ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ពន្លះ​សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​ត្រាំ​គំរាម​

4360
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​នៅ​ថ្ងៃ​ចន្ទ ទី​២៦ សីហា​នេះ បាន​ពន្លះ​សហរដ្ឋអាមេរិក​បន្ទាប់​ពី​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បានប្រកាស​ពន្ធ​បន្ថែម​លើ​ទំនិញ​ពី​ប្រទេស​ចិន​ហើយ​បាន​វាយប្រហារ​ពាក្យសម្តី​ខ្លាំងៗ​ដាក់​ចិន​និង​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាម៉េរិក​ស្វែងរក “​ជម្រើស​ផ្សេង​” ក្រៅពី​ចិន​។​

​កាសែត​ផ្លូវការ China Daily បាន​និយាយ​នៅក្នុង​បទ​វិចារណកថា​មួយ​ថា​ទីក្រុង​វ៉ាស៊ីនតោន​នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​គ្រប់គ្រង​ជោគវាសនា​របស់​ប្រទេស​ចិន​ឡើយ​។​

​កាសែត​ជា​ភាសា​អង់គ្លេស​នេះ​បាន​សរសេរ​ក្នុង​ប​វិចារណកថា​នោះ​ថា “​វា​បានបង្ហាញ​យ៉ាងច្បាស់​ថា​សង្គ្រាម​ពន្ធ​របស់​រដ្ឋបាល​រប​ស់​គាត់​ប្រឆាំងនឹង​ចិន​គឺមាន​ហេតុផល​នយោបាយ​។ អ្វីដែល​ទីក្រុង​វ៉ាស៊ីនតោន​ចង់បាន​ពី​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់ខ្លួន​គឺ ចង់ឱ្យ​ដៃគូ​រីករាយ​ដើរតួ​ជា​អ្នក​សំខាន់​ទី​ពីរ​រហូត និង​ធ្វើ​អ្វីៗ​តាមតែ​ការទាមទារ​របស់គេ (​អាម៉េរិក​)​។ វ៉ាស៊ីនតោន​បាន​ចាត់វិធានការ​ម្តងទៀត​ដើម្បី​បង្កើន​ការប្រយុទ្ធ​ដោយ​សង្ឃឹមថា​ប៉េកាំង​នឹង​បោះ​កន្សែងស​ចុះចាញ់​ឱ្យបាន​ឆាប់​។ ប៉ុន្តែ​ប៉េកាំង​ចាត់ទុក​សង្គ្រាម​ពាណិជ្ជកម្ម​ថា​ជាការ​សាកល្បង​សមត្ថភាព​របស់​ចិន ដែល​មិនអាច​ចៀសផុត​បាន ដែល​ទីបំផុត​ចិន​នឹង​បង្ហាញ​ជា​អ្នកខ្លាំង​ជាង​”​។​

​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​ទាំងពីរ​នៅលើ​ពិភពលោក​បាន​ជាប់គាំង​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ជូរចត់ ដែល​បានឃើញ​ពួកគេ​ដំឡើង​ពន្ធគយ​លើ​ការនាំចេញ​របស់​គ្នា​ទៅវិញទៅមក​។​

​លោក​ត្រាំ​បានប្រកាស​ពន្ធ​បន្ថែម​លើ​ទំនិញ​គោលដៅ​របស់​ចិន​តម្លៃ​សរុប ៥៥០ ពាន់​លាន​ដុល្លារ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ចិន​បានបង្ហាញ​ពន្ធ​សងសឹក​លើ​ទំនិញ​អាម៉េរិក​តម្លៃ ៧៥ ពាន់​លាន​ដុល្លារ​។​

​ទោះយ៉ាងណា លោក​ត្រាំ​កាលពី​ថ្ងៃអាទិត្យ​ហាក់​បង្ហាញ​ការដកថយ​ការ​គំរាម​របស់គាត់​ក្នុងការ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាម៉េរិក​ទាំងអស់​ដកចេញ​ពី​ចិន​។​

​កាសែត Global Times ដែល​គេ​អាន​ច្រើន​បំផុត​និង​បោះពុម្ពផ្សាយ​ដោយ​កាសែត People’s People’s Daily របស់​គណបក្ស​កុម្មុយនីស្ត​កាន់អំណាច បាន​និយាយថា ការចាកចេញ​ពី​ទីផ្សារ​ប្រទេស​ចិន​នឹង​ក្លាយជា​ការធ្វើអត្តឃាត​សម្រាប់​ក្រុមហ៊ុន​អាម៉េរិក​ជាពិសេស​សម្រាប់​ក្រុមហ៊ុន​រថយន្ត​។​

​កាសែត​នេះ​បាន​និយាយ​ក្នុង​បទ​វិចារណកថា​របស់ខ្លួន​ថា “​ក្រុមហ៊ុន​អាម៉េរិក​ត្រូវបាន​ស្វាគមន៍​ក្នុងការ​វិនិយោគ​និង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ទីផ្សារ​ប្រទេស​ចិន ប៉ុន្តែ​ប្រសិនបើ​ក្រុមហ៊ុន​អាម៉េរិក​មួយចំនួន​ចង់​គោរព​តាម​បទបញ្ជា​របស់លោក​ត្រាំ​និង​ចូលរួម​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ទីក្រុង​វ៉ាស៊ីនតោន លទ្ធផល​គឺ​ក្រៀមក្រំ​។ ការសម្រេចចិត្ត​បោះបង់ចោល​ទីផ្សារ​ចិន​គឺ​គ្រាន់តែ​ជាការ​ធ្វើអត្តឃាត​ប៉ុណ្ណោះ​”​។

​សង្គ្រាម​ពាណិជ្ជកម្ម​បានធ្វើឱ្យ​ខូចខាត​ដល់​កំណើនសេដ្ឋកិច្ច​ពិភពលោក ធ្វើឱ្យ​សម្ព័ន្ធមិត្ត​ខកចិត្ត និង​បង្ក​ការភ័យខ្លាច​ដល់ទី​ផ្សារ​ថា​សេដ្ឋកិច្ចពិភពលោក​នឹង​ធ្លាក់​ក្នុង​វិបត្តិ​។​

​ភាគហ៊ុន​នៅ​អាស៊ី​បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​សីហា ខណៈ​ព្រឹត្តិការណ៍​ចុងក្រោយ​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាម៉េរិក​ធ្វើឱ្យ​ស្រុតចុះ​ទំនុកចិត្ត​លើ​សេដ្ឋកិច្ចពិភពលោក​និង​បាន​បញ្ជូន​វិនិយោគិន​ទៅរក​កន្លែង​វិនិយោគ​ដែលមាន​សុវត្ថិភាព​គឺ​សញ្ញា​បណ្ណ​និង​មាស ខណៈ​ទីផ្សារ​រូបិយ​បណ្ណ​កំពុង​រង្គោះរង្គើ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​បានប្រកាស​ពន្ធ​បន្ថែម​លើ​ទំនិញ​គោលដៅ​របស់​ចិន​តម្លៃ​សរុប ៥៥០ ពាន់​លាន​ដុល្លារ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន
#