ប្រព័ន្ធ​ប្រឡាយ​-​លូ ជា​សរសៃឈាម​យ៉ាងសំខាន់ ដើម្បី​រំដោះ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រាជធានី​ភ្នំពេញ​

1405
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចាត់ទុក​ប្រព័ន្ធ​ប្រឡាយ​-​លូ ជា​សរសៃឈាម​យ៉ាងសំខាន់ ដើម្បី​រំដោះ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រាជធានី​ភ្នំពេញ​នា​រដូវវស្សា​នេះ​ដូច្នេះ​នៅពេលនេះ​ការបន្ត​ស្តារ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ប្រឡាយ​-​លូ នៅតែ​ជា​អាទិភាព​ចម្បង​របស់​រាជធានី​ភ្នំពេញ ។
​ថ្មីៗ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ ជាមួយ​មន្ទីរជំនាញ អាជ្ញាធរ​ខណ្ឌ ដើម្បី​ត្រួតពិនិត្យ​ការងារ​ដែល​បាន​ដាក់ឱ្យអនុវត្ត​ឡើងវិញ​ស្ដីពី​ការត្រួតពិនិត្យ​ប្រព័ន្ធ​ប្រឡាយ​-​លូ និង​បញ្ហា​ការ​ជន់​លិច​តំបន់​មួយចំនួន ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ ក្រោម​អធិបតី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​
​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​ជា​វិធានការ​ដើម្បី​ដោះស្រាយ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​តែងតែ​ជួបប្រទះ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​កន្លងមក​នោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​កំពុង​រិះរក​វិធីសាស្ត្រ​សម្រាប់​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា និង​បញ្ជៀ​ស​ឱ្យបាន​នូវ​បញ្ហា​ទាំងនោះ (​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​) ទាំង​ពេលបច្ចុប្បន្ន និង​អនាគត ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​ខាងលើ ។ ក្នុងនោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច បង្កើត​ឲ្យ​មាន​ការចុះពិនិត្យ និង​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​-​លូ ទាំង​ប្រាំពី​សង្កាត់ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​, ការបង្កើន​សមត្ថភាព​បូម​របស់ ស្ថានីយ៍​បូមទឹក​បឹងទំពុន​,​ការសាងសង់​ស្ថានីយ៍​បូម​ទឹកលូ​ប្រាំ​, ការងារ​ស្តារ​ប្រឡាយ​បឹង​សាឡាង ប្រឡាយ​បឹងទំពុន និង​ប្រឡាយ​ស្ទឹងមានជ័យ ដើម្បី​ធានា​មិនអោយ​មានការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នា​រដូវវស្សា ដែល​កំពុង ចាប់ផ្ដើម​មកដល់​នេះ ។​
​មន្ត្រី​ជំនាញ​បន្តទៀតថា​៖​ចាប់ពីពេលនេះ​ទៅមុខ​គម្រោង​ស្តារលូ និង​ការងារ​ជួសជុល​អណ្តូង​លូ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ រួមមាន ៖ ការងារ​ជួសជុល​អណ្តូង​លូ គម្រប​លូ ចំនួន ១៥៨​កន្លែង ស្តារលូ ផ្លូវ​សរុប​ចំនួន​៨៩​ខ្សែ ប្រវែង​សរុប​ចំនួន​៤៣,៨០០ ម៉ែត្រ ។​ដោយ​មានការ​សំណូមពរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​តំបន់​ស្ទឹងមានជ័យ ដែល​ទទួលរង​ការ​ជន់​លិច​ទឹកជំនន់​ទឹកភ្លៀង និង​ប្រព័ន្ធ​លូបង្ហូរទឹក​មាន​សភាព​ចាស់​ផង​នោះ​។​
​រដ្ឋបាល​រាជធានី​កំពុងតែ​យកចិត្តទុកដាក់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យទាន់​ពេលវេលា ដែល​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ស្ទឹងមានជ័យ តំបន់​សឡា ទីលាន​ចាក់សំរាម​ស្ទឹងមានជ័យ​ចាស់ តំបន់​ស្ទឹងមានជ័យ បឹង​ក្រពើ បឹងទំពុន​ទី​១ បឹងទំពុន​ទី​២ ប្រឡាយ​ដើម​ស្លែង ប្រឡាយ​ស្ទឹងមានជ័យ​។ កិច្ចការងារ​មួយ​នេះ​ត្រូវតែ​ចុះ​ពិនិត្យ​និង​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​លូ​ទាំងអស់​ឱ្យទាន់​ពេលវេលា​ដែល​រដូវវស្សា​កំពុងតែ​ចាប់ផ្ដើម​មកដល់​ដើម្បី​ឆ្លើយតប​តាម​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​សំណូមពរ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕