ក្នុងស្រុក​ភាគច្រើន​ស្គាល់​ថា “Triumf” និង ណា​តូ​ស្គាល់​ថា SA-21 “Growler” ដែល​វា​ជា​ប្រព័ន្ធ​ការពារ​អាកាស​មាន​សម​ត្ថ​ភាព​ខ្ពស់បំផុត​និង​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​បំផុត នៅលើ​ផែនដី​។​

​ជាការ​ឆ្លើយតប​ទៅនឹង​ការបាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី Su-24M ដោយ​យន្តហោះ F-16C របស់​តួ​ក​គី​កាលពី​ថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ​២០១៥ រុស្ស៊ី​បានប្រកាស​ផ្លាស់ប្តូរ​មួយចំនួន​ក្នុង​បទបញ្ជា​កងកម្លាំង​ទ័ពអាកាស​ខ្លួន​នៅ​ស៊ី​រី ៖ ទីមួយ​គឺ រាល់​វាយប្រហារ​ជើងគោក​ទាំងអស់​នឹងត្រូវ​មាន​យន្តហោះ​ចម្បាំង​មួយ​អម​ជាមួយ​ដែរ និង​ទី​ពីរ ជើង​ទម្រ​ការពារ​ដែនអាកាស​នឹង​ជា​ជើង​ទម្រ S-400 ជាមួយ​បទបញ្ជា​វាយ​រាល់​យន្ត​ហោះណា​ដែល​ត្រូវបាន​ចាត់ទុកថា​បង្ក​អរិភាព​ដល់​ប្រតិបត្តិការ​តាម​ជើង​អាកាស​របស់​រុស្ស៊ី​។​

​អភិវឌ្ឍ​ដោយ​ការិយាល័យ​រចនា​ម៉ូត​សព្វាវុធ​របស់​ក្រុមហ៊ុន​រដ្ឋ Almaz-Antey ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល SA-21 បានចាប់ផ្តើម​បម្រើការ​ជាមួយ​យោធា​រុស្ស៊ី​តាំងពី​ឆ្នាំ ២០០៧​។ ប្រព័ន្ធ​នេះ​មាន​សមត្ថភាព​បំផ្លាញ​គោលដៅ​នៅលើ​អាកាស​នៅ​ចម្ងាយ ៤០២ គីឡូម៉ែត្រ នៅ​ល្បឿន​ដ៏​លឿន​មិនគួរ​ឱ្យ​ជឿ​។

​ដូច្នេះ​តើ​ប្រព័ន្ធ​នេះ​មានន័យ​យ៉ាងដូចម្តេច​ចំពោះ​កងទ័ពអាកាស​របស់​ក្រុមចម្រុះ​? លោក​ថៃ​សុន វេត​សែ​ល និស្សិត​ចប់​ការសិក្សា​និង​ជា​អតីត​អ្នក​បង្ហាត់បង្ហាញ​នៅ​សាលា​សព្វាវុធ​កងទ័ពអាកាស​អាមេរិក និយាយថា ប្រព័ន្ធ SA-21 គឺជា​ពិតជា​គួរឱ្យខ្លាច​ណាស់ ហើយ​បើ​ពិចារណា​អំពី​ទីតាំង​របស់​វា​នៅ​មូលដ្ឋាន​ទ័ពអាកាស​មេ​មីន ក្បែរ​ទីក្រុង​ឡា​តា​គា គឺ​វា​អាច​គ្របដណ្តប់​គ្រប់​ចំណុច​ទាំងអស់​នៅ​ភាគ​ខាងកើត​ស៊ី​រី​។

​នេះ​ក៏មាន​ន័យ​ដែរ​ថា រាល់​ទីតាំង​ទ័ពអាកាស​របស់​អាមេរិក​និង​ក្រុមចម្រុះ គឺ​ស្ថិតក្រោម​ការវាយប្រហារ​របស់​ប្រព័ន្ធ SA-21 ទាំងអស់​៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​របស់​រុស្ស៊ី S-400 SAM ឬ ហៅថា SA-21