ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ស្វាគមន៍​ការផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​បន្ថែម​រវាង​អាមេរិក​និង​ចិន​ដោយ​ប្រយ័ត្នប្រយែង​

851
ចែករម្លែក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនកាលពីថ្ងៃចន្ទទី៣ធ្នូ បាននិយាយថាការផ្អាកសង្រ្គាមពាណិជ្ជកម្មដែលមានការព្រមព្រៀងរវាងមេដឹកនាំចិននិងអាមេរិកកាលពីចុងសប្តាហ៍ អាចជួយអោយប្រទេសមហាអំណាចទាំង២ដោះស្រាយការខ្វែងគំនិតគ្នាដោយមេត្រីភាព តែភាពល្អប្រសើរឡើងវិញទំនាក់ទំនងរវាងប្រទេសទាំងពីរដោយឋិតថេរនឹងអាស្រ័យលើភាពស្មោះត្រង់របស់អាមេរិក។

ស៊ីនិងត្រាំព្រមព្រៀងផ្អាកការបន្ថែមសង្រ្គាមពាណិជ្ជកម្មរយៈពេល៣ខែ និងផ្តោតលើការចរចារកច្រកចេញនៅក្នុងការប្រឈមមុខពាណិជ្ជកម្មរវាងប្រទេសផងគេ

ចិននិងអាមេរិកបានព្រមព្រៀងបញ្ឈប់ការដំឡើងពន្ធសងសឹកលើទំនិញផងគ្នាបន្ថែមនៅក្នុងអំឡុងកិច្ចពិភាក្សារវាងប្រធានាធិបតីចិន ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ នៅអាហ្សង់ទីនកាលពីថ្ងៃសៅរិ៍ ក្រោយពីប្រឈមមុខគ្នារាប់ខែមកហើយអំពីពាណិជ្ជកម្មនិងបញ្ហាដទៃទៀត។

នៅក្នុងជំនួបជិត២ម៉ោងកន្លះ អាមេរិកបានយល់ព្រមមិនដំឡើងពន្ធបន្ថែមលើទំនិញចិននៅថ្ងៃ០១មករាឆ្នាំក្រោយដូចតាមការគំរាមធ្វើពីមុន ខណៈចិនបានយល់ព្រមទិញផលិតផលកសិកម្មច្រើនឡើងពីអាមេរិក។

ភាគីទាំង២ក៏បានព្រមព្រៀងចាប់ផ្តើមពិភាក្សារកវិធីដោះស្រាយបញ្ហាជាការព្រួយបារម្ភ រួមមានការការពារកម្មសិទ្ធិបញ្ញា របាំងមិនពន្ធគយនិងចោរកម្មអ៊ិនធឺណិត។

តែបទវិវារណាកថាមួយក្នុងកាសែត China Dailyបានព្រមានថាខណៈដែល «កុងសង់ស៊ីសថ្មី»ជាការវិវឌ្ឍគួរអោយស្វាគមន៍មួយ និងផ្តល់អោយភាគីទាំងពីរនូវ«ពេលដកដង្ហើម»សំរាប់ដោះស្រាយការខ្វែងគំនិតគ្នា វាមិនមាន«ដំបងទិព្វ»ណាដែលនឹងអនុញ្ញាតអោយទុក្ខសោកនេះរលាយបាត់ភ្លាមៗទេ។

វាបាននិយាយថា« ដោយឈរលើភាពស្មុគស្មាញនៃអន្តរសកម្មរវាងសេដ្ឋកិច្ចទាំង២ ពិភពលោកនឹងនៅតែបារម្ភខ្វល់ខ្វាយរង់ចាំមើលដដែល»។

នៅក្នុងអត្ថាធិប្បាយដាច់ដោយឡែកមួយកាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បាននិយាយថា កុងសង់ស៊ីសថ្មី«បង្ហាញថាដរាបណាភាគីទាំងពីរមានភាពស្មោះត្រង់នឹងគ្នា វានឹងមានច្រកចេញ»។

វាអំពាវនាវអោយភាគីទាំងពីរចាត់វិធានការភ្លាមដើម្បីដោះស្រាយការព្រួយបារម្ភនិងនាំទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចវិលមកភាពប្រក្រតី តែបានព្រមានថានៅមាន«ផ្លូវត្រូវដើរវែងឆ្ងាយទៅមុខទៀតមុនអ្វីមួយជាដុំកំភួនអាចសំរេចឡើង»។

ចំណែកសារព័ត៌មាន Global Timesរបស់បក្សកុំម្មុយនីស្ត បានព្រមានប្រជាជនត្រូវមានការរំពឹងទុកដោយដោយប្រាកដនិយម គឺ«ប្រជាជនចិនត្រូវដឹងថាការចរចាពាណិជ្ជកម្មចិន-អាមេរិកប្រែប្រួលម្តងដូច្នេះ ម្តងដូច្នោះ។កំណែទំរង់និងការបើកចំហរបស់ចិនដឹងថាផ្នែកផ្សេងនៃពិភពលោកធ្វើរឿងផ្សេងគ្នា»។

សេតវិមានបាននិយាយថា ចិនបើកចំហចំពោះការអនុម័តលើកិច្ចព្រមព្រៀងដែលពីមុនមិនត្រូវបានអនុម័តសំរាប់ក្រុមហ៊ុន Qualcomm Incរបស់អាមេរិកបើសិនជាវាត្រូវបានដាក់ស្នើជាថ្មី។

កាលពីខែកក្កដា Qualcomm ដែលជាក្រុមហ៊ុនផលិតឈីបស្មាតហ្វូនធំបំផុតក្នុងលោក បានដើរចេញពីកិច្ចព្រមព្រៀងតំលៃ៤៤ពាន់លានដុល្លារដើម្បីទិញក្រុមហ៊ុនNXPក្រោយពីមិនបានការយល់ព្រមពីចិន៕ដោយ:វាសនា